(សៀមរាប)៖ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣នេះ បានចុះពិនិត្យប្រព័ន្ធកាមេរ៉ាសុវត្ថិភាព ដែលបំពាក់នៅតាមទីតាំងសំខាន់ៗ ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ នៅខេត្តសៀមរាប។
ការបំពាក់កាមេរ៉ាសុវត្ថិភាពនៅតាមទីតាំងសំខាន់ៗ ស្ទើរតែពេញក្រុងសៀមរាបនេះ ពិសេសនៅតំបន់អង្គរ គឺដើម្បីជាការចូលរួមចំណែកក្នុងការការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពជូនថ្នាក់ដឹកនាំ ព្រមទាំងភ្ញៀវទេសចរជាតិ អន្ដរជាតិ ដែលមកដើរកម្សាន្ដក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ នាឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣។
សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតិឲ្យរៀបចំកម្មវិធីអង្គរសង្ក្រាន្ដឡើងវិញ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣៕