(ពោធីសាត់)៖ លោក ចេង ឡៃ អភិបាលរងខេត្តពោធិ៍សាត់បានលើកទឹកចិត្តដល់ភ្ញៀវទេសចរជាតិក្នុងស្រុកចូលមកទស្សនាកម្សាន្តនៅរមណីយដ្ឋានវប្បធម៌ ប្រវត្តិសាស្ត្រ និងធម្មជាតិ «ភ្នំនាគស ឬល្អាងព្រះនាងរំសាយសក់» ឱ្យបានច្រើនកុះករ ជាមួយនឹងការបាញ់កាំជ្រួច និងបង្ហោះគោម ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧។
តំបន់បណ្តុំព្រៃភ្នំប្រវត្តិសាស្ត្រ «ភ្នំនាគស ឬល្អាងព្រះនាងរំសាយសក់» គឺស្ថិតត្រង់ចំណុចកាច់កង់ ក្នុងភូមិខ្សាច់ល្អិត ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលមានចម្ងាយប្រមាណ៦២គីឡូម៉ែត្រ ពីទីប្រជុំជនក្រុងពោធិ៍សាត់។
Google Maps: https://goo.gl/maps/gRdYrF4fWw7dSjT77
ទីតាំងខាងលើនេះត្រូវបានក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំ សហការជាមួយអាជ្ញាធរខេត្ត ស្រុក ឃុំចុះសិក្សាជាច្រើនលើកច្រើនសារ ពោលគឺក្នុងអំឡុងឆ្នាំ២០១៩ រហូតឈានដល់ការឆាប់ផ្តើមសាងសង់ ដើម្បីកែប្រែតំបន់នេះឱ្យក្លាយជាតំបន់ទេសចរណ៍ដ៏ទាក់ទាញទៅថ្ងៃអនាគត។ គិតមកដល់ថ្ងៃនេះ រមណីយដ្ឋាន «ភ្នំនាគស» បានវិវត្តខ្លួនយ៉ាងឆាប់រហ័ស អមដោយទេសភាពស្រស់ត្រកាលគួរគយគន់ មានផ្ទាំងថ្មចម្លាក់តូចធំ ញ៉ាំងឱ្យទេសចរមកលេងម្តងហើយ នឹកចង់មកលេងម្តងទៀត។
បើតាមលោកអភិបាលរង ចេង ឡៃ បានឱ្យដឹងថា រមណីយដ្ឋាននេះត្រូវបានផ្ដួចផ្ដើមកសាងឡើងដោយលោក អេង គន្ធា អគ្គនាយករងអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងារចុះជួយឃុំអន្សាចំបក់ ស្រុកក្រគរ និងឃុំស្រែស្តុក ស្រុកកណ្តៀង ក្រោមការជួយជ្រោមជ្រែងពីលោក កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គីសនីកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកក្រគរ និងស្រុកកណ្ដៀង ពិសេសមានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដោយហេតុថាបានជួយការពារព្រៃឈើ ធម្មជាតិ និងសត្វព្រៃឱ្យនៅគង់វង្ស ទប់ស្កាត់ការកាប់ទន្ទ្រានដីព្រៃខុសច្បាប់ពីសំណាក់ជនខិលខូច។
រមណីយដ្ឋាន «ភ្នំនាគស ឬល្អាងព្រះនាងរំសាយសក់» គឺជារមណីយដ្ឋានពិសេសមួយ ក្នុងចំណោមរមណីយដ្ឋានជាច្រើនទៀតក្នុងខេត្តពោធិ៍សាត់ ដែលផ្តល់កន្លែងដើរលេងកម្សាន្ត លម្ហែអារម្មណ៍ ដោយមិនគិតថ្លៃ និងដើម្បីឱ្យប្រជាពលរដ្ឋ បានសិក្សាស្វែងយល់អំពីវប្បធម៌ ប្រវត្តិសាស្ត្រ និងធម្មជាតិដែលមាននៅតំបន់នេះ។
ក្នុងរយៈពេលជាង៣ឆ្នាំ ដោយទទួលបានថវិកាចូលរួមពីថ្នាក់ដឹកនាំ ក្រុមការងារបក្ស និងសប្បុរសជនគ្រប់មជ្ឈដ្ឋានបានសម្រេចកសាងសមិទ្ធផលរួមមាន៖ ចម្លាក់ព្រះពុទ្ធរូប រូបព្រះអង្គតូច ព្រះអង្គធំ រូបអ្នកមានបារមី ចាស់ព្រឹទ្ធាចារ្យ ទីលានយន្ដហោះ ទង់ជាតិប្រទេសអាស៊ាន និម្មិតរូបផែនដី សួនផ្កាចម្រុះពណ៌ ផ្លូវបេតុង ផ្លូវកៅស៊ូ កន្លែងអង្គុយលេងកម្សាន្ត កន្លែងបាញ់ទឹក រូបសំណាកសត្វចម្រុះលើផ្ទាំងថ្មតូចធំ ដែលមានម្លប់ដើមឈើត្រឈឹងត្រឈៃ លំអរដោយភ្លើងអគ្គីសនី ភ្លើងសូឡាព្រោងព្រាត និងប៉មទស្សនារូបភាព៣៦០ដឺក្រេ ដែលមានកម្ពស់៥ជាន់។ល។
បច្ចុប្បន្នក្រុមការងារបាននិងកំពុងសាងសង់ផ្ទះបូរាណខ្មែរ ផ្ទះជនជាតិដើម ហើយនាពេលឆាប់ៗខាងមុខ ក៏មានគម្រោងសាងសង់ ស្ពានអាកាស និងព្រះពុទ្ធរូបនៅលើកំពូលភ្នំ ដែលមានភ្នែនប្រវែង១២ម៉ែត្រ បូករួមទាំងចេតិយ ដែលមើលពីចម្ងាយ ហាក់បីដូចជាទីក្រុងមួយ ផុសនៅចំកណ្តាលទ្រូងព្រៃ។ ទាំងនេះកើតមានទៅបាន គឺដោយសារប្រទេសជាតិមានសុខសន្តិភាព ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដូច្នេះយើងត្រូវរួមគ្នាថែរក្សាសន្ដិភាពឱ្យនៅគង់វង្សជារៀងរហូត៕