(ភ្នំពេញ)៖ ក្រុមប្រឹក្សារាជធានីភ្នំពេញ,គណៈអភិបាលរាជធានីភ្នំពេញ, អាជ្ញាធរខណ្ឌ សង្កាត់ មន្ត្រីរាជការ, កងកម្លាំងប្រដាប់អាវុធក្រោមឱវាទរាជធានីភ្នំពេញ បានកំណត់យករមណីយ៍ដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ដែលជានិមិត្តរូបនៃការកកើតរាជធានីភ្នំពេញ ដើម្បីប្រារព្វពិធីតាមបែបសាសនា និងទទួលអំណរសាទរទេវតាឆ្នាំថ្មីឆ្នាំថោះ បញ្ជស័ក ព.ស ២៥៦៧។
លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកស្រី, លោក ម៉ម សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ដែលបានអញ្ជើញជាអធិបតីនាឱកាសនោះ បានបួងសួងដល់ម្ចាស់ទឹកម្ចាស់ដីសុំជួយបីបាច់ថែរក្សាប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ឲ្យមានសេចក្តីសុខ ចំរុងចំរើន និងទទួលបានជោគជ័យក្នុងគ្រប់ការងារក្រោមម្លប់នៃសុខសន្តិភាព។
ពិធីនេះក៏បានបង្ហាញឲ្យឃើញពីស្មារតីសាមគ្គីភាព មិត្តភាពរវាងមន្ត្រីរាជការ និងប្រជាពលរដ្ឋ ក៏ដូចរំលឹក ឡើងវិញពីសមិទ្ធផលនានា ដែលរដ្ឋបាលរាជធានីភ្នំពេញ បានកសាងឡើងក្នុងរយះពេល១ឆ្នាំកន្លងទៅ ដើម្បីបំរើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋក្នុងទីក្រុង ទាំងសេវាសាធារណៈ, ការកសាងហេដ្ឋារចនាសម្ព័ន្ធ, ក៏ដូចជាការពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ ការលើកកម្ពស់បរិស្ថានសោភ័ណភាពក្នុងរាជធានីភ្នំពេញផងដែរ។
ថ្នាក់ដឹកនាំរដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចក្រុមប្រឹក្សារាជធានីភ្នំពេញ បានបួងសួងសុំពរជ័យពីទេវតាឆ្នាំថ្មី សូមកើតមានដល់ប្រជាពលរដ្ឋគ្រប់រូប និងជំរះអស់នូវគ្រោះចង្រៃអ៊ុបទ្រុបទាំងពួងដែលកើតមានពីឆ្នាំចាស់ឲ្យជ្រះស្រឡះ និងទទួលពរជ័យសិរីសួរស្តីពីទេវតាឆ្មាំថ្មីព្រះនាមកិមិរាទេវី ដែលជាបុត្រីទី៦របស់កបិលមហាព្រហ្ម ព្រមទាំងសំរេចបានជោគជ័យថ្មីៗថែមទៀតក្នុងឆ្នាំថ្មីនេះ។
សង្គ្រាន្តឆ្នាំថ្មី ឆ្នាំថោះ បញ្ជស័ក ព.ស២៥៦៧ បានចូលមកដល់នៅវេលាម៉ោង៤៖០០នាទីរសៀលថ្ងៃទី១៤ ខែមេសា ក្នុងពេលដែលទេវតាឆ្នាំថ្មី បានចូលមកឃុំគ្រងភពផែនដីជំនួសទេវតាឆ្នាំចាស់។ ជាមួយគ្នានេះ សង្ក្រាន្តវត្តភ្នំក៏ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ រៀបចំឡើងយ៉ាងអធិកអធម ក្រោយពីអាក់ខានមិនបានរៀបចំអស់រយៈពេល២ឆ្នាំជាប់គ្នា ដោយសារការរីករាលដាលនៃជំងឺផ្លូវដង្ហើមដ៏ស្រួចស្រាលគឺកូវីដ១៩។ ការរីករាលដាលនៃជំងឺកូវីដ.១៩ បានបង្កឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ចពិភពលោកទាំងមូល ក្នុងនោះកម្ពុជាក៏ទទួលរងផលប៉ះពាល់ផងដែរ។ រាជធានីភ្នំពេញបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លា ក្នុងការចាត់វិធានការដើម្បីប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្រោមអនុសាសដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
