(ពោធិ៍សាត់)៖ លោកស្រី ឯម ប៉ុណ្ណា តំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ និងជាសមាជិកាប្រតិបត្តិសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ថ្នាក់កណ្តាល និងលោកស្រី អាំង សុជាតា ខូយរីដា ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត នារសៀលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣ នៅលើបុរីវប្បធម៌កោះសំពៅមាស បានដឹកនាំប្រតិភូសាខាសមាគមនារីខេត្ត និងយុវជនទាំងបីប្រព័ន្ធ លេងល្បែងប្រជាប្រិយ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ គ្រឹះសករាជ២០២៣។

ថ្លែងក្នុងឱកាសនោះ លោកស្រី អាំង សុជាតា ខូយរីដា ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត បានឱ្យដឹងថា ថ្ងៃនេះជាថ្ងៃមួយពិសេស និងប្រកបដោយក្តីសប្បាយរីករាយ ដែលសាខាសមាគមនារីខេត្ត បានរៀបចំពិធីជួបជុំមួយ រវាងមីងៗ សមាគមនារី និងក្មួយៗយុវជនទាំងអស់ ជាពិសសក្មួយៗយុវជន ស.ស.យ.ក ក្មួយៗយុវជនស្រឡាញ់សន្តិភាព ក្មួយៗយុវជនគណបក្ស និងក្មួយៗយុវជនក្មេងវត្ត ដើម្បីលេងល្បែងប្រជាប្រិយ អបអរសាទរទទួលទេវតាឆ្នាំថ្មី ព្រះនាមកិមិរាទេវី បុត្រីទី៦ នៃកបិលមហាព្រហ្ម ដែលនឹងយាងចុះមក នៅវេលាម៉ោង៤ និង០០នាទីរសៀល។

ជាមួយគ្នានោះ សូមអញ្ជើញលោក លោកស្រី និងក្មួយៗយុវជន ចូលរួមលេងសប្បាយទាំងអស់គ្នា និងសូមបួងសួងដល់ទេវតាឆ្នាំថ្មី ប្រោសប្រទានពរជ័យសិរីមង្គល វិបុល សុខ ជូនដល់លោក លោកស្រី និងក្មួយៗយុវជន ព្រមទាំងក្រុមគ្រួសារ សូមបានជួបតែសេចក្តីសុខ សេចក្តីចម្រើន និងពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើង។

សូមជម្រាបជូនថា សមាគមនារី​កម្ពុជា ​ដើម្បី​សន្តិភាព ​និង​អភិវឌ្ឍន៍ ​គឺជា​អង្គការ​មហាជន ​ដែល​បាន​បង្កើត​ឡើង​តាំងពី​ថ្ងៃទី០២ ​ខែធ្នូ ​ឆ្នាំ១៩៧៨ ​ក្រោម​ទង់​រណ​សិរ្យសា​មគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ​ក្នុង​កាលៈទេសៈ ​ប្រទេស​ជួប​វិបត្តិ ​នៃ​សង្គ្រាម​បង្កឡើង​ដោយ​របប​ប្រល័យ​ពូជសាសន៍​។ ​រហូតមកដល់​ពេលនេះ ​សមាគមនារី​បាន​នឹង​កំពុង​បំផុស​បងប្អូន​នារី​គ្រប់​ស្រទាប់វណ្ណៈ ​ទាំង​ក្នុង ​និង​ក្រៅប្រទេស ​រួមគ្នា​ជា​កម្លាំង​គាំទ្រ ​និង​អនុវត្ត​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ​ដោយ​ប្រកាន់​ខ្ជាប់​នូវ​ទស្សនៈ ​«​អ្វី​ៗ​ទាំងអស់ ​ដើម្បី​សុខុមាលភាព​របស់​ស្រ្តី ​និង​កុមារ​»​៕