(សៀមរាប)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣នេះ បានថ្លែងបញ្ជាក់ថា មានកត្តាទាំង៦ ដែលនាំឱ្យកើតមានព្រឹត្តិការណ៍អង្គរសង្ក្រាន្ត និងការរៀបចំសង្ក្រាន្តអបអរឆ្នាំថ្មីទូទាំងប្រទេស ដែលនាំមកនូវក្តីរីករាយ ដល់ប្រជាជនរួមមាន ១៖ សុខសន្តិភាព ស្ថេរភាពនយោបាយ, ២៖ យកឈ្នះលើជំងឺកូវីដ១៩, ៣៖ ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់, ៤៖ មានមធ្យោបាយធ្វើដំណើរ, ៥៖ ថវិកា និងទី៦៖ គំនិតផ្តួចផ្តើម និងការធ្វើសកម្មភាពបានយ៉ាងល្អ របស់សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក)។
ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសអញ្ជើញ បើកព្រឹត្តិការណ៍អង្គរសង្រ្កាន្ត នៅព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ ដែលប្រារព្ធឡើងនៅបរិវេណប្រាសាទបាយ័ន ខេត្តសៀមរាប។
សម្តេចតេជោ ហ៊ុន សែន ក៏បានពន្យល់ពីអំពីកត្តាទាំង៦ ដែលនាំឱ្យកើតមានព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៣ និងការសប្បាយរីករាយឆ្នាំថ្មី របស់ប្រជាជនទូទាំងប្រទេស ដូចខាងក្រោម៖
ចំពោះសុខសន្តិភាព ស្ថេរភាពនយោបាយ, សម្តេចតេជោ ហ៊ុន សែន បានថ្លែងថាជាកត្តាដ៏សំខាន់ ដែលផ្តល់ឱកាស សម្រាប់ការសប្បាយរីករាយ របស់ប្រជាជន គ្មានការសប្បាយណាមួយ ដែលអាចកើតឡើងនៅក្រោមគ្រាប់បែក គ្រាប់ផ្លោង និងសង្គ្រាមនោះទេ ដូច្នេះហើយបានជា កម្ពុជាផ្តល់តម្លៃខ្លាំងដល់សន្តិភាព។ សម្តេចតេជោបញ្ជាក់ទៀតថា សន្តិភាព អាចផ្តល់ឱកាសឲ្យមនុស្សទាំងអស់អាចធ្វើអ្វី តាមបំណងរបស់ខ្លួន ដោយតែត្រឹមត្រូវតាមច្បាប់។
ចំណែកឯកត្តាទី២ ការគ្រប់គ្រងបានកូវីដ១៩ បានយ៉ាងល្អ, សម្តេចតេជោបញ្ជាក់ថា ការគ្រប់គ្រងកូវីដ១៩ ដ៏ល្អនេះហើយ បានផ្តល់ឱកាសឲ្យរៀបចំបុណ្យចូលឆ្នាំទូទាំងប្រទេស និងការរៀបចំព្រឹត្តិការណ៍អង្គសង្ក្រាន្តផងដែរ ដែលមកដល់ពេលនេះ កម្ពុជាមិនមានករណីឆ្លងធ្ងន់ធ្ងរនោះទេ។ ទោះជាយ៉ាងនេះក្តី សម្តេចតេជោនាយករដ្ឋមន្ត្រី នៅតែអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ បន្តមានការប្រុងប្រយ័ត្ន ចំពោះជំងឺកូវីដ១៩ ដោយការថែរក្សាអនាម័យឲ្យបានល្អ។
ចំពោះកត្តាហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ដែលមានការកសាងផ្លូវស្ពានយ៉ាងច្រើន, សម្តេចនាយករដ្ឋមន្ត្រីបញ្ជាក់ថា ការកសាងនូវហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់យ៉ាងច្រើន បានធ្វើឲ្យប្រជាជនកម្ពុជា អាចធ្វើដំណើរពីទីកន្លែងមួយទៅកន្លែងមួយទៀត បានយ៉ាងងាយស្រួល និងចំណាយពេលវេលាឆាប់។
