(ស្វាយរៀង)៖ មិនខុសពីខេត្តដទៃដែរ រដ្ឋបាលខេត្តស្វាយរៀងក៏បានរៀបចំសង្ក្រាន្តខេត្តស្វាយរៀងដ៏ធំ ដែលមានការចូលរួមពីប្រជាពលរដ្ឋជាង១៤ម៉ឺននាក់ គិតត្រឹមថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣នេះ។ នេះបើតាមលោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង ដែលបានបញ្ជាក់ប្រាប់ Fresh News នាល្ងាចថ្ងៃទី១៤ មុននេះបន្តិច។
លោក តូច ប៉ូលីវ៉ា បានបញ្ជាក់ថា សង្ក្រាន្តស្វាយរៀងអបអរសាទរឆ្នាំថ្មីឆ្នាំនេះបានដំណើរការសម្រាប់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ គិតត្រឹមម៉ោង៥៖៤០នាទី មានអ្នកចូលរួមសរុបចំនួន១៤៤,២៤១នាក់។
លោកបានបន្តថា ចំពោះបញ្ហាសន្តិសុខ និងសណ្ដាប់ធ្នាប់ គឺបានប្រព្រឹត្តទៅប្រកបដោយភាពរលូន ក្រោមកិច្ចការពីសំណាក់កម្លាំងសមត្ថកិច្ច អាជ្ញាធរគ្រប់គោលដៅ ក្រោមការបញ្ជាផ្ទាល់ពីលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង។
លោកអភិបាលរងខេត្តបានបន្តទៀតថា ដោយសារមនុស្សច្រើនកុះករពេកក៏ធ្វើឱ្យមានមនុស្សដួលសន្លប់២នាក់ តែភ្លាមៗនោះកម្លាំងសមត្ថកិច្ច និងអាជ្ញាធរក៏បានអន្តរាគមន៍ជួយបញ្ជូនទៅកាន់មន្ទីរពេទ្យទាន់ពេលវេលាដែរ។
លោក តូច ប៉ូលីវ៉ា បានបញ្ជាក់ដែរថា ការរៀបចំនិងការចូលរួមកម្សាន្តក្នុងសង្ក្រាន្តស្វាយរៀងអបអរសាទរឆ្នាំថ្មីនេះ គឺបង្ហាញសុខសន្តិភាពពេញលេញរបស់ប្រទេសកម្ពុជា និងការអនុញ្ញាតរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានបើកឱ្យប្រជាពលរដ្ឋចូលរួមសប្បាយកម្សាន្តពេញផ្ទៃប្រទេស៕