(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ទី១៤ ខែមេសា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បើកព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៣ ដែលជាឆ្នាំទី១០ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត។
ព្រឹត្តិការណ៍អង្គរសង្ក្រាន្តនៅឆ្នាំនេះ ធ្វើឡើងក្រោមប្រធានបទ «ក្ដីស្រមៃ និងក្ដីសង្ឃឹម» ដែលជាព្រឹត្តិការណ៍នៃការលើកយកនូវកេរតំណែលអរិយធម៌ វប្បធម៌ ទំនៀមទម្លាប់ និងស្នាដៃរបស់បុព្វបុរសខ្មែរមករំលេចឡើងជាផ្ទាំងទស្សនីយភាពវប្បធម៌ជាច្រើនដូចជា៖ ល្បែងប្រជាប្រិយ របាំបុរាណ របាំប្រពៃណី និងរបាំប្រជាប្រិយ ការបង្ហាញពីជីវភាពរស់នៅរបស់ប្រជាជនកម្ពុជានៅតាមតំបន់ និងសិល្បៈទស្សនីយភាពជាច្រើនទៀត។
ព្រឹត្តិការណ៍អង្គរសង្ក្រាន្តបានចូលរួមអភិរក្ស និងអភិវឌ្ឍន៍វប្បធម៌ជាតិ លើកស្ទួយកិត្យានុភាពជាតិលើឆាកអន្តរជាតិ រួមទាំង បានផ្តល់ឱកាសឲ្យយុវជន ប្រជាជន ភ្ញៀវទេសចរជាតិ និងអន្តរជាតិបានឈ្វេងយល់បន្ថែមអំពីភាពរុងរឿង ល្បីល្បាញ ភាពសម្បូរបែបនៃវប្បធម៌ អរិយធម៌ ទំនៀមទម្លាប់ ប្រពៃណី និងសាសនាជាដើម។
ព្រឹត្តិការណ៍អង្គរសង្ក្រាន្តដែលមានរយៈពេល៣ថ្ងៃនឹងនាំមកនូវទិដ្ឋភាពដ៏សប្បាយរីករាយ ក៏ដូចជាការរំលឹកឡើងវិញនូវព្រឹត្តិការណ៍សំខាន់ៗ ដែលបានបំបែកកំណត់ត្រាជាប្រវត្តិសាស្ត្រ ដោយមានការទទួលស្គាល់ពីអន្តរជាតិ។ ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត តែងតែជារូបភាពដែលដក់ជាប់នៅក្នុងអារម្មណ៍ប្រជាពលរដ្ឋខ្មែរ នៅពេលរំលឹកដល់ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរម្ដងៗ។
សូមជម្រាបថា ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ត្រូវបានផ្ដួចផ្ដើមរៀបចំឡើងជាផ្ទាំងទស្សនីយភាពវប្បធម៌ទ្រង់ទ្រាយធំជាលើកដំបូង នៅក្នុងឆ្នាំ២០១៣ លើទឹកដីអង្គរនៃខេត្តសៀមរាប ដោយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ក្នុងគោលបំណង ប្រមូលផ្តុំយុវជន និងសាធារណជន ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជាមហាគ្រួសារខ្មែរតែមួយ រម្លឹក និងធ្វើឲ្យរស់រវើកឡើង នៃមរតកបេតិកភណ្ឌអរូបីខ្មែរ ចូលរួមថែរក្សា និងអភិវឌ្ឍន៍វប្បធម៌ជាតិ និងលើកស្ទួយកិត្យានុភាពជាតិលើឆាកអន្តរជាតិ ផ្តល់ឱកាសដល់យុវជន ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិបានសិក្សាអំពីកិត្តិនាម ភាពចម្រុះ នៃវប្បធម៌ អរិយធម៌ ប្រពៃណី និងសាសនា។
មិនតែប៉ុណ្ណោះ គឺដើម្បីបំផុសស្មារតីប្រជាជនកម្ពុជា ជាពិសេសយុវជន កូនចៅខ្មែរជំនាន់ក្រោយឲ្យមានមោទកភាព ស្រឡាញ់វប្បធម៌ អរិយធម៌ ប្រពៃណី និងទំនៀមទម្លាប់ជា បំផុសគំនិតរួបរួមកម្លាំងសាមគ្គីជាធ្លុងមួយ និងជាគ្រួសារតែមួយ ព្រមទាំងបណ្តុះស្មារតីអភិរក្ស និងអភិវឌ្ឍវប្បធម៌ជាតិ បាវចនាជាតិ ព្រលឹង និងអត្តសញ្ញាណជាតិខ្មែរ រួមទាំងផ្តល់ឱកាសសម្រាប់ពាណិជ្ជករ សហគ្រិន អាជីវករ ផលិតផលពាណិជ្ជកម្ម ផលិតផលសិប្បកម្ម និងសេវាកម្មនានា និងចូលរួមចំណែកជំរុញទេសចរណ៍ផ្ទៃក្នុង និងអន្តរជាតិដែលជាមាសបៃតងរបស់កម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត មិនមែនសម្រាប់យុវវ័យនោះទេ គឺសម្រាប់មនុស្សគ្រប់វ័យទាំងអស់។
ការរៀបចំនូវព្រឹត្តិការណ៍អង្គរសង្ក្រាន្តនេះ ក៏នាំឱ្យមានការកោតសរសើរ និងពេញចិត្ត ពីប្រជាពលរដ្ឋគ្រប់វ័យ និងគ្រប់ស្រទាប់វណ្ណៈ៕