(បាត់ដំបង)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋានចុះមូលដ្ឋានខេត្តបាត់ដំបង និងលោកស្រី ញ៉ែម សាខន ស ខេង នាព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣នេះ អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារបម្រើការងារ១ខ្នង មានកម្ពស់២ជាន់១៤បន្ទប់ និងសមិទ្ធផលនានារបស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។

នាឱកាសនោះដែរសម្ដេចក្រឡាហោម ស ខេង និងលោកស្រីញ៉ែម សាខន ស ខេង ក៏សំណេះសំណាលជាមួយនិវត្តជន ចំនួន ៥០៤នាក់ និងមន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ចំនួន៨៨១នាក់។

ពិធីនេះក៏មានការចូលរួមពីសំណាក់សមាជិកព្រឹទ្ធសភា, សមាជិករដ្ឋសភា, រដ្ឋលេខាធិការ, អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ, លោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត លោក សុខ លូ អភិបាលខេត្តបាត់ដំបង និងភរិយា ព្រមទាំងប្រធានមន្ទីរអង្គភាពជុំវិញខេត្តជាច្រើនរូបទៀត។

នាឱកាសនោះ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានលើកឡើងថា រយៈពេលមួយឆ្នាំ២០២២ កន្លងមកនេះ កងកម្លាំងនគរបាលខេត្តបាត់ដំបង បានបំពេញតួនាទីភារកិច្ចរបស់ខ្លួនយ៉ាងសកម្មមោះមុត ដោយរក្សាការពារបានយ៉ាងរឹងមាំនូវសន្តិសុខ សណ្តាប់ធ្នាប់សង្គមនៅទូទាំងខេត្ត និងនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ។

លោកឧត្តមសេនីយ៍ទោ សាត គឹមសាន បានសម្ដែងនូវកតញ្ញូដឹងគុណដ៏ជ្រាលជ្រៅ ប្រកបដោយភក្តិភាពបំផុតចំពោះ សម្តេចក្រឡាហោម ស ខេង និងលោកស្រី ញ៉ែម សាខន ស ខេង ព្រមទាំងថ្នាក់ដឹកនាំគ្រប់ថ្នាក់ ដែលជានិច្ចកាល តែងតែយកចិត្តទុកដាក់ជួយឧបត្ថម្ភដោះស្រាយ រាល់ការលំបាក ខ្វះខាតរបស់កងកម្លាំង និងផ្ដល់អនុសាសន៍ដ៏មានតម្លៃដល់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក្នុងការបំពេញភារកិច្ចសម្រេចបានជោគជ័យល្អប្រសើរ។

ឆ្លៀតឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានអបអរសាទរនូវសមិទ្ធផលទាំងឡាយរបស់និវត្តន៍ជននៅខេត្តបាត់ដំបង សម្រេចបាននាពេលកន្លងទៅ។

បន្ថែមពីនេះ សម្ដេចក្រឡាហោម ក៏សង្ឃឹមជឿជាក់ថាក្នុងពេលអនាគតនិវត្តន៍ជន នៅតែរក្សានូវទឹកចិត្តមនោសញ្ចេតនាគាំទ្រដល់បេសកកម្មដ៏ឧត្តុងឧត្តមក្នុងខេត្តបាត់ដំបងនេះ រួមគ្នាដើម្បីសេចក្តីសុខជាមួយប្រជាពលរដ្ឋផងដែរ៕