(ហូជីមិញ)៖ ធនាគារពិភពលោក (WB) និងធនាគាររដ្ឋវៀតណាម បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងផ្ដល់ប្រាក់កម្ចី និងឥណទាន ដែលមានទំហំទឹកប្រាក់ ៥៦០លានដុល្លារអាមេរិក សម្រាប់គម្រោងចំនួន២ ក្នុងការគាំទ្រការអភិវឌ្ឍជនបទ, បញ្ហាអាកាសធាតុ និងនិរន្ត៍ភាពនៃការរស់នៅ របស់ប្រជាពលរដ្ឋ នៅតំបន់ដីសណ្តរទន្លេមេគង្គ។ នេះបើតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១២ ខែកក្កដា។
ទឹកប្រាក់ ២៥០លានដុល្លារអាមេរិក នៃទឹកប្រាក់សរុប នឹងយកទៅប្រើប្រាស់ លើគម្រោងអភិវឌ្ឍជនបទ «Can Tho» ដើម្បីកាត់បន្ថយហានិភ័យគ្រោះទឹកជំនន់ និងបង្កើនការទំនាក់ទំនងរវាង តំបន់កណ្តាលទីក្រុង Can Tho និងតំបន់ជនបទថ្មី ដោយវានឹងផ្តល់ផលប្រយោជន៍ដល់អ្នករស់នៅជនបទចំនួន ៤២០,០០០នាក់ ព្រមទាំងពង្រឹងសមត្ថភាពនៃអាជ្ញាធរទីក្រុង ដើម្បីគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ។
ប្រាក់ដែលនៅសល់ ៣១០លានដុល្លារអាមេរិក នឹងត្រូវប្រើដើម្បីបង្កើនភាពធន់នឹងអាកាសធាតុ និងធានានិរន្ត៍ភាពនៃការរស់នៅរបស់ប្រជាជន ១.២លាននាក់ ដែលកំពុងរស់នៅក្នុងខេត្តចំនួន៩ នៃតំបន់សណ្តរទន្លេមេគង្គ ដែលរងប៉ះពាល់ដោយការប្រែប្រួលអាកាសធាតុ, ការកើនឡើងនៃកំហាប់អំបិល, សំណឹកឆ្នេរសមុទ្រ និងគ្រោះទឹកជំនន់៕