(សៀមរាប)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហាញបំណងចង់ឱ្យអង្គការកំណត់ត្រាពិភពលោក (World Guinness Record)​ គួរគិតពិចារណាគិតជាភាគរយប្រជាពលរដ្ឋ ដើម្បីផ្តល់តម្លៃលើការបំបែកកំណត់ត្រាបត់បេះដូង សម្រាប់ប្រទេសចង់បំបែកកំណត់ត្រារបស់កម្ពុជា។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះនាឱកាសដែលសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ បើកព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៣ ដែលជាឆ្នាំទី១០ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣នេះ។

លើកឡើងនាឱកាសនោះសម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញអារម្មណ៍សប្បាយរីករាយ ជាមួយនឹងសមិទ្ធផលដែលបានកើតឡើង នោះគឺបេះដូងដែលមានច្រើនជាងគេនៅលើពិភពលោក ដែលមានតួលេខរហូតដល់ ៣ ៩១៧ ៨០៥បេះដូង ដែលជាចំនួនដ៏ច្រើន នឹងអាចនិយាយបានថា ប្រជាជនកម្ពុជាចាប់អារម្មណ៍ នឹងចូលរួមគាំទ្រចំពោះដំណើរការបត់បេះដូងនេះ។

សម្តេចបានបន្ថែមថា កម្ពុជាបានបំបែកឯកទត្តកម្មបេះដូង ច្រើនជាងគេពីចក្រភពអង់គ្លេសដែលមានជាង ៥ម៉ឺន ហើយកម្ពុជាបានរហូតជិតដល់ ៤លានបេះដូង ដែលនេះគឺជាការចូលរួមពីប្រជាពលរដ្ឋ ហើយបើតាមរបាយការណ៍មានអ្នកដែលចូលរួមក្នុងការបត់ក្រដាសបេះដូងនេះ មានចាប់ពីអាយុ ៤ឆ្នាំ រហូតដល់អាយុ ៨០ឆ្នាំ ដែលអាចចាត់ទុកថានេះជាក្តីស្រលាញ់ និងជាការចូលរួមរបស់ប្រជាពលរដ្ឋ ដែលអាចយល់បានអំពីអត្ថន័យនៃបេះដូង ដែលវាមិនមែនេះជាការចៃដន្យនោះទេ។

ពាក់ព័ន្ធនឹងការទទួលបានកំណត់ត្រាបត់បេះដូងបានច្រើនជាងគេនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះថា «ខ្ញុំគិតថានេះគឺជាការគិតគូរដ៏ស៊ីជម្រៅមួយរបស់បងបងប្អូន យុវជនរបស់យើង ហើយខ្ញុំសង្ឃឹមថាប្រទេសដែលមានប្រជាជនច្រើនជាងកម្ពុជា អាចនឹងធ្វើបានច្រើនកម្ពុជា ប៉ុន្តែបើគិតតាមអត្រានៃប្រជាជន ខ្ញុំគិតថាយើងគួរយកថ្ងៃក្រោយខាងកំណត់ត្រាឯកត្តកម្ម គួរយកជាភារយនៃប្រជាជន បើមិនចឹងយើងប្រទេសតូច ធ្វើមិចធ្វើបានច្រើនជាងប្រទេសធំ ប្រជាជនច្រើន ចឹងទេវាមិនយុត្តិធម៍ ឧទារណ៍ប្រជាជន​អាមេរិច ជាង ៣០០លាននាក់ ចឹងគាត់ចូលរួមទៅវាមិនបានច្រើន […] ចឹងទេខ្ញុំគិតថា ខាងកំណត់ត្រាឯកត្តកម្មពិភពលោក គួរតែត្រូវបានគិតថា ថ្ងៃក្រោយនណាធ្វើ ត្រូវគិតតាមភាគរយនៃចំនួនប្រជាពលរដ្ឋ អានឹងជាការល្អ ទើបមានយុត្តិធម៍ បើមិនអញ្ចឹងទេប្រទេសដែលមានប្រជាជនច្រើន ធ្វើបានច្រើន»

សម្តេចតេជោ បានបន្ថែមថា បើគិតពីចំនួនប្រជាជនកម្ពុជា សម្រាប់ប្រទេសជិតខាងដូចនេះ ថៃ ឫវៀតណាម គឺគេអាចធ្វើបានច្រើនជាងដោយសារប្រជសជនរបស់គេមានច្រើនជាង ហើយនេះគឺគ្រាន់តែជាយោបល់របស់សម្តេច ដែលផ្តល់ជូនខាងអង្គការកំណត់ត្រាពិភពលោកតែប៉ុណ្ណោះ។ សម្តេចបានបញ្ជាក់ដែរថា យ៉ាងយូរ ១ខែក្រោយ អាចនឹងមានអ្នកចេញធ្វើបេះដូង ដល់៥០លានបេះដូងក៏អាចមានដែរ ប៉ុន្តែគេអាចធ្វើបានច្រើនជាមួយនឹងប្រជាជនគេច្រើនផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះទៀតថា «ចឹងខ្ញុំការពារទុកជាមុនឱ្យហើយថា គួរតែគិតគួរអំពីការគិតពីភាគរយនៃចំនួនប្រជាជនវិញ បើមិនដូចច្នេះទេ គឺអ្នកនេះធ្វើបន្តិច អ្នកនោះធ្វើបន្តិច គេយកមកដាក់បានដល់ ៥០លានបេះដូង ឫក៏១០០លានបេះដូង ក៏គេអាចធ្វើទៅរួចដែរ ដោយសារគេមានប្រជាជនច្រើន»

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមទៀតថា កម្ពុជាធ្លាប់បានបំបែកឯកត្តកម្មពិភពលោក និងធ្លាប់បានបំបែកឯកត្តកម្មនៃថ្នាក់ជាតិផងដែរ ហើយនោះថ្ងៃស្អែកនេះដែរ នឹងមានការបំបែកឯកត្តកម្ម សម្រាប់រាំម៉ាឌីស្សុន ដែលតាមរបាយការណ៍ យើងអាចត្រឹមរាំបានត្រឹមតែ​ ៤៩៩៩នាក់តែប៉ុណ្ណោះ ហើយបើសិនជារាំដល់ ៥ពាន់នាក់ គឺនឹងត្រូវមានភាគីទី៣ ដែលនឹងត្រូវចូលរួម ដែលមិនមែនរវាងកម្ពុជា ជាមួយនឹងកំណត់ត្រាឯកត្តកម្មពិភពលោកនោះទេ ចឹងបានជាកំណត់ត្រឹម ៤ ៩៩៩ ហើយសម្តេចរំពឹងថា យុវជននឹងអាចធ្វើបានដសម្រាប់ថ្ងៃស្អែកផងដែរ៕