(ពោធិ៍សាត់)៖ ដើម្បីសំដែងនូវអំណរសាទរស្វាគមន៍ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ពស.២៥៦៧ ដែលខិតជិតមកដល់នាពេលឆាប់ៗខាងមុខ, លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការសាលាខេត្ត ដែលពិធីនេះត្រូវបានធ្វើឡើង នៅសាលប្រជុំសាលាខេត្ត ដោយបានការអញ្ជើញចូលរួម ពីសំណាក់លោក លោកស្រី អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត នាយក នាយករងទីចាត់ការ ប្រធានអង្គភាពចំណុះសាលាខេត្ត និងមន្ត្រីរដ្ឋបាលខេត្តយ៉ាងច្រើនកុះករ។
លោក ខូយ រីដា បានសម្តែងនូវក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដោយបានជួបសំណេះសំណាលជាមួយ មន្ត្រី រាជការសាលាខេត្តយើងនាពេលនេះ។ លោកសូមថ្លែងនូវការកោតសរសើរដោយស្មោះ ចំពោះមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៅទូទាំងខេត្តពោធិ៍សាត់ ដែលបានរួមសាមគ្គី សហការគ្នាបានល្អ តាមភារកិច្ចរៀងៗខ្លួន ដើម្បីរួមចំណែកអភិវឌ្ឍន៍ខេត្តពោធិ៍សាត់ ឱ្យទទួលបានសមិទ្ធផលថ្មីៗជាច្រើន និងបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការអនុវត្តន៍ និងគាំទ្រគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា។
លោក បានបន្តថា ក្នុងឆ្នាំចាស់កន្លងទៅនេះ យើងបានខិតខំរួមគ្នា សម្រេចបានលទ្ធផល ជូនរដ្ឋបាលខេត្ត គួរជាទីមោទនៈ ទោះបីមានកិច្ចការមួយចំនួននៅសេសសល់ មិនទាន់បានអនុវត្ត ក៏យើងបានដាក់បញ្ចូលក្នុងទិសដៅការងារបន្តនាឆ្នាំបន្ទាប់ ដើម្បីសម្រេចឱ្យបានជោគជ័យក្នុងឆ្នាំថ្មី។
លោក បានបញ្ជាក់ថា ការជួបជុំគ្នានាពេលនេះ គឺជាទម្លាប់ ដែលឯកឧត្តមតែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ គឺក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ និងពិធីបុណ្យភ្ជុំបិណ្ឌ ដើម្បីជួបសំណេះសំណាល និងឧបត្ថម្ភនូវថវិកាមួយចំនួន ជូនបងប្អូនកូនក្មួយ ដើម្បីយកទៅប្រើប្រាស់ទៅតាមសេចក្តីត្រូវការជាក់ស្តែង។ យើងដឹងហើយថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចបានណែនាំឱ្យក្រសួងជំនាញ បើកជូននូវប្រាក់បៀវត្សខែមេសា សម្រាប់មន្ត្រីរាជការគ្រប់ស្ថាប័ន សម្រាប់ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនាពេលខាងមុខនេះ។
ដោយឡែកសម្រាប់រដ្ឋបាលខេត្តពោធិ៍សាត់ឯនេះវិញ លោកបានផ្តល់ជូនបន្ថែម នូវសារុង១ ទឹកក្រូច២ដបធំ អង្ករ២០គីឡូក្រាម និងថវិកាមួយចំនួន ជូនដល់សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ត្រីរាជការសាលាខេត្ត មន្ត្រីជាប់កិច្ចសន្យា បុគ្គលិកហាត់ការ និងនគរបាលប្រចាំការទាំងអស់ ក្នុងសាលាខេត្តផងដែរ។
លោក អភិបាលខេត្ត ក៏សូមជូនពរដល់ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការសាលាខេត្តទាំងអស់ សូមជួបប្រទះនូវសេចក្តីសុខសេចក្តីចម្រើន ជោគជ័យគ្រប់ភារកិច្ច ដែលរាជរដ្ឋាភិបាលប្រគល់ជូនក្នុងឆ្នាំថ្មី និងសុខសុវត្ថិភាពក្នុងការធ្វើដំណើរ៕