(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១២ ខែកក្កដានេះ ខ្មាន់កាំភ្លើងដែលបាញ់សម្លាប់បណ្ឌិត កែម ឡី ត្រូវបានបញ្ជូនទៅដល់តុលាការសារជាថ្មី ដើម្បីសាកសួរបន្ត បន្ទាប់ពីមានសាកសួរពីម្សិលមិញម្តងរួចហើយ។ លោក លី សុផាណា ព្រះរាជអាជ្ញារង សាលាដំបូងរាជធានីភ្នំពេញ ជាអ្នកទទួលចាត់ការនៅក្នុងសំណុំរឿងនេះ។
សូមបញ្ជាក់ថា លោកបណ្ឌិត កែម ឡី អ្នកវិភាគអំពីបញ្ហាសង្គមដ៏ល្បី នៅក្នុងប្រទេសកម្ពុជា ត្រូវបានឃាតករបាញ់សម្លាប់ នៅក្នុងស្តាម៉ាត (Star Mart) ស្តុបបូកគោ ស្ថិតនៅក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីម៉ោង៨៖៥០នាទីព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ ខណៈលោកកំពុងអង្គុយទទួលទានកាហ្វេ។ លោកត្រូវឃាតកបាញ់ចំនួន២គ្រាប់ ក្នុងនោះ១គ្រាប់ចំក្បាល និងមួយគ្រាប់ទៀតត្រូវ ដើមដៃធ្លាយដល់ក្រោមដោះ ហើយឃាតករដែលបាញ់សម្លាប់ លោក កែម ឡី ម្នាក់ក៏ត្រូវសមត្ថកិច្ចចាប់ខ្លួន បានក្រោយកើតហេតុភ្លាមៗតែម្តង។
ជនដៃដល់ក្នុងករណីបាញ់សម្លាប់បណ្ឌិត កែម ឡី ដែលសារភាពប្រាប់សមត្ថកិច្ចថា រូបគេមានឈ្មោះ ជួប សម្លាប់ អាយុ៣៨ឆ្នាំ ជាពលករនៅប្រទេសថៃ ត្រូវបានសមត្ថកិច្ចបញ្ជូនពី ស្នងការដ្ឋានរាជធានីភ្នំពេញ ទៅតុលាការនៅម៉ោង៤៖០០រសៀល ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦នេះ ដើម្បីធ្វើការសាកសួរ៕