(សិង្ហបុរី)៖ លោកទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានដឹកនាំប្រតិភូក្រសួងឧស្សាហកម្ម និងសិប្បកម្ម ចូលរួមសន្និសីទអាស៊ានបូកបី នៃរដ្ឋមន្រ្តីទទួលបន្ទុក វិស័យទឹកស្អាត (ASEAN Plus Three Water Minister Forum-APTWMF) ព្រមទាំងចូលរួមសប្តាហ៍ ទឹកអន្តរជាតិសិង្ហបុរីឆ្នាំ២០១៦ (Singapore International Water Week-SIWW 2016) និងកិច្ចប្រជុំកំពូល នៃថ្នាក់ ដឹកនាំវិស័យទឹកស្អាត (Water Leaders Submit) ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦ នៅប្រទេសសិង្ហបុរី។ ទន្ទឹមនឹងនេះ ក៏មានកិច្ចប្រជុំកំពូលស្តីពី បរិស្ថានស្អាត (Clean Environment Summit) និងកិច្ចប្រជុំកំពូលស្តីពីទីក្រុង ក្នុងពិភពលោក (World Cities Summit) ផងដែរ។
ព្រឹត្តិការណ៍នេះបានចាប់ផ្តើមជាផ្លូវការ ដោយពិធីបើកដ៏អធិកអធម ក្រោមអធិបតីភាពរបស់ លោក Tony Tan Keng Yam ប្រធានាធិបតីនៃប្រទេសសិង្ហបុរី។
សន្និសីទអាស៊ានបូកបី នៃរដ្ឋមន្រ្តីទទួលបន្ទុក វិស័យទឹកស្អាត បានផ្តោតសំខាន់លើការ ពិភាក្សាអំពីប្រធានបទ ការធ្វើឲ្យប្រសើរឡើង នៃនិរន្តភាព និងការសម្របទៅនឹងអាកាសធាតុ ក្នុងវិស័យទឹកស្អាត និងអនាម័យ Enhancing Sustainability and Building Climate Resilience in Water Supply and Sanitation ដែលមានការចូលរួម របស់បណ្តារដ្ឋមន្រ្តី នៃប្រទេសសមាជិកអាស៊ាន តំណាងរបស់ប្រទេសបូកបី (ចិន ជប៉ុន និងកូរ៉េ) ព្រមទាំងមានការចូល រួមរបស់ដៃគូរអភិវឌ្ឍ រួមមាន៖ ធនាគារអភិវឌ្ឍអាស៊ី ធនាគារពិភពលោក និងក្រុមប្រឹក្សាទឹកពិភពលោក (World Water Council)។
ក្នុងសន្និសីទនេះ រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់យ៉ាងច្បាស់ អំពីបញ្ហាប្រឈមរបស់កម្ពុជា ក្នុងវិស័យទឹកស្អាតដែលត្រូវឆ្លើយតប ឲ្យបានតាមតម្រូវការនៃការ រីកចំរើន យ៉ាងឆាប់រហ័សនៃបណ្តាទីក្រុង និងទីប្រជុំជននានានៅទូទាំងប្រទេស ព្រមទាំងផលប៉ះពាល់នានា ដែលកើតមានដោយសារការប្រែប្រួលអាកាសធាតុ ដូចជាគ្រោះមហន្តរាយ រួមមានគ្រោះរាំងស្ងួត និងគ្រោះទឹកជំនន់ ជាដើម។ ក្រៅពីនេះកង្វះទឹកស្អាតប្រើប្រាស់ ក៏បានបង្កឲ្យមានជំងឺចំនួន៦ ក្នុងចំណោមជំងឺទាំង១០មុខ ដែលកើត មានច្រើនជាងគេផងដែរ។ ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមទាំងនេះ ក្នុងអណត្តិទី៥នៃរាជរដ្ឋាភិបាលកម្ពុជា ក្រសួងឧស្សាហកម្ម និងសិប្បកម្មបានធ្វើកំណែ ទម្រង់ស៊ីជម្រៅក្នុងវិស័យទឹកស្អាត ដើម្បីធានាថាកម្ពុជា នឹងសម្រេចបានផែនការយុទ្ធសាស្ត្រជាតិ ដែលកំណត់ថា ប្រជាជននៅតាមទីប្រជុំជននៅទូទាំងប្រទេស នឹងទទួលបានសេវាទឹកស្អាត១០០% នៅត្រឹមដំណាច់ឆ្នាំ២០២៥។
