(ភ្នំពេញ)៖ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដើម្បីឱ្យប្រជាពលរដ្ឋចូលរួមសប្បាយរីករាយ កម្សាន្តនៅក្នុងឱកាសនេះ រដ្ឋបាលខណ្ឌជ្រោយចង្វារ ក៏បានរៀបចំសង្ក្រាន្ត នៅតាមសង្កាត់នីមួយៗនៅតាមខណ្ឌ ហើយប្រជាពលរដ្ឋក៏បានចូលរួមលេងកម្សាន្តយ៉ាងសប្បាយរីករាយ នៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧។
ដោយមានការណែនាំពីលោក លឹម សុភា អភិបាលខណ្ឌជ្រោយចង្វារ នៅតាមបណ្តាសង្កាត់ក៏មានការរៀបចំសង្ក្រាន្ត មានលេង្បែងប្រជាប្រិយ ការតាំងពិព័រណ៌។ ការរៀបសង្ក្រាន្តនៅសង្កាត់នៅក្នុងមូលដ្ឋានខណ្ឌជ្រោយចង្វារនេះ គឺសង្កេតមានមនុស្សចូលរួមយ៉ាងច្រើនកុះករផងដែរ សម្រាប់ថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំថ្មីនេះ។
សង្កាត់ដែលបានរៀបចំសង្ក្រាន្តឆ្នាំថ្មីនេះ រួមមាន៖ សង្កាត់កោះដាច់រៀបចំសង្ក្រាន្តកោះដាច់ នៅមុខវត្តល្វាក្រោម, សង្កាត់បាក់ខែងរៀបចំសង្ក្រាន្តបាក់ខែង នៅវត្តសូរិយាពោធិ៍មាស, សង្កាត់ព្រែកតាសេករៀបចំសង្ក្រាន្ត នៅវត្តព្រែកតាគងើ, សង្ក្រាន្តព្រែកតាសេក, សង្កាត់ព្រែកលៀបរៀបចំ សង្ក្រាន្តអបអរឆ្នាំថ្មីនៅវត្តបុទុមគង្គា (ហៅវត្តបាក់ខែង), សង្ក្រាន្តព្រែកលៀប ធ្វើឡើងនៅក្នុងបរិវេណវត្តបុទុមគង្គា (ហៅវត្តបាក់ខែង) និងរដ្ឋបាលខណ្ឌជ្រោយចង្វារ រៀបចំសង្ក្រាន្តប្រចាំខណ្ឌរួមគ្នាជាមួយសង្កាត់ជ្រោយចង្វារ នៅសួនច្បារព្រះនាងប្រាជ្ញាបារមី៕