(សៀមរាប)៖ នៅរសៀលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣នេះ សហភាពសហព័ន្ធយុវជនកម្ពុជា រៀបចំធ្វើពិធីសមាធិ ដើមី្បអបអរសាទរខួប១០ឆ្នាំនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៣ នៅខាងក្រោយបរិវេណប្រាសាទអង្គរវត្ត ដោយមានការចូលរួមពីលោក សំហេង បុរស ប្រតិភូអមរាជរដ្ឋាភិបាល និងជាអគ្គលេខាសហភាពសហព័ន្ធយុវជនកម្ពុជា លោក អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត លោកស្រី យូ សុភា អភិបាលរងខេត្ត និងមានការនិមន្តដឹកនាំដោយព្រះវិជ័យរង្សីបណ្ឌិត ឡាច លាង ព្រះធម្មធរគណខេត្តនិង ជាព្រះអនុគណក្រុងសៀមរាប និងការធ្វើដើរសុក្រំភាវនាព្រះធម៌ដឹកនាំដោយព្រះខន្ដិរង្សីឥន្ទបាលី កែវ អាន ព្រះរាជាគណៈកិត្ដិយស ជាព្រះវិន័យធរអនុគណក្រុង និងគ្រូចៅអធិការវត្ត ឥន្ទបត្តបុរី (ហៅវត្តអង្គរខាងត្បូង) សមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត និងមានការនិមន្តចូលរួមពីព្រះសង្ឃ ថ្នាក់ដឹកនាំមន្ទីរ តាជីយាយជី និងសមាជិកសមាជិកាសហភាពសហព័ន្ធយុវជនកម្ពុជា ចូលរួមធ្វើសមាធិជិត៦រយអង្គ/នាក់ផងដែរ។

ព្រះខន្ដិរង្សី ឥន្ទបាលី កែវ អាន មានសង្ឃដិកាថា ការធ្វើសមាធិនេះ គឺជាវិធីសាស្រ្តមួយដែលអាចជួយធ្វើចិត្តរបស់យើង ឲ្យបានស្ងប់ និងជួយសម្រាលការស្ត្រេស ជួយបង្កើតនូវគុណតម្លៃល្អៗទៀតផង។ ការធ្វើបដិបត្តិថ្នាក់ដំបូងៗ ភាគច្រើន គឺរីករាយក្នុងការចាប់ផ្តើមបដិបត្តិសមាធិភ្លាមៗតែម្តង ដោយគ្មានការសិក្សាសុីជម្រៅអំពីព្រះធម៌។ ទោះបីជាយ៉ាងនេះក៏ដោយ តែវាគឺជាគំនិតដ៏ល្អមួយ ដើម្បីរីកចំរើនទៅតាមដំណាក់កាលនិមួយៗ ហើយការធ្វើសមាធិរបស់យើងនឹងកាន់តែជ្រៅទៅៗកាលណាយើងសិក្សាបន្ថែមទៀត នូវការបង្រៀងរបស់ព្រះពុទ្ធអង្គ។

ព្រះអង្គមានសង្ឃដិកាថា អំពីសារៈប្រយោជន៏នៃសមាធិ គឺបានធ្វើឲ្យអារម្មណ៍ រិតតែធូរស្បើយនិងកាត់បន្ថយស្រ្តេស ហើយអារម្មណ៍រិតតែមានការយកចិត្តទុកដាក់ និង មិនស្ពឹកស្រពន់ និងរិតតែស្ងប់មិនមានការព្រួយបារម្ភជាប់រហូត ព្រមទាំងមានការយល់ដឹងអំពីខ្លួនឯង អំពីជីវិត និងយល់ដឹងអំពីអ្នកដ៏ទៃរិតតែច្បាស់ និងធ្វើឲ្យមានអារម្មណ៍វិជ្ជមានរិតតែច្រើនដូចជាសេចក្តីស្រលាញ់និងសេចក្តីមេត្តា។ មនុស្សភាគច្រើន ចង់បានចិត្តស្ងប់ចង់បានចិត្តដែលមានលក្ខណៈច្បាស់លាស់ និងចង់បានចិត្តសប្បាយរីករាយ។ ប្រសិនបើយើង មានស្រ្តេស ឬក៏យើងស្ថិតនៅក្នុងសភាពអវិជ្ជមាននោះវានឹងធ្វើឲ្យយើងមិនសប្បាយចិត្ត ប៉ះពាល់ដល់សុខភាពរបស់យើងយ៉ាងធ្ងន់ធ្ងរ ហើយវាក៏អាចបំផ្លាញដល់អាជីពការងារក្រុមគ្រួសារ និងមិត្តភាពផងដែរ។ 

