(រតនគិរី)៖ លោក ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្តរតនគិរី និងលោក ញ៉ែម សំអឿន អភិបាលខេត្ត នៅព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣នេះ បានរៀបចំបួងសួងតាមបែបសាសនា នៅតាមទីតាំងស័ក្តិសិទ្ធចំនួន ៣កន្លែង គឺស្តូបគោរពបូជាលោកតាបឹងកន្សែង ឬលោកតាជួង, ព្រះពុទ្ធរូបព្រះអង្គបរិនិពាន្ត នៅលើកំពូលភ្នំឥសីបតមៈ និងនៅស្តូបគោរពបូជាលោកតាបឹងយក្ខឡោម។
នៅក្នុងឱកាសនេះ លោក ណាប់ ប៊ុនហេង និងលោក ញ៉ែម សំអឿន និងលោកស្រីព្រមទាំងមន្រ្តីអ្នកមុខអ្នកការដែលបានអញ្ជើញចូលរួមបានលំអោនកាយវាចារចិត្តគោរព បួងសួងបារមីលោកតាបឹងកន្សែង លោកតាបឹងយក្ខឡោម និងវត្ថុស័ក្តិសិទ្ធទាំងឡាយលើលោក សូមជួយបីបាច់ថែរក្សា និងសុំសេចក្តីសុខសេចក្ដីចម្រេីនកើតមានដល់មន្រ្តីរាជការគ្រប់ជាន់ថ្នាក់ នៃរដ្ឋបាលខេត្ត និងភ្ញៀវទេសចរជាតិ-អន្តរជាតិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋទូទាំងខេត្តរតនគិរី។
ជាពិសេសសុំឱ្យព្រឹត្តិការណ៍សង្រ្កាន្តរតនគិរី ប្រព្រឹត្តទៅរយៈពេល ៧ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧នេះ ប្រព្រឹត្តិទៅដោយភាពជោគជ័យ សេរីមង្គលដ៏បវរ តាមសេចក្តីប៉ងប្រាថ្នា នៃប្រជាពលរដ្ឋខ្មែរ ព្រមជាមួយភ្ញៀវជាតិ-អន្តរជាតិផងដែរ៕