(ត្បូងឃ្មុំ)៖ លោក អ៊ាង សុផល្លែត សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣នេះ រួមនឹងលោក លោកស្រី ជាថ្នាក់ដឹកនាំ និងសមាជិកសមាជិកា ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូររាំងឪ អញ្ជើញចូលរួមបើកពិធីសង្ក្រាន្តឆ្នាំថ្មី ឆ្នាំថោះ បញ្ចាស័ក ព.ស. ២៥៦៧ នៅវិទ្យាល័យ ហ៊ុន សែន អូររាំងឪ ដោយមានការចូលរួមពីលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

នៅក្នុងឱកាសនោះ លោកបានចែករំលែកពីបទពិសោធន៍នៃការតស៊ូសិក្សារៀនសូត្រ និងជីវិតការងារដោយផ្តល់អនុសាសន៍ដល់ក្មួយៗសិស្សានុសិស្ស ដោយត្រូវខិតខំរៀនសូត្រ និងយកចិត្តទុកដាក់ការងារពីតូចទៅ ដើម្បីសម្រេចជោគជ័យការងារធំ។

លោក អ៊ាង សុផល្លែត បានបន្តថា ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ថ្នាក់ដឹកនាំ និងក្រុមការងារ សូមជូនអំណោយធំៗទាំង៤ ស្របតាមវិស័យជាអាទិភាពទាំង៤ របស់រាជរដ្ឋាភិបាល និងកម្មវិធីនយោបាយរបស់គណបក្សយើងគឺ៖

ទី១៖ ការលើកកម្ពស់ធនធានមនុស្ស : ក្រៅពីការផ្តល់រង្វាន់ និងថវិកាលើកទឹកចិត្តចំពោះសិស្សានុសិស្សប្រលងជាប់សញ្ញាបត្រ័មធ្យមសិក្សាទុតិយភូមិ និងសិស្សនិទ្ទេស A ទូទាំងស្រុក។ ថ្នាក់ដឹកនាំ និងក្រុមការងារបានឧបត្ថម្ភថវិកាចំនួន ១០លានរៀល សម្រាប់រៀបចំ «សង្ក្រានឆ្នាំថ្មី» ទាំង៣វិទ្យាល័យ ក្នុងនោះវិទ្យាល័យ ហេង សំរិន ចក និងទទួលបានអគារសិក្សា១ខ្នង ស្មើនឹង ១២បន្ទប់បន្ថែមទៀត។

ទី២៖ ផ្លូវ ប្រកាសបើកយុទ្ធនាការ «ផ្លូវរលោង» ទូទាំងស្រុកចំនួន ៨០km ដើម្បីទទួលអំណរទេវត្តាឆ្នាំថ្មី

ទី៣៖ ទឹក ផ្តល់អណ្តូងទឹកស្អាតចំនួន ១២អណ្តូង នៅទូទាំងស្រុក ក្នុងគោលបំណងអោយប្រជាជនន មានទឹកស្អាតហូបទូទាំងស្រុក មានសុខភាពល្អ និង មានអនាម័យបរិស្ថាន

ទី៤៖ ភ្លើង ផ្តល់បន្ថែមអំពូលសូឡាចំនួន ៥០អំពូល នៅលើទំនប់ទន្លេស្ងួតចំនួន ១២៥០ម៉ែត្រ រួមនឹងការដាំផ្កាស្បៃរឿងចំនួន ១លានគុម្ព ដើម្បីលើកកម្ពស់បរិស្ថាន សោភ័ណភាព នៅតំបន់ទន្លេស្ងួត បន្ថែមលើអំពូលសូឡា ចំនួនជាង ២០០០ដើម ដែលបានដាក់ពង្រាយតាមឃុំកន្លងមក។

នៅក្នុងឱកាសនោះផងដែរ លោក អ៊ាង សុផល្លែត និងក្រុមការងារ ក៏បានអញ្ជើញទស្សនាស្តង់ និងភ្លក់ចំនីអាហារបែបជនបទដែលរៀបចំដោយប្អូនៗ សិស្សានុសិស្សចំនួន២២ ស្តង់ផងដែរ៕