(ភ្នំពេញ)៖ សភាស៊ើបសួរសាលាឧទ្ធរណ៍ នៅម៉ោង១១៖០០នាទី ព្រឹកថ្ងៃទី១២ ខែកក្កដានេះ បានសម្រេចច្រានចោលបណ្តឹង សុំមោឃភាពនិតីវិធី លើសំណុំរឿង លោក អ៊ុំ សំអាន អតីតអ្នកតំណាងរាស្ត្ររបស់គណបក្សសង្គ្រោះជាតិ ។
សេចក្តីរាយការណ៍របស់ភ្នាក់ងារ Fresh News បានឲ្យដឹងថា មូលហេតុដែលនាំឲ្យសភាស៉ើបសួរសាលាឧទ្ធរណ៍ សម្រេចច្រានចោលយ៉ាងដូច្នេះ ក៏ព្រោះតែសភាស៊ើបសួរយល់ឃើញថា ខ្លួនគ្មានសមត្ថកិច្ចឡើង ចំពោះការពិចារណាទៅ លើរឿងអភ័យឯកសិទ្ធិរបស់លោក អ៊ុំ សំអាន។
លោក ហែម សុជាតិ មេធាវីការពារក្តី លោក អ៊ុំ សំអាន បានបញ្ជាក់ប្រាប់អ្នកយកព័ត៌មានថា ក្រុមមេធាវីរបស់លោក នឹងធ្វើបណ្តឹងសារទុក ទៅតុលាការកំពូលបន្តទៀត។
សូមជម្រាបថា សវនាការ ជំនុំជម្រះសំណុំរឿងលោក អ៊ុំ សំអាន តំណាងរាស្ត្រ គណបក្សសង្គ្រោះជាតិ បានចាប់ផ្តើមនៅព្រឹកមិញនេះ ដែលដឹកនាំដោយលោក ងួន អ៊ីម ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ និង លោក អ៉ឹម សុផាន ជាតំណាងមហាអយ្យការ ។
សូមជំរាបថា លោក អ៊ុំ សំអាន ត្រូវបានចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនដាក់ពន្ធនាគារ កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦ ក្រោមការចោទប្រកាន់ចំនួន២បទល្មើស គឺបទញុះញង់ឲ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍ ( បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម) និងបទញុះញង់ឲ្យមានការរើសអើង តាមមាត្រា៤៩៥ និង៤៩៦នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៥ ដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦ ។
បទល្មើសញុះញង់ឲ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍ កំណត់ការផ្តន្ទាទោស ពី៦ខែទៅ២ឆ្នាំនិងពិន័យជាប្រាក់ពី ១លានរៀលទៅ៤លានរៀល។ បទល្មើសញុះញង់ឲ្យ មានការរើសអើង កំណត់ការផ្តន្ទាទោសពី១ឆ្នាំទៅ៣ឆ្នាំនិងពិន័យជាប្រាក់ពី ២លានរៀលទៅ៦លានរៀល៕