នាឱកាសនោះដែរ លោកអភិបាលរាជធានីភ្នំពេញ និងលោកស្រី ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានទស្សនាស្តង់ពិព័រណ៍បែបបុរាណ រួមទាំងផលិតផលសិប្បកម្មផលិតដោយដៃ និងបង្ហាញពីទម្រង់វប្បធម៌ជាតិជាច្រើន។ មានប្រជាពលរដ្ឋជាច្រើនបានមកទស្សនា និងចូលរួមលេងកំសាន្តល្បែងប្រជាប្រិយមានទាញព្រ័ត្រ,លោតបាវ,ចោលឈូង,បោះអង្គុញ,លាក់កន្សែង និងរាំកំសាន្តជាដើម ក្នុងសង្ក្រាន្តវត្តភ្នំដែលរៀបចំឡើងដោយរដ្ឋបាលរាជធានីភ្នំពេញ ក្នុងគោលបំណងផ្តល់ឱកាសកំសាន្តដល់ប្រជាពលរដ្ឋដែលមិនបានអញ្ជើញទៅស្រុកកំណើត ឬមិនបានទៅលេងទីឆ្ងាយ បានមកលេងកំសាន្តនៅទីនេះ។
លោកឃួង ស្រេង បានថ្លែងថា៖ យើងបានសប្បាយរីករាយគឺដោយសារយើងមានសុខសន្តិភាពពេញលេញ ស្ថិរភាពនយោបាយក្រោមការដឹកនាំរបស់ ស្ថាបនិកសន្តិភាព គឺសម្តេចតេជោ ហ៊ុន សែន ហើយស្របពេលដែលកម្ពុជាកំពុងត្រៀមធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតកីឡាស៊ីហ្កេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ។
បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិរយៈពេល៣ថ្ងៃនេះ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីអំពាវនាវដល់ប្រជាពលរដ្ឋ ពិសេសក្មួយៗជាយុវវ័យ សិស្ស និស្សិត កម្មករកម្មការិនី ត្រូវចូលរួមគោរពច្បាប់ចរាចរផ្លូវគោក និងមិនត្រូវបើកបរក្នុងស្ថានភាពស្រវឹង ដើម្បីចៀសវាងកើតមានគ្រោះថ្នាក់ចរាចរណ៍,ចូលរួមទប់ស្កាត់ ការពារគ្រោះអគ្គីភ័យដោយ ប្រុងប្រយ័ត្នចំពោះភ្លើងទៀនធូប ចង្ក្រានហ្គាស, ចរន្តអគ្គីសនីជាដើម។
ពិធីបុណ្យចូលឆ្នាំថ្មី ក៏បានបញ្ជាក់ឲ្យយើងដឹងគ្រប់គ្នាផងដែរថា អាយុកាលរបស់យើងម្នាក់ៗចេះតែរំកិលទៅមុខឥតឈប់ឈរ ពេលវេលាមិនរង់ចាំយើងទេ ដូច្នេះទាមទាឲ្យបុគ្គលគ្រប់រូបប្រតិបត្តិតែអំពើល្អ អំពើជាកុសលសំរាប់ខ្លួនយើង សម្រាប់ក្រុមគ្រួសារ សម្រាប់អ្នកដទៃ និងសម្រាប់សង្គមជាតិទាំងមូលក្រោមម្លប់សន្តិភាព បើគ្មានសន្តិភាពក៏គ្មានការជួបជុំសប្បាយរីករាយក្នុងមហាគ្រួសារខ្មែរដូចពេលនេះដែរ ដូច្នេះសន្តិភាពគឺមានតម្លៃមហាសាលមិនអាចកាត់ថ្លៃបានឡើយ គ្មានសន្តិភាពក៏គ្មានការអភិវឌ្ឍនោះដែរ៕