(ពោធិ៍សាត់)៖ លោក ចេង ឡៃ អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣នេះ បានរៀបចំថ្វាយទាន ធូប និងគ្រឿងរន្តាប់បូជា ជូនលោតាទន្លេអុំ ទៅតាមគន្លងព្រះពុទ្ធសាសនា និងព្រហ្មញ្ញសាសនា ក្នុងគោលបំណងបន់ស្រន់សុំសេចក្តីសុខ សេចក្តីចម្រើន ជូនបងប្អូនប្រជាពលរដ្ឋក្នុងឃុំស្រែស្តុក ពិសេសប្រជាពលរដ្ឋក្នុងស្រុកកណ្តៀង នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ពស.២៥៦៧ គស.២០២៣។
ពិធីនេះត្រូវបានធ្វើឡើង នៅទីតាំងដើមជ្រៃក្បែរបឹងទន្លេអុំ ដែលស្ថិតក្នុងភូមិបាគូ ឃុំស្រែស្តុក ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ដោយបានការចូលរួមពីលោក ឡូញ វ៉ិត ទីប្រឹក្សាផ្ទាល់សម្តេចព្រះអភិសេរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះប្រធានគណៈសង្ឃនាយក នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានយុវជនស្រឡាញ់សន្តិភាព អនុសាខាក្រុងពោធិ៍សាត់ និងចាស់ព្រឹទ្ធាចារ្យក្នុងឃុំមួយចំនួនទៀត។
បើតាមលោក ញឹក ធាង ប្រធានក្រុមប្រឹក្សាឃុំស្រែស្ដុក ស្រុកកណ្តៀង បានឲ្យដឹងថា ជានិច្ចកាលប្រជាពលរដ្ឋក្នុងមូលដ្ឋាន តែងតែថ្វាយទាន ធូប និងគ្រឿងរន្តាប់បូជា ជូនលោកតាទន្លេអុំ ដើម្បីបួងសួងសុំសេចក្ដីសុខសេចក្ដីចម្រើន និងសូមឱ្យមានទឹកធ្វើស្រែគ្រប់គ្រាន់ ជៀសផុតពីជំងឺអាសន្នរោគកាចសាហាវផ្សេងៗ។ នេះដោយសារតែពួកគាត់មានជំនឿ លើភាពស័ក្តិសិទ្ធិរបស់លោកតា ដែលមើលថែរក្សានៅទីតាំងនោះ។ បើនិយាយពីបឹងទន្លេអុំ គឺជាទីតាំងប្រវត្តិសាស្ត្រមួយ ដែលមានអាយុកាល អំឡុងសម័យអង្គរ និងមានប្រវត្តិនិទាន ទាក់ទងទៅនឹងការភ្នាល់គ្នារវាងបុរស និងនារី អំពីការកសាងប្រាសាទ និងជីកទន្លេនេះ។
លោកបានបន្តថា កាលពីយូរលង់មកហើយនោះ បុរស និងនារី បានភ្នាល់គ្នាថា បើខាងប្រុសឈ្នះ គឺខាងស្រីត្រូវចូលស្ដីដណ្ដឹងខាងប្រុស តែបើខាងស្រីឈ្នះ ខាងប្រុសត្រូវចូលស្ដីដណ្ដឹងខាងស្រី។ ការភ្នាល់គ្នានេះ គឺខាងប្រុសសាងសង់ប្រាសាទ ឯខាងស្រីជីកទន្លេអុំ ដោយសន្យាថា បើផ្កាយព្រឹករះត្រូវឈប់។ ខាងប្រុស និងខាងស្រី បាននាំគ្នាសម្រុកធ្វើរៀងៗខ្លួន រហូតដល់ពាក់កណ្ដាលអធ្រាត្រ ខាងស្រីបានលួចបង្ហោះគោមឡើងលើ ពីទិសខាងកើត។ ពេលនោះខាងប្រុសឃើញ ស្មានថាផ្កាយព្រឹករះ ក៏នាំគ្នាសម្រាកអស់ទៅ ឯខាងស្រីនៅតែបន្តជីក រហូតរួចរាល់ជាស្ថាពរ ឈ្នះខាងប្រុស។
លោកប្រធានក្រុមប្រឹក្សាឃុំ បានបន្ថែមថា ដោយសារចាញ់ល្បិចខាងស្រីដូច្នេះហើយ ទើបបានជាខាងប្រុស ត្រូវចូលស្ដីដណ្ដឹងខាងស្រី ព្រមទាំងបានបន្សល់ទុកបឹងទន្លេអុំ និងសសរស្ដម្ភប្រាសាទ ដែលកសាងមិនទាន់រួច នៅក្នុងវត្តព្រះធាតុ ឃុំស្រែស្ដុក ស្រុកកណ្ដៀង តាំងពីពេលនោះមក ដែលរឿងព្រេងនិទាននេះ គឺស្រដៀងគ្នានឹងរឿងព្រេងនិទាន អំពីភ្នំប្រុសភ្នំស្រី នៅខេត្តកំពង់ចាមដែរ។
លោក ញឹក ធាង បានបន្ថែមទៀតថា ដើមឡើយទីតាំងនេះ មានការសាងសង់តូបរំលោភយកដីមាត់បឹង យ៉ាងអនាធិបតេយ្យ តែក្រោយមកអាជ្ញាធរបានសម្របសម្រួលឱ្យពួកគាត់ចាកចេញ ដើម្បីក្រុមការងាររបស់ឯកឧត្តមកែវ រតនៈ និងឯកឧត្តមអេង គន្ធា រៀបចំស្ដារបឹងទន្លេអុំនេះ ឲ្យមានសោភណ្ឌភាព និងបរិស្ថានល្អ សម្រាប់ប្រជាពលរដ្ឋមកលេងកម្សាន្ត។
សូមជម្រាបជូនថា នាឱកាសនោះ លោក ចេង ឡៃ ក៏បានចែកជូនថវិកាមួយចំនួន ជូនដល់ចាស់ព្រឹទ្ធាចារ្យដែលបានចូលរួម និងបានប្រគល់ថវិកាមនុស្សធម៌ តាមរយៈលោក ឡូញ វិត ជូនដល់ក្មួយៗកុមារកំព្រា ដែលឳពុកម្តាយចាកចោល បច្ចុប្បន្នរស់នៅភូមិស្វាយយាង ឃុំស្វាយលួង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់៕