(ឡុងដ៍)៖ នាយករដ្ឋមន្ត្រីអង់គ្លេសលោក ដេវីដ ខេម៉ឺរ៉ូន បានប្រកាសនៅថ្ងៃចន្ទនេះថា ចក្រភពអង់គ្លេស ដែលទើបចាកចេញពីសហភាពអឺរ៉ុប បានទទួលយកភាពជាដៃគូយុទ្ធសាស្ត្រថ្មី ជាមួយនឹងក្រុមបច្ចេកវិទ្យាអវកាសអាមេរិក Boeing (ប៊ូអ៊ីង) ជាតំណាក់កាលដំបូងមានការវិនិយោគ ក្នុងគំរោងទឹកប្រាក់ ៥១៦លានដុល្លារអាមេរិកទៅលើការស្រាវជ្រាវទីអវកាស និង ការអភិវឌ្ឍគំរោង នានាបន្ថែមទៀត។ នេះបើតាមស៊ិនហួរ ចេញផ្សាយនាយប់ថ្ងៃចន្ទ ទី១១ ខែកក្កដា ឆ្នាំ២០១៦។
នៅក្នុងសេចក្តីប្រកាសនោះដែរលោក ខេម៉ឺរ៉ូន បានបង្ហាញសុទិដ្ឋិនិយមខ្ពស់ថា ចក្រភពអង់គ្លេសនឹង នៅតែជាប្រទេសដែលនាំមុខគេជានិច្ចនៅក្នុងឧស្សាហកម្មអវកាស។ សម្រាប់ការវិនិយោគខាងលើនេះ ក្រុមហ៊ុនយក្សប៊ូអ៊ីងរបស់អាមេរិកក៏បានអះអាងផងដែរថា នឹងអាចផ្តល់ការងារជាង ២,០០០កន្លែង ដល់ប្រជាជនអង់គ្លេស ព្រមទាំងជម្រុញសេដ្ឋកិច្ចចក្រភពនេះឲ្យនៅតែខ្លាំងដដែល។
គួរបញ្ជាក់ថា បន្ទាប់ពីអង់គ្លេសចាកចេញពីសហភាពអឺរ៉ុបទៅ ដៃគូដ៏សំខាន់បំផុតនៃវិស័យសេដ្ឋកិច្ច និង នយោបាយរបស់អង់គ្លេសនោះគឺនៅតែជាសហរដ្ឋអាមេរិក ដូចដែលប្រធានាធិបតីលោក បារ៉ាក់ អូបាម៉ា ធ្លាប់បានលើកឡើងតាំងពីមុនការបោះឆ្នោត Brexit មកម្ល៉េះថា ទោះបីអង់គ្លេសចេញឬនៅបន្ត ក្នុងសហភាពអឺរ៉ុបក៏ដោយ ក៏អាមេរិកនៅតែជាដៃគូយុទ្ធសាស្ត្រមិនអាចខ្វះបានជាមួយអង់គ្លេស៕