(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣នេះ បានរៀបចំពិធីសូត្រមន្តរាប់បាត្រព្រះសង្ឃចំនួន៧៥អង្គ ដើម្បីចូលរួមអបអរសាទរទេវតាឆ្នាំថ្មី ព្រះនាមកិមិរាទេវី ជាបុត្រីទី៦របស់កបិលមហាព្រហ្ម ដែលនឹងចុះមកគ្រប់គ្រងភពផែនដីជំនួសទេវតាឆ្នាំចាស់ នៅល្ងាចថ្ងៃទី១៤ ខែមេសានេះ។

ពិធីនេះបានធ្វើឡើងក្រោមវត្តមានលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី ព្រមទាំងមន្ត្រីមន្ទីរ ខណ្ឌជុំវិញសាលារាជធានីភ្នំពេញ។

ពិធីនេះក៏បានបង្ហាញឲ្យឃើញពីការគោរពប្រតិបត្តិប្រពៃណីទំនៀមទម្លាប់ជាតិពិសេសក្នុងឱកាសទទួលទេវតាឆ្នាំថ្មី ដើម្បីបណ្តេញគ្រោះចង្រៃឧបទ្រពផងទាំងពួងដែលកើតមានកាលពីឆ្នាំចាស់ និងសុំពរជ័យពីទេវតាឆ្នាំថ្មី ក៏ដូចជារួមចំណែកថែរក្សាប្រពៃណីទំនៀមទម្លាប់ និងវប្បធម៌ជាតិដ៏ល្អផូរផង់របស់ខ្មែរ។ នេះជាឆ្នាំទី២នៃការប្រារព្ធពិធីសូត្រមន្តរាប់បាត្ររបស់រដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចស្ថាប័ននានា និងប្រជាពលរដ្ឋ ក្រោយពីអាក់ខានមិនបានរៀបចំពិធីនេះអស់រយៈពេល២ឆ្នាំ ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩។

ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ត្រូវបានរាជរដ្ឋា​​​​ភិបាលអនុញ្ញាតឱ្យធ្វើពិធី និងមានការជួបជុំកម្សាន្តសប្បាយជាធម្មតាឡើងវិញ។ ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនេះដែរ រដ្ឋបាលរាជធានីភ្នំពេញបានប្រកាសជូនដំណឹងពីការប្រារព្វកម្មវិធីសង្ក្រាន្តវត្តភ្នំ នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ រយៈពេល៣ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនេះដែរ។

ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញក៏បានជូនដំណឹងពីការហាមឃាត់មិនអនុញ្ញាតឲ្យលេងល្បែងដែលមិនមែនជាប្រពៃណីវប្បធម៌ជាតិ ប្រកាន់ខ្ជាប់សេចក្តីថ្លៃថ្នូរ ចូលរួមទប់ស្កាត់រាល់បទល្មើសផ្សេងៗដែលអាចកើតមានឡើងក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ ចូលរួមទប់ស្កាត់ពីគ្រោះអគ្គិភ័យ បើកបរគោរពច្បាប់ចរាចរណ៍ផ្លូវគោក បើកបរកុំពិសាគ្រឿងស្រវឹងជាដើម។

សូមបញ្ជាក់ថា កម្ពុជាជាប្រទេសដែលកាន់ព្រះពុទ្ធសាសនា ដូច្នេះហើយ សេចក្តីសប្បាយរីករាយនេះក៏ត្រូវបានផ្សារភ្ជាប់ទៅនឹងមហាកុសលផ្សេងៗទៀត ដើម្បីធ្វើឲ្យបុណ្យចូលឆ្នាំថ្មីកាន់តែមានអត្ថន័យ និងជាប្រយោជន៍ធំធេង សម្រាប់ពលរដ្ឋខែ្មរ ដូចជាស្រោចទឹកខមាទោស សម្តែងនូវកតញ្ញូចំពោះដូនតា ឪពុកម្តាយ ពិធីស្រង់ព្រះពុទ្ធបដិមា បង្សុកូលរំលឹកដល់វិញ្ញាណក្ខន្ធអ្នកមានគុណ ឬសាច់ញាតិ និងកម្មវិធីផ្សេងៗទៀតដែលពាក់ព័ន្ធនឹងសាសនាជាដើម៕