(សៀមរាប)៖ សន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ត្រូវធានាបានយ៉ាងល្អប្រសើរ ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ ថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣។ នេះបើតាមរបាយការណ៍វាយតម្លៃរបស់លេខាធិការដ្ឋាន គណៈបញ្ជាការការពារព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣។

របាយការណ៍បានបញ្ជាក់យ៉ាងដូច្នេះថា «ផ្អែកលើសភាពការណ៍ និងលទ្ធផល នៃកិច្ចប្រតិបត្តិការសម្រាប់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣នេះ ពិនិត្យឃើញថា សមត្ថកិច្ចពាក់ព័ន្ធ បានសហការការពារសន្តិសុខ និងរៀបចំសណ្តាប់ធ្នាប់នៅគ្រប់ទីតាំងប្រារព្ធពិធីបានយ៉ាងល្អប្រសើរ ជាពិសេសបានការពារសុវត្ថិភាពជូនថ្នាក់ដឹកនាំជាន់ខ្ពស់ រួមទាំងប្រជាពលរដ្ឋដែលមកទស្សនាកម្សាន្ដ ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៣នេះ ប្រកបដោយស្មារតីម្ចាស់ការ និងមនសិការវិជ្ជាជីវៈខ្ពស់»។

ទោះយ៉ាងណា ហេតុការណ៍វង្វេងសាច់ញាតិដែលកើតឡើងនៅថ្ងៃនេះ គឺជាពិសោធន៍សម្រាប់សមត្ថកិច្ច ពាក់ព័ន្ធត្រូវបង្កើនទំនាក់ទំនងជូនព័ត៌មានគ្នាទៅវិញទៅមកនៅគ្រប់គោលដៅ និងពង្រឹងវិធានការផ្សព្វផ្សាយជូនប្រជាពលរដ្ឋ ដែលមកចូលរួមកម្សាន្ដឲ្យបង្កើនស្មារតីប្រុងប្រយ័ត្នខ្ពស់។

នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានប្រចាំការជាប់ជាប្រចាំ នៅបន្ទប់ត្រួតពិនិត្យកាមេរ៉ាសុវត្ថិភាពដែលបានបំពាក់នៅតាមទីតាំងសំខាន់ៗ ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ដនេះ ជាមួយថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីតាមដានសភាពការណ៍ សន្ដិសុខ សណ្ដាប់ធ្នាប់ និងដឹកនាំបញ្ជាឲ្យផ្ទាល់។

សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតិឲ្យរៀបចំកម្មវិធីអង្គរសង្ក្រាន្ដឡើងវិញ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ នៅខេត្តសៀមរាប។ ដោយឡែក សម្រាប់តាមបណ្ដារាជធានី-ខេត្តផ្សេងៗទៀត ក៏បានរៀបចំសង្ក្រាន្ដរបស់ខ្លួនផងដែរ ដើម្បីបង្កលក្ខណៈសប្បាយរីករាយជូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ៕