(សៀមរាប)៖ ថ្លែងចេញពីខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសឲ្យដឹងថា អាកាសយានដ្ឋានអន្តរជាតិ សៀមរាប-អង្គរ នៅក្នុងខេត្តសៀមរាប អាចនឹងបើកឲ្យដំណើរការ នៅខែតុលា ឆ្នាំ២០២៣ ខាងមុខនេះ។
ការប្រកាសឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ បើកព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៣ ដែលជាឆ្នាំទី១០ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣នេះ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «សូមជម្រាបជូនថា តាមរយៈនៃការវិនិយោគ ព្រលានយន្ដហោះដ៏ធំមួយ នៅខេត្ដសៀមរាប ប្រហែលជាមិនយូរ ជាងខែតុលាខាងមុខនេះទេ យើងនឹងបើកឲ្យប្រើប្រាស់ ព្រលានយន្ដហោះដ៏ធំ នៅក្នុងខេត្តសៀមរាប»។
សម្ដេចតេជោ នាយករដ្ឋមន្ដ្រី បានគូសបញ្ជាក់ថា នេះជាដំណើរការមួយ ដែលកម្ពុជាអាចនឹងឈានទៅទទួលយន្ដហោះខ្នាតធំ ដែលហោះត្រង់ពីប្រទេសនានា មកចុះនៅខេត្តសៀមរាប។
បន្ថែមពីនោះទៀត សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា អនាគតរបស់ខេត្តសៀមរាប ក៏នឹងក្លាយទៅជាទីកន្លែង នៃការទាក់ទាញភ្ញៀវទេសចរ មកកាន់ទីនេះ។ សម្ដេចបន្ដទៀតថា ជាមួយនឹងការវិនិយោគ យ៉ាងគំហុក នៅខេត្តសៀមរាប គឺធ្វើឲ្យខេត្តនេះ ក្លាយតារារះនាទិសឧត្តរ នៃប្រទេសកម្ពុជា។
សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងទៀតថា ខេត្តសៀមរាប នឹងក្លាយទៅជាចំណុចទាកទាញបន្ថែមទៀត មិនគ្រាន់តែវិស័យទេសចរណ៍នោះទេ តែអាចនឹងឈានទៅដល់តំបន់ឧស្សាហកម្មខ្លះទៀតផង ដែលនឹងរួមចំណែកដោះស្រាយការលំបាក និងប្រាក់ចំណូលសម្រាប់ប្រជាពលរដ្ឋកម្ពុជា។
សូមជម្រាបថា អាកាសយានដ្ឋានអន្តរជាតិ សៀមរាប-អង្គរ បានចាប់ផ្តើមសាងសង់កាលពីខែមីនា ឆ្នាំ២០២០ ដោយក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co.,Ltd (AIAI) ក្រោមទុនវិនិយោគប្រមាណជិត១ពាន់លានដុល្លារ។
អាកាសយានដ្ឋានអន្តរជាតិនេះ បាននិងកំពុងដំណើរការសាងសង់លើផ្ទៃដីប្រមាណជា៧០០ហិកតា ស្ថិតនៅក្នុងភូមិក្រៀលពង ឃុំពពេល និងភូមិប្រវ៉ាល ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ដែលមានចម្ងាយប្រមាណ៥០គីឡូម៉ែត្រ ពីទីប្រជុំជនក្រុងសៀមរាប និងចម្ងាយ ៤០គីឡូម៉ែត្រ ពីរមណីយដ្ឋានអង្គរ ដែលចម្ងាយនេះ មិនធ្វើឲ្យប៉ះពាល់ ដល់តំបន់ការពារបេតិកភណ្ឌនោះទេ។
អាកាសយានដ្ឋានអន្តរជាតិ សៀមរាប-អង្គរ គឺជាអាកាសយានដ្ឋានអន្តរជាតិលំដាប់ 4E ជាមួយផ្លូវបត់រត់ប្រវែង ៣,៦០០ម៉ែត្រ មានសមត្ថភាពឲ្យយន្តហោះគ្រប់ប្រភេទចុះចតបាន ដោយបំពាក់បច្ចេកវិទ្យាថ្មីបំផុត សម្រាប់សុវត្ថិភាព និងសន្តិសុខដល់អ្នកដំណើរ។ អាកាសយានដ្ឋានមានចំណតយន្តហោះរហូតដល់ទៅ ៣៨។
នៅពេលដាក់ឲ្យដំណើរ ដែលគ្រោងធ្វើឡើងនៅខែតុលា ឆ្នាំ២០២៣ អាកាសយានដ្ឋាននេះ អាចមានសមត្ថភាពទទួលអ្នកដំណើរប្រមាណ ៧លាននាក់ក្នុងមួយឆ្នាំ។ នៅក្នុងដំណាក់កាលទី២ អាចទទួលអ្នកដំណើរដល់ ១០លាននាក់ក្នុងមួយឆ្នាំ ហើយដំណាក់កាលទី៣ អាចទទួលអ្នកដំណើរបានរហូតដល់ ២០លាននាក់នៅក្នុងមួយឆ្នាំ៕