(ព្រះវិហារ)៖ លោកឧត្ដម​សេនីយ៍​ទោ​ ច័ន្ទ​ សុភ័ក្ដ្រា​ មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹករងព្រះវិហារ​ និងជា​ប្រធានសមា​គមអតីតយុទ្ធជនកម្ពុជាខេត្ដ នាព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ ដែលជាថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិថ្ងៃទី១ បានដឹកនាំក្រុមការងារអញ្ជេីញ​ចុះជួបសំណេះសំណាល​ សួរសុខទុក្ខ និងបន្តនាំអំណោយនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ចែកជូនសមាជិក​សមាគម​អតីត​យុទ្ធ​ជន​ និងប្រជាពលរដ្ឋ​ក្រីក្រ​លំបាក​ និងពិការ​ នៅឃុំ​ម្លូព្រៃមួយ​ និងឃុំម្លូព្រៃពីរ​ ស្រុកឆែប សរុប​ចំនួន​ ៣២គ្រួសារ​ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។

នៅក្នុងឱកាសនេះដែរ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ដ្រា បានថ្លែងនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ដោយក្តីនឹករលឹកពី នាយឧត្ដមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក និងលោកស្រី ពេជ្រ ច័ន្ទមុន្នី ផ្ញើជូនសមាជិកសមាគមអតីតយុទ្ធជន និងប្រជាពលរដ្ឋមានជីវភាពខ្វះខាត ដែលមានវត្តមាននៅទីនេះ ពិសេសក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៣នេះ សូមជួបតែសេចក្តីសុខ សុខភាពល្អ និងរកទទួលទានមានបានគ្រប់ក្រុមគ្រួសារ។

លោកឧត្តមសេនីយ៍ទោមេបញ្ជាការ បានថ្លែងលើកឡើងនូវការកោតសរសើរដោយស្មោះអស់ពីដួងចិត្ត ចំពោះវីរៈភាពដ៍អង់អាចក្លាហានរបស់សមាជិកសមាគមអតីតយុទ្ធជនយើងទាំងអស់ ដែលកន្លងមកបានលះបង់សាច់ស្រស់ ឈាមស្រស់ តស៊ូរំដោះប្រទេសជាតិ កសាងប្រទេសជាតិ ក្រោមមាគ៌ាដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្វើឱ្យប្រទេសជាតិយើង ទទួលបាននៅសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនគ្រប់វិស័យ។

លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានអំពាវនាវដល់សមាជិកអតីតយុទ្ធជនគ្រប់ៗរូប គ្រប់ក្រុមគ្រួសារ ត្រូវចូលរួមការពារសុខសន្តិភាពឱ្យនៅគង់វង្ស ដើម្បីឱ្យប្រទេសយើងកាន់តែទទួលបាននូការអភិវឌ្ឍរីកចម្រើនគ្រប់វិស័យថែមទៀត។ ពិសេសត្រូវទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា នៅខែកក្កដាខាងមុខនេះឱ្យបានគ្រប់ៗគ្នា គាំទ្របេក្ខភាពសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត។

សូមបញ្ជាក់ថា អំណោយនាយឧត្ដមសេនីយ៍​ ហ៊ុន​ ម៉ាណែត​ និងលោកស្រី ពេជ្រ ច័ន្ទមុន្នី​ ដែលនាំមកចែកជូនសមាជិក​សមាគម​អតីតយុទ្ធជន និងប្រជាពលរដ្ឋ​ក្រីក្រ​លំបាក​ ពិការ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៣​ ក្នុង​នោះឃុំម្លូព្រៃមួយ ចំនួន ១៥គ្រួសារ និងឃុំម្លូព្រៃពីរ​ ចំនួន ១៧គ្រួសារ​ ក្នុងមួយគ្រួសារៗ ទទួលបានរួមមាន៖ អង្ករ ១ប៉េ​ ស្មេី​៣០គីឡូក្រាម មី ១កេសទឹក​ត្រី ១យួរ ទឹក​សុីអ៉ីវ ១យួរ ត្រី​ខ ១យួរ និងថវិកាចំនួន​ ៤០,០០០រៀលផងដែ​៕