ព្រះអង្គមានសង្ឃដិកាបញ្ជាក់ថា ប្រសិនបើយើងមាន អារម្មណ៍ថា ច្អែតច្អន់នឹងស្រ្តេស ឆាប់ខឹងហើយនោះ យើងអាចងាកមករកវិធីសាស្រ្តនានា ជាជំនួយដូចជាការធ្វើសមាធិជាដើម។ សមាធិអាចជួយយើងឲ្យជម្នះបាននូវរាល់កង្វះខាតនានា ផ្នែកអារម្មណ៍ដោយគ្មានផលប៉ះពាល់អ្វីទាំងអស់។ នេះជាមធ្យោបាយមួយ ដែលអាចឲ្យយើងប្រើប្រាសដើម្បីសម្រេចបាននូវលទ្ធផលជាវិជ្ជមាននានា។ ប៉ុន្តែវាមិនមែនជាវិធីសាស្រ្តមួយ ដែលព្យាបាលឲ្យជាភ្លាមៗនោះទេ។ ប៉ុន្តែវាអាចសម្រេចបានតាមរយៈនៃបុព្វហេតុ និងលក្ខខណ្ឌដ៏ច្រើន។

ព្រះអង្គមានសង្ឃដិកា អំពីវិធីច្រើនយ៉ាងក្នុងការធ្វើសមាធិ បើទោះបីជា វិធីសាស្រ្តទាំងនោះជួយយើងឲ្យស្ងប់ក៏ដោយ ប៉ុន្តែនេះមិនមែនជាគោលបំណងចុងក្រោយនោះទេ។ ការធ្វើសមាធិនេះ ជាការបន្ធូរអារម្មណ៏ស្រ្តេស គឺពិតជាចាំបាច់និងសំខាន់មុនពេលយើងអាចមានការរីកចំរើនបានក្នុងការបង្កើតនូវលក្ខខណ្ឌជាវិជ្ជមាននានា។ ដូច្នេះជាធម្មតាយើងធ្វើការសម្រួល និងរម្ងាប់អារម្មណ៏ដោយផ្តោតលើខ្យល់ដង្ហើមមុនពេលបន្តរទៅមុខទៀត ក្នុងការធ្វើការឆ្លាសគ្នារវាងប្រភេទទាំងពីរនៃការធ្វើសមាធិតាមបែបព្រះពុទ្ធសាសនា គឺវិបស្សនា (ការធ្វើសមាធិត្រិះរិះពិចារណា)និងសមថ(ការធ្វើសមាធិដោយតម្កល់ចិត្តឲ្យនឹង និងការចម្រើនសតិ)។

ជាមួយនេះដែរ ព្រះអង្គមានសង្ឃដិកាថា ចំពោះការធ្វើសមាធិតាមបែបវិបស្សនាជានិច្ចជាកាល ត្រូវបានគេហៅថា“ការធ្វើការវិភាគ”ដោយយើងប្រើប្រាសនូវហេតុផល ដើម្បីធ្វើការអភិវឌ្ឍន៏ខ្លួនយើងមួយជំហានម្តងៗ ឆ្ពោះទៅកាន់សភាពជាវិជ្ជមាននៃចិត្តដូចជាសេចក្តីស្រលាញ់។ យើងប្រើប្រាស់ហេតុផល ដើម្បីវិភាគនូវស្ថានការណ៏ណាមួយ ឬក៏យើងគ្រាន់តែបង្កើតនូវរូបភាពអ្វីមួយនៅក្នុងចិត្តប្រកបដោយផលវិជ្ជមាននានា ដូចជាទ្រង់ទ្រាយនៃរូបព្រះពុទ្ធអង្គជាដើម ហើយព្យាយាមធ្វើការវិភាគត្រិះរិះពិចារណានូវរូបនោះឲ្យរិតតែច្បាស់ឡើង៕