(ប៉េកាំង)៖ ក្រុមភ្ញៀវទេសចរជនជាតិចិន ត្រូវបានផ្តល់ឱកាស ក្នុងការធ្វើដំណើរទស្សនកិច្ច ទៅកាន់ប្រទេសកូរ៉េខាងជើង ដោយមិនចាំបាច់ប្រើប្រាស់ លិខិតឆ្លងដែន ហើយបានថ្លែងអំណរគុណ ចំពោះកញ្ចប់ទេសចរណ៍ថ្មីមួយនេះ ដែលបានចាប់ផ្តើមធ្វើឡើងនៅខេត្ត Liaoning តំបន់ភាគខាងជើង ឆៀងខាងកើតប្រទេសចិន។ នេះបើតាមសារព័ត៌មានស៊ិនហួ ចុះផ្សាយនៅយប់ថ្ងៃទី១១​ ខែកក្កដានេះ។

ភ្នាក់ងាររៀបចំដំណើរកម្សាន្តអន្តរជាតិ របស់ចិន បានឲ្យដឹងថា ចាប់តាំងពីថ្ងៃទី៩​ ខែកក្កដា កម្មវិធីបានអនុញ្ញាតិឲ្យភ្ញៀវទេសចរ ធ្វើដំណើរចេញពីទីក្រុងព្រំដែន Dandong ដើម្បីធ្វើដំណើរទស្សនកិច្ច រយៈពេលកន្លះថ្ងៃ នៅទីក្រុង Sinuiju របស់កូរ៉េខាងជើង។ ភ្ញៀវទេសចរគ្រាន់តែដាក់ពាក្យសុំចូល ជាមួយនឹង អត្តសញ្ញាណប័ណ្ណ នៅទីក្រុង Dandong ហើយធ្វើដំណើរតាមព្រំដែនដែលមានការពិនិត្យ នៅកូរ៉េខាងជើង មុននឹងចាប់ផ្តើមដំណើរទស្សនកិច្ច។
 
ក្រុមអ្នកធ្វើដំណើរ ត្រូវបង់៣៥០យ័ន (៥២ដុល្លារសហរដ្ឋអាមេរិក) សម្រាប់ការធ្វើដំណើរម្តង ហើយអាចធ្វើដំណើរជុំវិញតំបន់ ដែលត្រូវបានកំណត់ មានទំហំប្រមាណ៣០,០០០ម៉ែត្រការ៉េ។ អំឡុងពេល៣ថ្ងៃដំបូង នៃកិច្ចព្រមព្រៀង ត្រូវបានធ្វើឡើង មានជនជាតិ ចិនប្រមាណ១,០០០នាក់ បានដាក់ពាក្យសុំចូលទស្សនកិច្ច៕