(ភ្នំពេញ)៖ បុរសជនជាតិ​​អេស្ប៉ាញ លោក អាឡិច ហាន់ដ្រូហ្គន់សាឡេស ដេវិត​សុន (Alejandro Gonzalez Davidson)​ បើទោះបីរាជរដ្ឋាភិបាលកម្ពុជា បាន​បណ្តេញចេញពីប្រទេសកម្ពុជាទៅហើយក្តី តែជននេះនៅតែបន្តអូសទាញយុវជន​ខ្មែរ មួយចំនួន ឱ្យធ្វើសកម្មភាពបម្រើរូបគេ ក្រោមកិច្ចការពារធនធានធម្មជាតិ​នៅ​ក្នុង​ខេត្ត​កោះកុង។

មួយរយៈចុងក្រោយនេះ យុវជនដែលអូសទាញដោយ អាឡិច ត្រូវបានគេរៀបចំឱ្យធ្វើ​សកម្មភាពជាច្រើនក្រោមលេសការពារឆ្នេរ និងធនធានសមុទ្រនៅកោះកុងក្រៅ រហូត​មានការចុះធ្វើសកម្មភាពតាមដងផ្លូវ និងស្វែងរកស្នាមមេដាយដាក់កោះកុងក្រៅជា​ឧទ្យាន​​ជាតិជាដើម។

ក្រុមយុវជនចំនួន៣រូប បានចូលរួមជជែកជាមួយ Fresh News ដើម្បីពិនិត្យទៅលើ សកម្មភាពរបស់យុវជនទាំងនោះ ជាចេតនាការពារឆ្នេរ និងធនធានសមុទ្រនៅ​កោះ​កុង​ក្រៅមែនឬយ៉ាងណា?

ក្រុមយុវជនដែលបានចូលរួមជជែកជាមួយ Fresh News នេះ រួមមាន៖ ១៖ លោក ម៉ូត គីមរី អនុប្រធានអង្គការមាតាធម្មជាតិ និងជាអតីតស្ថាបនិកចលនា​មាតា​ធម្ម​ជាតិ និងធ្លាប់ធ្វើការជាមួយ អាឡិច ផងដែរ, ២៖ លោក មួង សុភក្ត្រ ប្រធានក្រុមអ្នកស្រាវជ្រាវវ័យក្មេង និងជាអ្នកធ្លាប់ចូលរួមសកម្មភាពតវ៉ានានា​ លើប​ញ្ហា​​ខេត្តកោះកុង និងទី៣៖ លោក វ៉ែន រស្មី អគ្គលេខាធិការសហភាពអង្គការសង្គម​ស៊ីវិល។

ជាមួយនឹងបទពិសោធន៍ដែលធ្លាប់បានធ្វើការជាមួយ អាឡិច និងបានតាមដានស​កម្ម​ភាពនានាដឹកនាំដោយ អាឡិច ផងនោះ យុវជនទាំង​៣រូបនេះ បានលើកថា សកម្មភាពរបស់យុវជនដែលនាំគ្នាស្រែកទាមទារការពារកោះកុងក្រៅ គឺជាសកម្ម​ភាពដឹកនាំ និងរៀបចំដោយ អាឡិច។ ពួកគេ បានលើកឡើងទៀតថា សកម្មភាព​របស់ពួកគេមិនមែនការពារឆ្នេរ ឬធនធានសមុទ្រនៅកោះកុងក្រៅនោះទេ ចេតនា​ពិត គឺយកសកម្មភាពការពារកោះកុងក្រៅ ដើម្បីទាញការគាំទ្រពី​សាធារណជន ហើយឈានបម្រើបំណងទុច្ចរិតណាមួយ ដែល អាឡិច បានគិតទុក។

ក្រុមយុវជនដែលធ្លាប់តាមការអូសទាញ និងការរៀបចំរបស់ អាឡិច បានអំពាវនាវដល់យុវជន ដែលកំពុងលង់ជឿតាមការប្រើប្រាស់របស់ អាឡិច ពិចារណាចំពោះសកម្មភាពរបស់ខ្លួនឡើងវិញ ចៀសការបង្កើតកំហុសចំពោះសង្គមជាតិ។

សូមទស្សនាវីដេអូនៃកិច្ចជជែក ដែលមានខ្លឹមសារទាំងស្រុងខាងក្រោមនេះ៖