(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហាញអារម្មណ៍ក្តុកក្តូល ជាថ្មីម្តងទៀត ចំពោះមរណៈភាព បិតារបស់សម្តេច គឺមហាឧបាសក ហ៊ុន នាង។ សម្តេចតេជោ បានបញ្ជាក់ថា ការបាត់បង់ព្រះរស់ ដែលជាអ្នកមានគុណ ដោយគ្មានពេលបានជួបវិញ គឺជារឿងទុក្ខសោកគ្មានថ្ងៃបំភ្លេចបាន។
ការបង្ហោះអារម្មណ៍សោកសង្រេង នេះបានធ្វើឡើង នៅចំថ្ងៃ ខួបគំរប់៣ឆ្នាំ នៃមរណៈភាពមហាឧបាសក ហ៊ុន នាង ដែលត្រូវជាឪពុកបង្កើតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
យោងតាម Facebook Page ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «កើត ចាស់ ឈឺ ស្លាប់ ជាដំណើរធម្មតានៃជិវិតមនុស្ស។ ថ្ងៃ១២កក្កដាជាខួបគំរប់៣ឆ្នាំនៃ មរណៈភាពរបស់ឪពុកខ្ញុំ(១២ កក្កដា ២០១៣-១២ កក្កដា ២០១៦)។ ក៏ដូចប្រជាជនផ្សេងទៀតដែរ ការធ្វើបុណ្យឧទ្ទឹសកុសលសំរាប់ អ្នកមានគុណជាការ ចាំបាច់សំរាប់កូន ចៅ ចៅទួត។ សំរាប់ខ្ញុំបើទោះជាលោកឪពុក ចែកឋានទៅហើយក្តីតែពេលខ្លះ ខ្ញុំច្រឡំថាគាត់នៅរស់ ហើយទៅបើកបន្ទប់ មើលគាត់ដូចខ្ញុំធ្លាប់ធ្វើនៅ ពេលគាត់នៅរស់។ ខ្ញុំជាមនុស្សម្នាក់ចងចាំ បានល្អតែ៣ឆ្នាំកន្លងផុត ទៅហើយដែលខ្ញុំភ្លេចភ្លាំង ថាឪពុកខ្ញុំនៅរស់ ហើយដើរទៅបើកបន្ទប់ មើលគាត់ច្រើនដងណាស់ហើយ។ តើព្រលឹងឪពុកខ្ញុំនៅតាម ថែទាំខ្ញុំមែនទេ? ឬមួយមកពីខ្ញុំនឹកឪពុកខ្ញុំពេកទើបស្រមើស្រម័យ បែបនេះដែលធ្វើឱ្យ ទឹកភ្នែកខ្ញុំបន្តហូរមិនឈប់»។
សូមជំរាបថា លោកតា ហ៊ុន នាង បិតាបង្កើតរបស់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទទួលមរណភាព កាលពីវេលាម៉ោង ៤៖១០ នាទីទៀបភ្លឺ ព្រឹកថ្ងៃសុក្រ ទី១២ ខែកក្កដា ឆ្នាំ២០១៣ ក្នុងជន្មាយុ ៩០ឆ្នាំ ដោយជរាពាធ៕