(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើដល់ម្ចាស់លំនៅឋាននៅអមសង ខាងផ្លូវជាតិលេខ១ ត្រង់កន្លែងដែលកំពុងបើកការដ្ឋានកែលំអរ និងពង្រីកផ្លូវនោះ ចូលរួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បី ពន្លឿនដល់ការសាងសង់ឲ្យបានឆាប់រួចរាល់។
សំណើរបស់លោកទេសរដ្ឋមន្រ្តី បានធ្វើឡើងក្នុងពេលរូបលោកចុះត្រួតពិនិត្យការសាងសង់កែលំអរផ្លូវជាតិលេខ១ នៅរសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦ម្សិលមិញនេះ។ យោងតាមក្រសួងសាធារណការ គម្រោងសាងសង់កែលំអរផ្លូវជាតិលេខ១ ដែលចាប់ផ្តើមកាលពី ខែមេសា ឆ្នាំ២០១៥មកនោះ សម្រេចបានប្រមាណ ៦០ភាគរយហើយ ហើយរំពឹងនឹងបញ្ចប់ជាស្ថាពរនៅខែមីនា ឆ្នាំ២០១៧។
ក្រសួងបានបញ្ជាក់ផងដែរថា ការសង់ផ្លូវនេះជួបឧបសគ្គ និងបញ្ហាប្រឈមសំខាន់ៗជាច្រើនដូចជា៖ ការកកស្ទះចរាចរបង្កឡើងដោយរថយន្តធ្វើដំណើរលើកំណត់ផ្លូវនេះប្រមាណពី ២,០០០គ្រឿងទៅ ៣,០០០គ្រឿងក្នុងមួយថ្ងៃ ការពន្យារពេលក្នុងការរំកិលផ្ទះ ដែលរងផលប៉ះពាល់ពីគម្រោងធ្វើឱ្យយឺតយ៉ាវដល់ការដកបង្គោលខ្សែបញ្ជូនអគ្គិសនី និង ការកកស្ទះចរាចរ ដែលបង្កឡើងដោយរថយន្តតាក់ស៊ីចតខុសច្បាប់ និងរថយន្តដឹកទំនិញផ្សេងទៀតផងដែរ។
ក្នុងពេលចុះពិនិត្យដំណើរការសាងសង់ផ្លូវនោះ លោក ស៊ុន ចាន់ថុល ក៏បានចូលជួបប្រជាពលរដ្ឋស្នើសុំការយោគយល់ និងអធ្យាស្រ័យ ពីការរំខាននានាពីការសាងសង និងកែលំអរផ្លូវនេះ។ ទន្ទឹមនិងនោះ លោកទេសរដ្ឋមន្ត្រី ក៏បានជំរុញឱ្យម្ចាស់លំនៅដ្ឋាននានា ដែលមិនបានសហការជាមួយអាជ្ញាធរ ខិតខំសហការឱ្យបានឆាប់តាមដែលអាចធ្វើបាន។
លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ការកែលម្អធ្វើឱ្យប្រសើរឡើងនូវកំណត់ផ្លូវជាតិលេខ១នេះ នឹងផ្តល់ផលប្រយោជន៍ផ្នែកសេដ្ឋកិច្ចយ៉ាងច្រើនដល់ប្រជាពលរដ្ឋ ដែលបានខិតខំប្រឹងប្រែងតស៊ូជួបការលំបាកនាពេលកន្លង៕