(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រត្ន័ សណ្ដាប់ បានថ្លែងថាចំពោះមហាព្រឹត្តិការណ៍ខួបលើកទី១០ នៃអង្គរសង្រ្កាន្ត
ខេត្ដសៀមរាម ក៏ដូចជាព្រឹត្ដិការណ៍សង្រ្កាន្ដទាំងក្នុង និងក្រៅប្រទេស ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំថោះ ព្រះនាមកិមិរាទេវី ថ្ងៃទី១៤.១៥.១៦ ឆ្នាំ២០២៣ ដែលរៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា ស.ស.យ.ក. ជាកុលបុត្រកុលធីតាខ្មែរ
ហើយដែលសម្ដេចតេជោ ហ៊ុន សែន ផ្ដល់កិត្ដិយសដ៏ខ្ពង់ខ្ពស់បំផុត ប្រកាសបើកអង្គរសង្រ្កាន្ដ ប្រកបដោយបរិយាកាសសប្បាយរីករាយក្រៃលែងនិងប្រពៃថ្លៃថ្លានៅថ្ងៃនេះ។

គឺពិតជាបានបង្ហាញថាសម្ដេចតេជោ ហ៊ុន សែន ជានិមិត្ដរូបសន្ដិភាពអង្គរសង្រ្កាន្ដក្នុងសិលាចារឹកខ្មែរ នៃចក្រភពអង្គរដ៏ស្រស់បវរនៃយើង។

ពីព្រោះថាក្នុងទិដ្ឋភាពអង្គរសង្រ្កាន្ដ អបអរសាទរដែលមានការចូលរួមពីមហាជនទាំងជាតិនិងអន្ដរជាតិ ប្រកបដោយទឹកមុខញញឹមយ៉ាងស្រស់ស្រាយមានចំនួនរាប់សែននាក់ ដ៏សែនសប្បាយរីករាយនេះ គឺធ្វើឲ្យមានក្ដីរំភើបនឹកទៅដល់សិលាចារឹក K២៩១ នៅប្រាសាទភិមានអាកាស គ.ស.ឆ្នាំ៩១០នៃស.វ.ទី១០ មានចារឹកពាក្យ"សង្រ្កាន្ដ" ជាពេលវេលាដំណើរព្រះអាទិត្យគោចរពីរាសីមួយ ចូលរាសីមួយតាមតារាសាស្រ្ដ ហើយដែលសិលាចារឹកK៦០០ គ.ស.ឆ្នាំ៦១១ ខ្មែរបុរាណហៅថា"សក" ជាមហាសករាជ ឬមហាសង្រ្កាន្ដ គឺជាថ្ងៃបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរយើង តាំងពីសម័យបុរាណរៀងមក ។

ទន្ទឹមនឹងនេះ លោក រត្ន័ សណ្ដាប់ ក៏បានថ្លែងនូវអំណរសាទរផងដែរ ចំពោះយុវជនដែលជាកុលបុត្រកុលធីតាខ្មែរ សម័យតេជោ សន្ដិភាព ដែលបានរៀបចំអង្គរសង្រ្កាន្ដរហូតឈានដល់ការបំបែកកំណត់ត្រាពិភពលោក Guinness World Records ពីប្រទេសអង់គ្លេស គឺ"បេះដូងច្រើនជាងគេលើពិភពលោក" ដែលជាបេះដូងចម្រុះពណ៌ ពោរពេញដោយក្តីស្រឡាញ់ គឺមិនប្រកាន់វណ្ណះ ពូជសាសន៍ ពណ៌សម្បុរ និងជំនឿសាសនាអ្វីទ្បើយ។

ដូចនេះចំពោះអង្គរសង្ក្រាន្ត ដែលជាពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរទៅតាមទំនៀមទម្លាប់ ប្រពៃណីខ្មែរយ៉ាងសំបូរបែបនៅលើទឹកដីអច្ឆរិយអង្គរដ៏ស្រស់បវរដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងសប្បាយរីករាយនេះ គឺជាការធ្វើឲ្យរស់ទ្បើងវិញនូវសម្បត្ដិវប្បធម៌អរូបី និងរូបី ដែលជាការផ្សារភ្ជាប់ពីសង្រ្កាន្ដអតីត មកសង្រ្កាន្ដបច្ចុប្បន្ន និងទៅសង្រ្កាន្ដអនាគត តរៀងទៅ ៕