ចំណែកកត្តាទី៤ នោះគឺការមានមធ្យោបាយធ្វើដំណើរ, ត្រង់ចំណុចនេះ សម្តេចបញ្ជាក់ថា ប្រជាពលរដ្ឋមានមធ្យោបាយធ្វើដំណើរ ទាំងមធ្យោបាយធ្វើដំណើរដោយផ្ទាល់ខ្លួនក្តី ទាំងការធ្វើដំណើរដោយរថយន្តឈ្នួលក្តី ដែលផ្តល់លទ្ធភាពឲ្យប្រជាពលរដ្ឋធ្វើដំណើរបានស្រួល។ សម្តេចតេជោបញ្ជាក់ថា ក្នុងឱកាសបុណ្យចូលឆ្នាំនេះ រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ចេញរថយន្តក្រុងចំនួន ៣៤៥គ្រឿង សម្រាប់ដឹកប្រជាពលរដ្ឋទៅមកស្រុកកំណើត ដោយឥតគិតថ្លៃ។
ចំពោះកត្តាទី៥ គឺការមានថវិកា សម្រាប់ធ្វើដំណើរកម្សាន្ត និងរៀបចំបុណ្យចូលឆ្នាំ, សម្តេចតេជោ ហ៊ុន សែន លើកឡើងថា បើទោះបីជាស្ថានភាពសេដ្ឋកិច្ច ធ្វើឲ្យប្រជាពលរដ្ឋមានការលំបាកបន្តិចក្តី ប៉ុន្តែពួកគាត់មានប្រាក់ចំណូល សន្សំបានសម្រាប់ធ្វើដំណើរកម្សាន្ត ក្នុងឱកាសបុណ្យចូលឆ្នាំ។
សម្រាប់ចំណុចទី៦ គឺគំនិតផ្តួចផ្តើម និងការធ្វើសកម្មភាពបានយ៉ាងល្អ របស់សហភាពសហព័ន្ធយុវជនកម្ពុជា សម្រាប់ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត, សម្តេចតេជោ ហ៊ុន សែន បានថ្លែងនូវការកោតសរសើរ ដល់សហភាពសហព័ន្ធយុវជនកម្ពុជា ដែលបង្កើតនូវគំនិតផ្តួចផ្តើម និងសកម្មភាពនានា ដែលយុវជនមាន។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រធានបទអង្គរសង្ក្រាន្ត «ក្តីស្រមៃ និងក្តីសង្ឃឹម» គឺជាប្រធានបទដ៏ទូលាយ ដែលធ្វើឲ្យប្រជាជនសម្រៃឃើញប្រទេសជាតិមានសន្តិភាព និងការអភិវឌ្ឍ មិនស្រមៃឃើញនូវភាពបែកបាក់ និងសង្គ្រាមវិលត្រឡប់មកកាន់ទឹកដីកម្ពុជាវិញឡើយ។
សូមជម្រាបថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្តនៅឆ្នាំនេះ ធ្វើឡើងក្រោមប្រធានបទ «ក្ដីស្រមៃ និងក្ដីសង្ឃឹម» ដែលជាព្រឹត្តិការណ៍នៃការលើកយក នូវកេរតំណែលអរិយធម៌ វប្បធម៌ ទំនៀមទម្លាប់ និងស្នាដៃរបស់បុព្វបុរសខ្មែរ មករំលេចឡើងជាផ្ទាំងទស្សនីយភាពវប្បធម៌ជាច្រើនដូចជា៖ ល្បែងប្រជាប្រិយ របាំបុរាណ របាំប្រពៃណី និងរបាំប្រជាប្រិយ ការបង្ហាញពីជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា នៅតាមតំបន់ និងសិល្បៈទស្សនីយភាពជាច្រើនទៀត។
ព្រឹត្តិការណ៍អង្គរសង្ក្រាន្តបានចូលរួមអភិរក្ស និងអភិវឌ្ឍន៍វប្បធម៌ជាតិ លើកស្ទួយកិត្យានុភាពជាតិ លើឆាកអន្តរជាតិ រួមទាំង បានផ្តល់ឱកាសឲ្យយុវជន ប្រជាជន ភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានឈ្វេងយល់បន្ថែមអំពីភាពរុងរឿង ល្បីល្បាញ ភាពសម្បូរបែបនៃវប្បធម៌ អរិយធម៌ ទំនៀមទម្លាប់ ប្រពៃណី និងសាសនាជាដើម៕