(កំពង់ឆ្នាំង)៖ រដ្ឋភិបាលស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង បានរៀបចំកម្មវិធីសង្ក្រាន្តអបអរសាទរបុណ្យចូលឆ្នាំថ្មី ខណៈព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មី ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ គេសង្កេតឃើញនៅតាមបណ្ដាសាលាស្រុកទាំង៨រហូតដល់បណ្តាមូលដ្ឋាននៅទូទាំងខេត្តកំពង់ឆ្នាំង បានរៀបចំតុបតែងលម្អសង្ក្រាន្ត និងទីកន្លែងកម្សាន្តផ្សេងៗជាច្រើន ដើម្បីអបអរសាទរទទួលទេវតាឆ្នាំថ្មី។

កត្តាទាំងនេះក៏ដោយសារប្រទេសជាតិមានសុខសន្តិភាព និងមានការរីកចម្រើន ទាំងសុខសុវត្ថិភាព សុខមាលភាពសង្គម ពិសេសគឺការរីកចម្រើនផ្នែកហេដ្ឋារចនាសម្ពន្ធនានា រហូតដល់ទីជនបទដាច់ស្រយាល ដែលបានបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរកម្សាន្តពីតំបន់មួយទៅតំបន់មួយ។

ដោយឡែកនៅក្នុងស្រុកកំពង់លែង នៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣នេះដែរ រដ្ឋបាលស្រុកកំពង់លែង ដែលមានលោក យ៉ែម លក្ខិណា ជាអភិបាលស្រុកបានដឹកនាំការរៀបចំកម្មវិធីសង្ក្រាន្ត ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ដែលនឹងចាប់ផ្ដើមតាំងពីរសៀលថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣។

ពិធីខាងលើនេះប្រព្រឹត្តទៅក្រោមវត្តមានលោក វ៉ាន់ ដេត ក្រុមការងារថ្នាក់កណ្ដាលចុះមូលដ្ឋានស្រុកកំពង់លែង លោក ហែម ហឿន និងលោក ពេជ្រ កែវមុន្នី អភិបាលរងខេត្ត និងជាតំណាងលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង រួមទាំងក្រុមប្រឹក្សាស្រុក អភិបាលរង និងមន្ត្រីរាជការអង្គភាពជុំវិញស្រុក ព្រមទាំងប្រជាពលរដ្ឋ សិស្សានុសិស្ស កងកម្លាំងប្រដាប់អាវុធ យុវជនជាច្រើនរូបចូលរួមសប្បាយរីករាយផងដែរ។

លោក ពេជ្យ កែវមុន្នី បានថ្លែងថា ក្រោមការគ្រប់គ្រងប្រកបរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ប្រទេសកម្ពុជាមានសន្តិភាពពេញបរិបូរណ៍ និងមានការរីកចម្រើនគ្រប់វិស័យ ប្រជាពលរដ្ឋទូទាំងប្រទេសរស់នៅប្រកបដោយសេចក្តីសុខសប្បាយ មានឱកាសប្រារព្ធរៀបចំកម្មវិធីតាមបែបបទពិធីបុណ្យ ពិធីសាសនាផ្សេងៗ សាសនាជាតិ ដោយមិនមានការរើសអើងឬប្រកាន់ និន្នាការអ្វីឡើយ។

នាឱកាសនោះផងដែរ លោក យ៉ែម លក្ខិណា បានលើកឡើងថា ការរៀបចំកម្មវិធីសង្ក្រាននេះក្នុងគោលបំណងប្រមូលផ្តុំយុវជន និងសាធារណជន ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជាមហាគ្រួសារខ្មែរតែមួយ រម្លឹកនិងធ្វើឱ្យរស់រវើកឡើងចូលរួមថែរក្សា និងអភិវឌ្ឍវប្បធម៌ជាតិ និងលើកស្ទួយកិត្យានុភាពជាតិលើឆាកអន្តរជាតិ ផ្តល់ឱកាសដល់យុវជន ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិនិងអន្តរជាតិបានសិក្សាអំពីកិត្តិនាម ភាពចម្រុះនៃវប្បធម៌ អរិយធម៌ ប្រពៃណី និងសាសនាជាតិខ្មែរ ក្រោមម្លប់សន្តិភាព។ ក្នុងឱកាសនោះ លោកអភិបាលស្រុកក៏បានលើកឡើងសង្ខេបអំពីប្រវត្តិរឿងរ៉ាវស្រុកកំពង់លែង តាំងពីអតីតកាលរហូតមកទល់ពេលនឹងបច្ចុប្បន្ននេះផងដែរ។

នៅក្នុងពិធីនោះ មន្ត្រីរាជការអង្គភាពទូទាំងស្រុកកំពង់លែង រួមទាំងអង្គពិធីទាំងមូលក៏បាននិមន្តព្រះសង្ឃចំនួន១០០អង្គ ប្រារព្ធពិធីរាប់បាត្រប្រគេនចង្ហាន់ និងទេយ្យទានជូនព្រះសង្ឃគ្រប់អង្គ បន្ទាប់មកនឹងមានការចូលរួមលេងកម្សាន្តនូវល្បែងរបាំប្រជាប្រិយខ្មែរ ប្រកបទៅដោយភាពសប្បាយរីករាយនិងស្និទ្ធស្នាលបំផុត ក្នុងនាមថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ៕