កំណែទម្រង់របស់រាជរដ្ឋាភិបាល បានផ្តោតទៅលើយន្តការសំខាន់ៗ រួមមាន ១-លើកទឹកចិត្តឱ្យមានការវិនិយោគរបស់វិស័យឯកជន ក្នុងវិស័យទឹកស្អាត ដោយបានពន្យារអាយុកាលអាជ្ញាប័ណ្ណ ធ្វើអាជីវកម្មទឹកស្អាត ពី៣ឆ្នាំ ទៅ២០ឆ្នាំ។ ២បានចេញប្រកាសស្តីពីការ កំណត់ថ្លៃលក់ទឹកស្អាត ដែលធានាបាននូវសមភាព រវាងអ្នកផ្តល់សេវា និងអ្នកទទួលសេវាទឹកស្អាត។ ៣ កំពុងរៀបចំពង្រាងច្បាប់ ទឹកស្អាត ដែលនឹងធានាឲ្យបាននូវសុវត្ថិភាព និងនិរន្តរភាព នៃការផ្គត់ផ្គង់ទឹកស្អាត ព្រមទាំងធានានូវសមភាព សម្រាប់គ្រប់ភាគី ពាក់ព័ន្ធទាំងអស់។ ៤-ការជួយគាំទ្រយ៉ាងសកម្មទាំងផ្នែកបច្ចេកទេស និងការគ្រប់គ្រង ដល់អ្នកផ្តល់សេវាទឹកស្អាតទាំងរដ្ឋ និងឯកជន ក្នុងគោលបំណងបង្កើន ប្រសិទ្ធភាពនៃប្រតិបត្តិការផលិត និងចែកចាយទឹកស្អាត។ ៥-ការបង្កើតឱ្យមានមន្ទីរពិសោធន៍ចល័ត ដើម្បីធានាពីគុណភាព និងសុវត្ថិភាព នៃការផ្តល់សេវាទឹកស្អាតជូនប្រជាពលរដ្ឋ។
ម្យ៉ាងវិញទៀត ការគ្រប់គ្រង និងប្រើប្រាស់ប្រភពទឹក ឱ្យបានសមស្រប និងមានប្រសិទ្ធភាពខ្ពស់ ក៏ជាកត្តាស្លាប់រស់ផងដែរ ដែលទាមទារឲ្យមានកិច្ចសហការណ៍ ជាចាំបាច់រវាងបណ្តាក្រសួង និងស្ថាប័ន ដែលពាក់ព័ន្ធទាំងអស់ រួមមាន ក្រសួងធនធានទឹក និងឧត្តុនិយម ក្រសួងកសិកម្ម ក្រសួងអភិវឌ្ឍជនបទ ក្រសួងសាធារណៈការ និងក្រសួងបរិស្ថាន ជាដើម។ ទន្ទឹមនឹងនោះ រដ្ឋាភិបាលក៏បានបញ្ជាក់ផងដែរថា ការគាំទ្រផ្នែកហិរញ្ញវត្ថុរបស់បណ្តាប្រទេសបូកបី និងដៃគូអភិវឌ្ឍនានា ក៏ដូចជាពីបណ្តា ប្រទេសសមាជិកអាស៊ាន ពិតជាចាំបាច់ជាចម្បង ដើម្បីជម្រុញឱ្យប្រជាពលរដ្ឋកម្ពុជា អាចទទួលបានសេវាទឹកស្អាតតាមបំពង់បាន យ៉ាងឆាប់រហ័ស។
ក្នុងកំឡុងពេលនេះដែរ លោកទេសរដ្ឋមន្រ្តី ក៏បានជួបពិភាក្សាទ្វេភាគី ជាមួយលោករដ្ឋមន្ត្រី ក្រសួងធនធានធម្មជាតិ និងបរិស្ថាន នៃប្រទេសឡាវ, លោករដ្ឋមន្រ្តី ក្រសួងថាមពល បច្ចេកវិទ្យាបៃតង និងទឹកស្អាត នៃប្រទេសម៉ាឡេស៊ី និងលោកជំទាវរដ្ឋលេខាធិការក្រសួងសុខាភិបាល និងក្រសួងបរិស្ថាន និងធនធានទឹក នៃប្រទេសសិង្ហបុរី ដោយបានផ្តោតទៅលើការងារ រួមមាន ១-ការចែករំលែកបទពិសោធន៍ ក្នុងវិស័យទឹកស្អាត តាមរយៈការផ្លាស់ប្តូរអ្នកបច្ចេកទេសគ្នា ទៅវិញទៅមក។ ២-ការគាំទ្រផ្នែកបច្ចេកទេស តាមរយៈការបណ្តុះបណ្តាលធនធានមនុស្ស។ ៣-ការរួមគ្នាសហការណ៍ក្នុងការគ្រប់គ្រង និងប្រើប្រាស់ប្រភពឲ្យបានសមស្រប និងមានប្រសិទ្ធភាព ដើម្បីធានានិរន្តភាពនៃការផ្គត់ផ្គង់៕