(សៀមរាប)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តសៀមរាប អំពាវនាវដល់ពលរដ្ឋត្រូវចូលរួមការពារសន្តិភាព មិនត្រូវឱ្យសន្តិភាព ត្រូវបានបំផ្លាញដោយជនណាម្នាក់ ឬបក្សនយោបាយណាមួយនោះឡើយ ទោះអស់តម្លៃណាក៏ដោយ និងចូលរួមថែរក្សាការពារនូវសមិទ្ធផលទាំងឡាយរបស់ជាតិ ធ្វើយ៉ាងណា ឱ្យសមិទ្ធផលសម្រេចបានដោយឆ្លងកាត់ការលំបាក និងឧបសគ្គគ្រប់បែបយ៉ាងទម្រាំបានដូចសព្វថ្ងៃនេះឱ្យបានស្ថិតនៅគង់វង្សជាអមតៈ។ ជាពិសេសសមិទ្ធផលជ័យជម្នះ ៧ មករា ១៩៧៩ ដែលជាបុព្វបទនៃការនាំមកនូវសន្តិភាព និងការអភិវឌ្ឍរីកចម្រើនរបស់ជាតិយើងជាដរាមតរៀងមក។
ការអំពាវនាវបែបនេះ របស់សម្តេចពិជ័យសេនា ទៀ បាញ់ បានធ្វើឡើងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសាលាអនុគណក្រុងសៀមរាប ១ខ្នង កម្ពស់២ជាន់ ធ្វើអំពីថ្ម ប្រកក្បឿង តាមរចនាបទខ្មែរ ដែលមានបណ្តោយប្រវែង ៣១ម៉ែត្រ ទទឹង ១២ម៉ែត្រ នៅក្នុងបរិវេណទីវត្ត ទេព ពោធិវង្ស ស្ថិតក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុង ខេត្តសៀមរាប នាថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣នេះ។
ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសាលាអនុគណក្រុងសៀមរាបនេះ ក៏មានការយាងនិមន្តចូលរួមពីព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ រាជគណៈថ្នាក់ទោ គណៈមហានិកាយ និងជាឧត្តមទីប្រឹក្សាគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា មន្ត្រីសង្ឃ និងលោក លោកស្រីជាសមាជិកព្រឹទ្ធសភា និងរដ្ឋសភា សមាជិកសមាជិកាក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្ត ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព មន្ត្រីរាជការ សប្បុរសជន និងយុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរឹទ្ធ សិស្ស លោកគ្រូអ្នកគ្រូ ប្រជាពុទ្ធបរិស័ទយ៉ាងច្រើនកុះករផងដែរ។
នាឱកាសនោះដែរ សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដល់ព្រះសង្ឃ និងប្រជាពុទ្ធបរិស័ទ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីចូលមកដល់ខាងមុខនេះ។
សម្តេចពិជ័យសេនា ទៀ បាញ់ បានវាយតម្លៃខ្ពស់ និងចាត់ទុកថាជាសមិទ្ធផលថ្មីមួយសម្រាប់បម្រើឱ្យវិស័យព្រះពុទ្ធសាសនា និងរួមចំណែកយ៉ាងសំខាន់ និងបង្កភាពងាយស្រួលដល់កិច្ចការងាររដ្ឋបាលសង្ឃក្នុងក្រុងសៀមរាប សម្រាប់បម្រើឱ្យការងារព្រះពុទ្ឋសាសនាក្នុងការធ្វើទំនាក់ទំនងគ្រប់វត្តអារាម អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ឋ និងជាពុទ្ធិកៈសិក្សាធិការជួយបណ្តុះបណ្តាលធនធានព្រះសង្ឃប្រកបដោយចំណេះដឹងគុណធម៌ ប្រកាន់វិន័យខ្ជាប់ខ្ជួនតាមពុទ្ធ ឬពុទ្ធោនុញ្ញាតិ និងចូលរួមអភិវឌ្ឍ សិល្បៈ វប្បធម៌ ប្រពៃណីទំនៀមទម្លាប់ខ្មែរ ថែរក្សា លើកស្ទួយ និងទប់ស្កាត់វប្បធម៌អវិជ្ជមានទាំងឡាយដែលមានផលប៉ះពាល់ដល់វប្បធម៌ជាតិប្រកបដោយមនសិការ។
សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា តាមនយោបាយឈ្នះ-ឈ្នះ និងក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន បានខិតខំប្រឹងប្រែងអភិវឌ្ឍវិស័យព្រះពុទ្ធសាសនា ដើម្បីជាប្រយោជន៍ក្នុងការរួមចំណែកពង្រឹងសាមគ្គីភាព ការលើកកម្ពស់វប្បធម៌ និងការយោគយល់គ្នាក្នុងចំណោមពុទ្ធសាសនិក ក៏ដូចជាប្រជាជនកម្ពុជា នាពេលបច្ចុប្បន្ន និងទៅអនាគត។ ការសម្ពោធសាលាអនុគណក្រុងសៀមរាបនាពេលនេះ ស្របទៅប្រទេសជាតិមានការរីកចម្រើន លើគ្រប់វិស័យ អាស្រ័យដោយយើងរក្សាបាននូវសុខសន្តិភាព ស្ថេរភាពនយោបាយ និងសន្តិសុខដ៏រឹងមាំ បានធានាឱ្យកម្ពុជាសម្រេចបានលទ្ធផលល្អប្រសើរក្នុងដំណើរការអភិវឌ្ឍសង្គមសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។
សម្តេចក៏បានអំពាវនាវដល់ប្រជាពុទ្ធបរិស័ទ និងប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមថែរក្សាការពារសុខសន្តិភាពនៅកម្ពុជា ឲ្យបានគង់វង្សតាមរយៈការទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឱ្យបានគ្រប់ៗគ្នា ជូនដល់គណបក្សប្រជាជនកម្ពុជា ព្រមទាំអបានស្នើដល់ព្រះសង្ឃ យាយជីតាជី ជួយអប់រំ ហាមប្រាមដាស់តឿនដល់យុវជនកុំឱ្យប្រើប្រាស់គ្រឿងញៀន ព្រោះវានឹងក្លាយជាសោកនាដកម្មសម្រាប់ប្រទេសជាតិយើង និងសូមចូលរួមអនុវត្តគោរពច្បាប់ចរាចរណ៍ឱ្យកាន់តែមានប្រសិទ្ឋិភាពថែមទៀត ពីព្រោះបច្ចុប្បន្ននេះ ជារៀងរាល់ថ្ងៃប្រជាជនយើងស្លាប់ច្រើនជាងសម័យមានសង្គ្រាមទៅទៀត ក្នុងមួយឆ្នាំៗរហូតដល់រាប់ពាន់នាក់និងអ្នករបួសខូចខាតទ្រព្យសម្បត្តិមួយចំនួនទៀតផង។
លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប បានលើកឡើងថា ការគោរពប្រតិបត្តិព្រះពុទ្ធសាសនា ពិតជាផ្តល់គុណតម្លៃយ៉ាងវិសេសវិសាល ព្រោះថាព្រះពុទ្ធសាសនា ជាសាសនាសកល មានទ្រឹស្តីសន្តិភាព និងអហិង្សាជាគោល ជាមាគ៌ាដឹកនាំមនុស្សឱ្យរស់នៅក្នុងសុខសន្តិភាព មិនបៀតបៀនគ្នា មិនព្យាបាទគ្នា ផ្តល់ស្នាមញញឹមដល់គ្នា និងគ្នា។
លោកបានបន្តថា សង្គមខ្មែរបានចាត់ទុកព្រះពុទ្ធសាសនា ជាវិស័យដ៏មានសារៈសំខាន់ ជាដៃគូអភិវឌ្ឍន៍មិនអាចខ្វះបាន ហើយពុទ្ធចក្រ ដែលថ្នាក់ដឹកនាំគ្រប់ថ្នាក់ តែងបានយកចិត្តទុកដាក់ ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធនានាក្នុងវិស័យនេះ ដើម្បីបម្រើសេចក្តីត្រូវការរបស់ប្រជាពុទ្ធបរិស័ទ បានបំពេញបុណ្យកុសលតាមសេចក្តីជ្រះថ្លា។
ជាមួយនេះដែរ លោកអភិបាលរងខេត្ត ក៏រំឭកឡើងពីគុណសម្បត្តិរបស់ពុទ្ធចក្រ ពោលគឺវត្តអារាម ដែលមានព្រះសង្ឃជាតួអង្គសំខាន់នោះ វត្តអារាម គឺជាជង្រុងនៃអក្សរសាស្ត្រជាតិខ្មែរ និងវប្បធម៌ ព្រមទាំងបានជួយអភិវឌ្ឍន៍សង្គមកម្ពុជាទៀតផង។ វិស័យព្រះពុទ្ធសាសនា ក៏ជាវិស័យមួយដែលរាជរដ្ឋាភិបាលបន្តធ្វើការអភិវឌ្ឍជារៀងរាល់ឆ្នាំតាមរយៈផ្សព្វផ្សាយបង្កើនការយល់ដឹងជូនប្រជាពុទ្ធបរិស័ទ ជាពិសេសស្រទាប់យុវវ័យ អំពីតម្លៃវប្បធម៌សិល្បៈ ប្រពៃណី និងទំនៀមទម្លាប់ខ្មែរផងដែរ៕