(សៀមរាប)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៣ នៅខេត្តសៀមរាប នឹងក្លាយជាជំនួបបេះដូងរវាងបុរស និងស្ត្រី ដែលអាចនឹងក្លាយជាគូអនាគតស្វាមី និងភរិយា ទៅថ្ងៃក្រោយ ខណៈប្រជាពលរដ្ឋកំពុងតែសប្បាយរីករាយជាមួយពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នៅគ្រប់ទីកន្លែងទូទាំងប្រទេស។
ការថ្លែងបែបនេះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅព្រឹកថ្ងៃសុក្រ ទី១៤ ខែមេសា ឆ្នាំ២០២៣នេះ ក្នុងឱកាសដែលសម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ បើកព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៣ ដែលជាឆ្នាំទី១០ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖ «ក្រៅពីជំនួបត្រីកោណរវាងមនុស្ស ជាមួយវប្បធម៌អរូបិយ និងវប្បធម៌រូបិយ អម្បាញមិញប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បាននិយាយហើយនៅមានជំនួបទី៤ទៀត គឺជំនួបរវាងស្ត្រី និងបុរសដែលអាចចាប់ផ្តើម ពីទីនេះហើយក្លាយទៅជាអនាគតភរិយា និងស្វាមី ទៅថ្ងៃក្រោយ...!»។
សម្តេចតេជោ ហ៊ុន សែន បានបន្តថា នៅឆ្នាំ២០២៣នេះ បានង្កើតនូវស្ថានភាពមិនគ្រាន់តែរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅខេត្តសៀមរាបនោះទេ ក៏ប៉ុន្តែ សង្ក្រាន្តថ្នាក់ជាតិបានកើតនៅគ្រប់ទីកន្លែងទាំងអស់ នៅទូទាំងប្រទេសកម្ពុជា ចាប់តាំងពីថ្នាក់ខេត្ត ថ្នាក់ស្រុក ឃុំ និងគ្រឹះស្ថានសិក្សានានា ក្នុងក្របបខ័ណ្ឌទៅទាំងប្រទេស។
ទន្ទឹមនឹងនេះដែរ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា៖ «ប្រជាជនពិតជាមានការសប្បាយរីករាយ ជាមួយនឹងអ្វីដែលបាននឹងកំពុងកើត បើជាទោះីជាមានផលប៉ះពាល់ខាងសេដ្ឋកិច្ចបណ្តាលមកពីជំងឺរាតត្បាតជំងឺកូវីដ១៩ និងបណ្តាលមកពីកត្តាខាងក្រៅមួយចំនួន ដែលធ្វើឱ្យយើងមានផលប៉ះពាល់ ប៉ុន្តែ ខ្ញុំគិតថា អ្វីដែលយើងអាចធ្វើបាននៅក្នុងឆ្នាំនេះ ដែលប្រជាជននៅទូទាំងប្រទេសកំពុងត្រៀមរៀបចំទទួលទេវតាឆ្នាំថ្មី យើងបានសង្កេតឃើញថា មានការរៀបចំប្រុងប្រៀបគ្រប់ទីកន្លែង»។
សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់អាជ្ញាធរ កម្លាំងសមត្ថកិច្ចទាំងអស់ យកចិត្តទុកដាក់ថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋលេងសប្បាយ នៅក្នុងរយៈពេលក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនេះ។
បន្ថែមពីនេះ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា កត្តាសុខសន្តិភាព ស្ថេរភាពនយោបាយ ជាកត្តាសំខាន់នាំមកនូវភាពសប្បាយរីករាយ។ គ្មានភាពសប្បាយរីករាយណាមួយកើតឡើងក្រោមគ្រាប់ផ្លោងនោះឡើយ កត្តាសុខសន្តិភាពផ្តល់ឱកាសឱ្យមនុស្សធ្វើអ្វីៗតាមបំណងឱ្យតែត្រូវច្បាប់៕