(ភ្នំពេញ)៖ កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានចុះសហការជាមួយកម្លាំងចារកម្ម នៃក្រសួងមហាផ្ទៃ ចុះឆែកឆេរត្រួតពិនិត្យករណី «បង្ខាំង និងចាប់ជំរិតទារប្រាក់» ស្ថិតនៅភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ រកឃើញជនសង្ស័យចំនួន០៣នាក់ប្រុស ជាជនជាតិចិន, ជនជាតិខ្មែរចំនួន ០៣នាក់ (អ្នកបម្រើប្ដី-ប្រពន្ធ និងកូនប្រុសតូច) នាថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣។
បើតាមរបាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា វត្ថុតាងដកហូត រថយន្ដម៉ាក Alphard ពណ៌ស ស្លាកលេខ ភ្នំពេញ2BZ-9995 ចំនួន ០១គ្រឿង, រថយន្ដម៉ាកAlphard ពណ៌ខ្មៅ ស្លាកលេខ តាកែវ 2D-8888 ចំនួន ០១គ្រឿង, ស្លាកលេខរថយន្ដ (មុខក្រោយ) ០១គូលេខ ភ្នំពេញ 2BQ-0560, កាំភ្លើងវែង០១ដើម មានបង់០២, កាំភ្លើងខ្លី ០១ដើម មានបំពាក់ឧបករណ៍ខ្ទប់សំលេង, បង់ចំនួន ០១, គ្រាប់កាំភ្លើងវែងខ្លីមួយចំនួន គ្រាប់បែក០១ (ប្រគល់ជូនCMAC), កូនកាំបិត០២ ,ខ្នោះដៃ ០៣គូ, វិទ្យុទាក់ទងចំនួន ០៣គ្រឿង, ទូរដែកចំនួន ០១, ទូរស័ព្ទដៃ០២គ្រឿង, កាតសម្គាល់ខ្លួន០២, អាវការពារគ្រាប់ចំនួន ០១ និងឯកសារមួយចំនួន។
តាមរបាយការណ៍ដដែល បានបញ្ជាក់ថា បន្ទាប់មកកម្លាំងសមត្ថកិច្ច បានចុះសហការត្រួតពិនិត្យបន្ដនៅផ្ទះមួយកន្លែង ក្នុងភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញដដែល គណៈកម្មការចម្រុះចុះឆែកត្រួតពិនិត្យរកឃើញជនជាតិចិនចំនួន ០៣នាក់ប្រុស ជនសង្ស័យចំនួន ០២នាក់ និងជនរងគ្រោះ ០១នាក់។
វត្ថុតាងដកហូតកាំភ្លើងម៉ាក់ ZOTAKI M9 06-T ,គ្រាប់កាំភ្លើងចំនួន ៦គ្រាប់, បង់ចំនួន០១, ទូរស័ព្ទដៃ០២គ្រឿង ម៉ាក OPPO ០១គ្រឿង ,ម៉ាក XIAOMI ០១គ្រឿង, កាបូបពណ៌ខ្មៅចំនួន០១ មានកាតមួយចំនួន, លិខិតឆ្លងដែនចំនួន០១, រថយន្តមួយគ្រឿងម៉ាក Alphard ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2BT-1768 មួយគ្រឿង។
ចំណែកផ្ទះរបស់ជនល្មើសនៅភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ រកឃើញជនសង្ស័យចំនួន ០៧នាក់ ជនជាតិចិនចំនួន ០៦នាក់ ស្រី ០១នាក់ និងជនជាតិវៀតណាមស្រី ០១នាក់ តែមិនមានជាប់ពាក់ព័ន្ធ គណៈកម្មការចម្រុះបានសម្រេចប្រគល់ទីតាំងឱ្យម្ចាស់ដើមវិញ៕