(ឡុងដ៍)៖ អនាគតនាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រី Theresa May បានប្តេជ្ញាថាលោកស្រី នឹងធ្វើឲ្យដំណើរការ ចាកចេញពីសហភាពអឺរ៉ុបប្រកបដោយភាពជោគជ័យ នោះគឺចក្រភពអង់គ្លេសនឹងមានការរីកចំរើនកាន់តែប្រសើរឡើង បើទោះបីជាត្រូវផ្តាច់ខ្លួនប្រកបដោយភាពចម្រូងចម្រាស់ក៏ដោយ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយសារព័ត៌មាន BBC នាព្រឹកថ្ងៃអង្គារ ទី១២ ខែកក្កដា ឆ្នាំ២០១៦។
ថ្លែងនៅពីមុខវិមានរដ្ឋសភាលោកស្រី Theresa May បានលើកឡើងថា វាជារឿងដែលគួរឲ្យតក់ស្លុតមួយ ដែលត្រូវបន្ត តំណែងពីលោក David Cameron បន្ទាប់ពីការប្រកួតប្រជែងតែឯងកាលពីថ្ងៃចន្ទ។ នៅថ្ងៃពុធស្អែកនេះលោក Cameron នឹងបញ្ជូនលិខិតស្នើសុំលាលែងពីតំណែងថ្វាយម្ចាស់ក្សត្រីយ៍អង់គ្លេស ហើយនៅល្ងាចថ្ងៃដដែលនោះក៏ជាពេល ដែលលោកស្រី Theresa May ស្បថឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីអង់គ្លេសថ្មីផងដែរ។
គួរបញ្ជាក់ថាលោក Cameron បានធ្វើជានាយករដ្ឋមន្ត្រីអង់គ្លេសចាប់តាំងពីគណបក្សរបស់លោកឈ្នះឆ្នោតក្នុងឆ្នាំ ២០១០ ហើយក៏បានសម្រេចចិត្តលាលែងចេញពីតំណែងតាំងពីចុងខែមិថុនា មកម្ល៉េះបន្ទាប់ពីចក្រភពអង់គ្លេស បានសម្រេចចិត្តទាំងសៅហ្មងក្នុងការចាកចេញពីសហភាពអឺរ៉ុបនោះ។ យ៉ាងណាក៏ដោយលោកស្រី Theresa May វ័យ ៥៩ឆ្នាំរូបនេះ ត្រូវបានក្រុមអ្នកនយោបាយក្នុងស្រុក និងអន្តរជាតិ ដឹងច្បាស់ថានឹងទទួលរងនូវបន្ទុកការងារខ្លាំងបំផុតពី លោក Cameron ដូចជាការសម្រួលដំណើរការចាកចេញពីសហភាពអឺរ៉ុប និងការដោះស្រាយការបែកបាក់គ្នាក្នុងសង្គម អង់គ្លេស ព្រមទាំងដោះស្រាយវិបត្តិសេដ្ឋកិច្ចថែមទៀត៕