(ព្រះវិហារ)៖ លោកឧត្ដមសេនីយ៍ទោ ច័ន្ទ សុភ័ក្ដ្រា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ដ នៅរសៀលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣នេះ រួមជាមួយមេបញ្ជាការរង នាយទាហានជាច្រើនរូបទៀត បានអញ្ជេីញជួបសំណេះសំណាល សួរសុខទុក្ខ និងនាំអំណោយនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ចែកជូនសមាជិកសមាគមអតីតយុទ្ធជន មុខសញ្ញានិវត្តន៍ជន-ពិការ ដែលមានជីវភាពខ្វះខាត ចំនួន៦០គ្រួសារ មកពីបណ្ដាលក្រុង-ស្រុក នៃខេត្ដព្រះវិហារ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧។
នៅក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ដ្រា បានថ្លែងនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ដោយក្តីនឹករលឹកពី នាយឧត្ដមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក និងលោកស្រី ពេជ្រ ច័ន្ទមុន្នី ផ្ញើជូនសមាជិកសមាគមអតីតយុទ្ធជន និងនិវត្តន៍ជន យើងដែលមានវត្តមាននៅទីនេះ ពិសេសក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៣នេះ សូមជួបតែសេចក្តីសុខ សុខភាពល្អ និងរកទទួលទានមានបានគ្រប់ក្រុមគ្រួសារ។
លោកឧត្តមសេនីយ៍ទោមេបញ្ជាការ បានថ្លែងលើកឡើងនូវការកោតសរសើរដោយស្មោះអស់ពីដួងចិត្ត ចំពោះវីរះភាពដ៍អង់អាចក្លាហានរបស់អតីតយុទ្ធជនយើង ក៏ដូចជាមុខសញ្ញានិវត្តជនទាំងអស់ ដែលកន្លងមកបានលះបង់សាច់ស្រស់ ឈាមស្រស់ តស៊ូរំដោះប្រទេសជាតិ កសាងប្រទេសជាតិ ក្រោមមាគ៌ាដឹកនាំដ៍ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្វើឲ្យប្រទេសជាតិយើង ទទួលបាននៅសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនគ្រប់វិស័យ។
លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានអំពាវនាវដល់សមាជិកអតីតយុទ្ធជនគ្រប់ៗរូប គ្រប់ក្រុមគ្រួសារ ត្រូវចូលរួមការពារសុខសន្តិភាពឲ្យនៅគង់វង្ស ដើម្បីឲ្យប្រទេសយើងកាន់តែទទួលបាននូការអភិវឌ្ឍរីកចម្រើនគ្រប់វិស័យថែមទៀត។ ពិសេសត្រូវទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា នៅខែកក្កដាខាងមុខនេះឲ្យបានគ្រប់ៗគ្នា។
សូមបញ្ជាក់ថា អំណោយដែលនាំមកចែកជូននៅពេលនេះ ក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ១បាវ ស្មេី៣០គីឡូក្រាម មី១កេស ទឹកត្រី១យួរ ទឹកស៉ីអ៉ីវ១យួរ ត្រីខ១យួរ និងថវិកាចំនួន៤០,០០០រៀលផងដែរ៕