(ភ្នំពេញ)៖ ឃាតករដែលបាញ់សម្លាប់ លោកបណ្ឌិត កែម ឡី អ្នកវិភាគឯករាជ្យ អាចប្រឈមនឹង ការជាប់ពន្ធនាគារ អស់មួយជីវិត ទៅតាមច្បាប់ព្រហ្មទណ្ឌ បើសិនណាជាតុលាការសម្រេចថា នោះជាអំពើឃាតកម្ម គិតទុកជាមុន។

យោងតាមមាត្រា២០០ នៃក្រមព្រហ្មទណ្ឌរបស់ប្រទេសកម្ពុជា បានចែងថា «ឃាតកម្ម គិតទុកជាមុន គឺជាអំពើសម្លាប់មនុស្ស ដោយគិតទុកជាមុន ឬដោយការពួនស្នាក។ ការគិតទុកជាមុន គឺជាគម្រោងដែលបង្កើតឡើង​ មុនអំពើបៀតបៀនទៅលើរូប បុគ្គលនៃជនរងគ្រោះ។ ការពួនស្ទាក់ គឺជាអំពើឃ្លាំចាំបុគ្គលណាម្នាក់ ក្នុងរយៈពេលមួយរយៈ ដើម្បីប្រព្រឹត្តអំពើបៀតបៀន ទៅលើរូបបុគ្គល នៃជនរងគ្រោះ។ ឃាតកម្មគិតទុកជាមុន ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត»

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦នេះ សមត្ថកិច្ចបានបញ្ជូនជនដៃដល់ ជាខ្មាន់កាំភ្លើងបាញ់សម្លាប់ លោក កែម ឡី ទៅសាកសួរបន្តនៅតុលាការជាថ្មីម្តងទៀត បន្ទាប់ពីសួរ រយៈពេល១ម៉ោង កាលពីម្សិលមិញមិនទាន់ចប់។ ជនដៃដល់នេះ គ្រាន់តែបានសារភាពប្រាប់ សមត្ថកិច្ចថាឈ្មោះ «ជួប សម្លាប់» អាយុ៣៨ឆ្នាំ ជាពលករខ្មែរនៅប្រទេសថៃ ប៉ុន្តែសមត្ថកិច្ច ហាក់ពុំទាន់ជឿទាំងស្រុងទេ។

ជនដៃដល់ខាងលើ ត្រូវបានសមត្ថកិច្ច ដេញចាប់យ៉ាងប្រផាប់ប្រភីង ក្រោយបាញ់សម្លាប់លោកបណ្ឌិត កែម ឡី ភ្លាមៗនៅក្នុងស្តាម៉ាត (Star Mart) ស្តុបបូកគោ ខណ្ឌចំការមន រួចរត់ទៅ កាន់វិថីព្រះសុធារស ក្បែរវត្តស្វាយអំពែ។ នេះបើតាមការបញ្ជាក់របស់ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ។

ក្រៅពីបទឃាតកម្ម គិតទុកជាមុននេះ បើតាមផ្លូវច្បាប់ ជនដៃដល់ខាងលើ ក៏អាចប្រឈមនឹងបទល្មើសផ្សេងទៀតដូចជា ប្រើប្រាស់អាវុធខុសច្បាប់ជាដើម៕