(ភ្នំពេញ​)៖​ សភា​ស៊ើប​សួរ​សាលា​ឧទ្ធរណ៍​ នៅ​ព្រឹក​ថ្ងៃ​ទី​១២​ ខែ​កក្កដា​នេះ​ ចាប់ផ្ដើម​សវនាការ​ ជំនុំជម្រះ​សំណុំរឿង​លោក​ អ៊ុំ សំអាន​ តំណាង​រាស្ត្រ​ គណបក្ស​សង្គ្រោះ​ជាតិ​ ។ សវនាការ​នេះ​ដឹកនាំ​ដោយ​លោក​ ងួន​ អ៊ីម​ ជា​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​ និង​ លោក​ អ៉ឹម​ សុផាន​ ជា​តំណាង​មហាអយ្យការ​ ។

សូមជំរាបថា លោក​ អ៊ុំ​ សំអាន​ ត្រូវ​បាន​ចៅក្រម​ស៊ើប​សួរ​ សាលា​ដំបូង​រាជធានី​ភ្នំពេញ​ សម្រេច​ឃុំ​ខ្លួន​ដាក់​ពន្ធនាគារ​ កាលពី​ថ្ងៃទី​១២​ ខែ​មេសា​ ឆ្នាំ​២០១៦​ ក្រោម​ការ​ចោទប្រកាន់​ចំនួន​២បទ​ល្មើស​ គឺ​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្តិ​បទ​ឧក្រិដ្ឋ​ជា​អាទិ៍​ (​ បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​) និង​ បទ​ញុះញង់​ឲ្យ​មាន​ការ​រើសអើង​ តាម​មាត្រា​៤៩៥និង​៤៩៦នៃ​ក្រម​ព្រហ្មទណ្ឌ​ ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ​ កាលពី​អំឡុង​ឆ្នាំ​២០១៥​ ដល់​ថ្ងៃ​ទី​១០​ ខែ​មេសា​ ឆ្នាំ​២០១៦​ ។

បទល្មើស​ញុះញង់​ឲ្យ​ប្រព្រឹត្តិ​បទ​ឧក្រិដ្ឋ​ជា​អាទិ៍​ កំណត់​ការ​ផ្តន្ទា​ទោស​ ពី​៦ខែ​ទៅ​២ឆ្នាំ​និង​ពិន័យ​ជា​ប្រាក់​ពី ​១លាន​រៀល​ទៅ​៤លាន​រៀល​។ បទល្មើស​ញុះញង់​ឲ្យ​ មានការ​រើសអើង​ កំណត់​ការ​ផ្តន្ទា​ទោស​ពី​១ឆ្នាំ​ទៅ​៣ឆ្នាំ​និង​ពិន័យ​ជា​ប្រាក់​ពី​ ២លាន​រៀល​ទៅ​៦លាន​រៀល​៕