(សៀមរាប)៖ បន្ទាប់ពីខកខានរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តរយៈពេល៣ឆ្នាំ ដោយសារវិបត្តិជំងឺកូវីដ១៩ ហើយភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក៏មិនសូវមានទៀត ដែលធ្វើឱ្យជីវភាពរបស់ពួកគាត់មានការលំបាកជាខ្លាំងផងដែរ។
ដោយឡែកបន្ទាប់រាជរដ្ឋាភិបាល បានប្រកាសថា នឹងរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅឆ្នាំ២០២៣នេះ អាជីវករលក់ដូរនៅប្រាសាទអង្គរវត្ត និងនៅតាមប្រសាទផ្សេងៗទៀត មានការសប្បាយរីករាយជាខ្លាំង ដោយពួកគាត់សង្ឃឹមថា នឹងអាចស្តារសេដ្ឋកិច្ចគ្រួសារបានខ្លះមកវិញ។
អ្នកស្រី មុំ ដែលលក់ខោអាវ និងវត្ថុអនុស្សាវរីយ៍ផ្សេងៗ បានឱ្យដឹងថា អ្នកស្រីមានសេចក្តីសប្បាយរីករាយជាខ្លាំង បន្ទាប់ពីមានអតិថិជនជាច្រើន ព្រោះខានមានភ្ញៀវច្រើនបែបនេះជាច្រើនឆ្នាំមកហើយ ដោយសារជំងឺកូវីដ។ អ្នកស្រីបាបន្តថា ជីវភាពរបស់អាជីវករនៅតាមប្រាសាទ ប្រសិនបើមិនមានភ្ញៀវទេសចរជាតិ និងអន្តរជាតិទេនោះ ជីវភាពរបស់ពួកគាត់មានការលំបាកជាខ្លាំង ព្រោះពួកគាត់មិនមានការងារអ្វីធ្វើ ក្រៅតែពីការលកើនោះទេ។
អ្នកស្រី ព្រំ សាម៉េត និងអ្នកស្រី ឡែម ថិន អាជីវករបើកអាហារដ្ឋាននៅក្នុងអង្គរវត្ត បានលើកឡើងទាំងញញឹមថា អ្នកស្រីលក់នៅទីនេះជាច្រើនឆ្នាំមកហើយ ក្នុងអំឡុងពេលកូវីដ១៩ បានលក់របស់របរដែលរកបានតាំងមុនមកអស់ហើយ។ អ្នកស្រីក៏បានស្ម័គ្រចិត្តរុះរើផ្ទះទៅរស់នៅក្នុងភូមិធម្មជាតិរុនតាឯក កត្តាទាំងនេះដែរ បានធ្វើឱ្យពួកកាន់តែលំបាកមួយកម្រិតទៀត។
អ្នកស្រីក៏បានថ្លែងអំណរគុណចំពោះគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានផ្តល់បណ្ណក្រីក្រឱ្យរយៈពេល១០ឆ្នាំ ដល់ប្រជាពលរដ្ឋដែលស្ម័គ្រចិត្តរុះរើផ្ទះ និងផ្លាស់ទៅរស់នៅក្នុងភូមិធម្មជាតិរុនតាឯក។ អ្នកស្រីបានបន្តទៀតថា ទោះបីជាថវិកានេះ មិនច្រើនប៉ុន្មានក៏ដោយប៉ុន្តែអាចជួយសម្រាលជីវភាពរបស់ពួកគាត់បានមួយកម្រិតផងដែរ។
ជាមួយនេះដែរ អាជីវករលក់ដូរនៅប្រាសាទទាំងអស់ចង់ឱ្យសហភាពសហព័ន្ធយុវជនកម្ពុជា ជាពិសេសរាជរដ្ឋាភិបាល រៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តនៅឆ្នាំបន្តបន្ទាប់ទៀត ដើម្បីឱ្យពួកគាត់មានចំណូលសម្រប់ផ្គត់ផ្គង់ជីវភាពនៅក្នុងគ្រួសារផងដែរ៕