(បន្ទាយមានជ័យ​)៖​ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត​ ឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់​ ករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស (ប្រើប្រាស់អាវុធខ្លី)​ ប្រព្រឹត្តកាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ កន្លងទៅ​ នៅចំណុចរោងចក្រឌីស ស្ថិតក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ការឃាត់ខ្លួននេះធ្វើឡើងនាថ្ងៃទី១៣​ ខែមេសា​ ឆ្នាំ២០២៣ ដោយយោងតាមពាក្យបណ្តឹងឈ្មោះ​ ហ៊ូ ណុច ភេទស្រី អាយុ៥៦ឆ្នាំ ត្រូវជាម្ដាយបង្កើតរបស់ជនរងគ្រោះ។

លោកវរសេនីយ៍ត្រី​ នួន​ នីណារ៉ូ​ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ប៉ោយប៉ែត​ បានឱ្យដឹងថា​ ជនសង្ស័យ​ទាំង៤នាក់​៖
១. ឈ្មោះ​ អឿន លីផេង (ប៉ក់)​ អាយុ១៥ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូអនឡាញ បច្ចុប្បន្នស្នាក់នៅភូមិក្បាលស្ពាន២​ សង្កាត់អូរជ្រៅ​ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
២. ឈ្មោះ​ ស៊ីន លាភ អាយុ១៦ឆ្នាំ មុខរបរសិស្ស ទីលំនៅបច្ចុប្បន្ន ភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
៣. ឈ្មោះ​ ស៊ុន សុខុម​ (ចិត្រ)​ អាយុ២៤ឆ្នាំ ទីលំនៅបច្ចុប្បន្ន មណ្ឌល៣ ភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
៤. ឈ្មោះ​ ឡុត សារី​ (រិទ្ធ)​ អាយុ៣៨ឆ្នាំ មុខរបរកម្មករ ទីលំនៅបច្ចុប្បន្ន ភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ត្រី​ នួន​ នីណារ៉ូ​ បានបន្តថា​ នៅវេលាកើតហេតុជនសង្ស័យចំនួន៣នាក់​ បាននាំគ្នាជិះម៉ូតូ១គ្រឿងម៉ាក ហុងដា​ឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ 1Y-1198 នាំគ្នាជិះដល់ចំណុចកើតហេតុខាងលើជនស្ស័យឈ្មោះ​ ស៊ុន សុខុម បានចុះពីលើម៉ូតូទិញបាយ​ ចំណែកបក្ខពួកបានជិះម៉ូតូបន្ត ពេលជិះហួសរោងចក្រឌីសប្រហែល២០ម៉ែត្រ បានជួបជាមួយជនរងគ្រោះឈ្មោះ​ អេង ស៊ីនឡាយ អាយុ២០ឆ្នាំ ហើយមានជម្លោះគ្នាក្នុងពេលបើកបរតាមផ្លូវ ហើយជនរងគ្រោះពុំដឹងរឿងក៏បើកម៉ូតូតាមផ្លូវធម្មតា បន្ទាប់មកជនសង្ស័យឈ្មោះ​ អឿន លីផេង និងឈ្មោះ​ ស៊ុន លាភ បានជិះម៉ូតូតាមជនរងគ្រោះ និងបានប្រើកាំភ្លើងបាញ់ទៅលើជនរងគ្រោះ បណ្តាលឱ្យរងរបួស និងដួលម៉ូតូតែម្តង ក្រោយធ្វើកសកម្មភាព​ជនសង្ស័យនាំគ្នាជិះម៉ូតូគេចខ្លួន។

ក្រោពីឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ កម្លាំងអាវុធហត្ថបានដកហូតវត្ថុតាង​ កាំភ្លើងខ្លីម៉ាក​ M1911AI U.S.ARMY ចំនួន១ដើម គ្រាប់កាំភ្លើង9mm ចំនួន១៧គ្រាប់ គ្រាប់កាំភ្លើងខ្ជិបចំនួន៣២គ្រាប់ និងសំបកគ្រាប់ចំនួន៤គ្រាប់ ដកហូតពីឈ្មោះ​ ឡុត សារី នាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីចាត់ការតាមនីតិវិធី។

បន្ទាប់ពីឃាត់ខ្លួននិងសួរចម្លើយ​ ជនសង្ស័យ​ទាំង​៤នាក់​ បានឆ្លើយសារភាពថា​ ពួកគេពិតជាបានប្រព្រឹត្ត​ ប្រើកាំភ្លើងបាញ់ទៅលើជនរងគ្រោះ បណ្តាលឱ្យរងរបួសពិតប្រាកដមែន។ ដោយផ្អែកលើចម្លើយសារភាព​ជនសង្ស័យទាំងនាក់​ រួមទាំងមានវត្ថុតាង​ផងនោះទើបកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត​ កសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្ត។

លោកវរសេនីយ៍ឯក ម៉ែន​ ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ​ និងបង្ក្រាបបទល្មើស​បានឱ្យដឹងថា​ ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តផងដែរ។

បច្ចុប្បន្នជនសង្ស័យ​ទាំង៤នាក់​រួមនឹងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ ​កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត​ហើយ នៅរសៀលថ្ងៃសុក្រទី១៤​ ខែមេសា​ ឆ្នាំ​២០២៣​ អនុវត្តតាមនីតិវិធី​៕