(សៀមរាប)៖​ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានកោតស្ងប់ស្ងែងចំពោះការបំបែកឯកទគ្គកម្ម «បត់បេះដូងរហូតដល់ជិត៤លាន» ហើយដាក់បង្ហាញនៅបរិវេណប្រាសាទអង្គរវត្តនោះ គឺជាការបង្ហាញឱ្យឃើញនូវការចូលរួមដ៏អស្ចារ្យរបស់ប្រជាជនកម្ពុជា និងបង្ហាញអត្ថន័យនៃសេចក្ដីស្រឡាញ់យ៉ាងស្រស់បំព្រង។

ការស្ងើចសរសើរបែបនេះត្រូវបានធ្វើឡើងក្នុងឱកាសដែលសម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញជាអធិបតីភាពក្នុងពិធីបើកព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ឆ្នាំ២០២៣ នាថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ នៅបរិវេណប្រាសាទបាយ័ន ខេត្តសៀមរាប។

សម្ដេចតេជោពិតជាមានការរីករាយជាមួយនឹងការបត់បេះដូងច្រើនជាងគេនៅលើពិភពលោក ដែលមានចំនួនរហូតដល់៣,៩១៧,៨០៥បេះដូង គឺជាចំនួនមួយដ៏ច្រើន និងអាចនិយាយបានថាប្រជាជនកម្ពុជាចាប់អារម្មណ៍ និងចូលរួមក្នុងយុទ្ធនាការបំបែកឯកទគ្គកម្មនេះ។

សម្ដេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា អ្នកដែលបានចូលរួមក្នុងយុទ្ធនាការនេះ គឺមានអាយុចាប់ពី៤-៨០ឆ្នាំ ដែលអាចចាត់ទុកថានេះជាការចូលរួមផ្ដល់នូវសេចក្ដីស្រឡាញ់យ៉ាងស្រស់បំព្រង។

សម្ដេចថា ពិភពលោកអាចយល់បានអំពីអត្ថន័យនៃបេះដូង គឺមិនមែនជាការចៃដន្យនោះទេ តែជាការគិតគូរដ៏ស៉ីជម្រៅមួយរបស់យុវជន-ប្រជាជនកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ការបំបែកឯកទគ្គកម្មនៃការបត់បេះដូងដែលមានរហូតដល់ជិត៤លាននោះ ជាការបង្ហាញឱ្យឃើញនូវការចូលរួមដ៏អស្ចារ្យ»

គួរជម្រាបថា បេះដូងក្រដាសដែលបានបត់ដោយប្រជាជនកម្ពុជាទូទាំងប្រទេស សម្រាប់កម្មវិធី «បេះដូងច្រើនជាងគេលើពិភពលោក» ត្រូវបានកត់ត្រាជាផ្លូវការចូលក្នុងកំណត់ត្រាពិភពលោក នៅវេលាម៉ោង៥៖១៧នាទីល្ងាច ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ ដែលមានចំនួនបេះដូងសរុប៣,៩១៧,៨០៥បេះដូង។ តួលេខនេះ គឺបំបែកកំណត់ត្រាចាស់របស់ចក្រភពអង់គ្លេសដែលកាលពីឆ្នាំ២០១៩ មានចំនួន៥៣,៧០៤បេះដូង។

បេះដូងទាំងនោះត្រូវបានរៀបចំជា «សួនបេះដូង» នៅបរិវេណប្រាសាទអង្គរវត្ត គឺបានមកពីការចូលរួមបត់បេះដូងពីប្រជាពលរដ្ឋ សិស្សានុសិស្ស និងយុវជនគ្រប់ទិសទីរួចមក ដើម្បីបង្ហាញជូនភ្ញៀវជាតិនិងអន្តរជាតិ ជាពិសេសបង្ហាញពីកិត្យានុភាពនៃការរួបរួមសាមគ្គីភាពរបស់ប្រជាជនកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន ចង់ឱ្យអង្គការកំណត់ត្រាពិភពលោក (Guinness World Record) ពិចារណាគិតជាអត្រាប្រជាពលរដ្ឋដែលចូលរួមបំបែកឯកទគ្គកម្ម ដើម្បីផ្តល់តម្លៃលើការបំបែកកំណត់ត្រាបេះដូង សម្រាប់ប្រទេសដែលចង់បំបែកកំណត់ត្រារបស់កម្ពុជា។

សម្តេចតេជោ ហ៊ុន សែន ក៏បង្ហាញការរំពឹងថា យុវជនកម្ពុជានឹងអាចបំបែកកំណត់ត្រារាំម៉ាឌីហ្សុនប្រមាណ៤ពាន់នាក់នៅថ្ងៃស្អែកផងដែរ៕