(ភ្នំពេញ)៖ សង្ក្រាន្ត នៅរមណីយដ្ឋានវត្តភ្នំ ដែលរៀបចំឡើងដោយរដ្ឋរាជធានីភ្នំពេញ និងសាលាខណ្ឌដូនពេញ បាននឹងកំពុងប្រព្រឹត្តទៅយ៉ាងរលូនក្រោមកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់បានយ៉ាងល្អ​ប្រសើរ របស់អាជ្ញាធរ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣នេះ ដើម្បីអបអរសាទពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ នឹងប្រព្រឹត្តទៅនៅថ្ងៃ ១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៣។

លោក ចាប ឌីណា អភិបាលរងខណ្ឌដូនពេញ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ថា ដោយមានការយកចិត្តទុកដាក់ណែនាំជាប្រចាំរបស់អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង, អភិបាលខណ្ឌដូនពេញ លោក ជា ខេមា បានដឹកនាំការប្រជុំ និងដឹកនាំកម្លាំងសមត្ថកិច្ច ព្រមទាំងអាជ្ញាធរ រក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ បានយ៉ាងល្អប្រសើរនៅក្នុងពិធីសង្ក្រាន្តវត្តភ្នំនេះ។

លោក ចាប ឌីណា បានបញ្ជាក់ថា សង្ក្រាន្តវត្តភ្នំនេះ មានការតាំងពិព័រណ៍ និងការរៀបចំផលិតផលការតាំងពិព័រណ៍យ៉ាងច្រើន ជាពិសេសមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋ បានអញ្ជើញចូលលេងកមន្សាន្តយ៉ាងច្រើនកុះករ។ ដោយឡែកសម្រាប់ខណ្ឌដូនពេញ គឺអាជ្ញាធរបានប្រើប្រាស់កម្លាំងជាង៤០០នាក់ ដើម្បីចូលរួមការពារសន្តិសុខ សណ្តាប់ធ្នាប់នៅសង្ក្រាន្តវត្តភ្នំនេះ បានយ៉ាងល្អប្រសើរ។

រដ្ឋបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរពីគ្រប់មជ្ឈដ្ឋាន មកចូលរួមលេងកម្សាន្តក្នុងសង្ក្រាន្ដវត្តភ្នំ ដែលធ្វើឡើងនៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង៨៖០០នាទីព្រឹក ដល់ម៉ោង៨៖០០នាទីយប់ តាមថ្ងៃនីមួយៗ ឱ្យបានច្រើនកុះករ។

ការរៀបចំសង្ក្រាន្ដវត្តភ្នំនេះ មានកម្មវិធីកម្សាន្ដសប្បាយ ដូចជាពិធីទទួលទេវតាឆ្នាំថ្មី ពិធីគោរព ទីទួលដូនពេញ ពិធីដង្ហែព្រះពុទ្ធរូប ពិធីពូនភ្នំខ្សាច់ ពិធីបុណ្យស្រង់ព្រះ ការសម្ដែងសិល្បៈរបាំត្រុដិ របាំបុរាណផ្សេងៗ ការលេងល្បែងប្រជាប្រិយជាតិ (ទាញព្រ័ត្រ បោះអង្គញ់ វាយក្អម ចោលឈូង លាក់កន្សែង ចាប់កូនខ្លែង ដណ្តើមស្លឹកឈើ និងល្បែងប្រជាប្រិយជាតិផ្សេងទៀត) ការប្រគំតន្ត្រីបុរាណ-សម័យ ការរាំលេងកម្សាន្ត និងការដាក់តាំងបង្ហាញគំនូរបុរាណ និងវត្ថុសិល្បវប្បធម៌៕