(ភ្នំពេញ)៖ សាលាប៊ែលធីអន្តរជាតិ បានរៀបចំកម្មវិធី «ប្រកួតប្រជែងនិយាយភាសាអង់គ្លេស (English Speaking Contest Program)» វគ្គផ្តាច់ព្រ័ត្រលើកទី៦ សម្រាប់សិស្សភាសាអង់គ្លេស Level3 Level6 Level9 និង Level12 ពីថ្ងៃទី០៧-០៨ និងថ្ងៃទី១១ ខែកក្កដា ឆ្នាំ ២០១៦ នៅសាកលវិទ្យាល័យ ប៊ែលធីអន្តរជាតិ ដែលមានបេក្ខជនចំនួន៥៤នាក់ មកពី១៥សាខា និងមានអ្នកចូលរួមចំនួន ១,៧៧៣នាក់ ក្រោមអធិបតីភាពលោក លី ឆេង អគ្គនាយកប៊ែលធីគ្រុប និងជាសាកលវិទ្យាធិការ សាកលវិទ្យាល័យប៊ែលធីអន្តរជាតិ និងលោកស្រី ។
លោក លី ប៊ុនឆៃ អគ្គនាយករង ប៊ែលធីគ្រុប បានឲ្យដឹងថា សាលាប៊ែលធីអន្តរជាតិ បានបង្កើតកម្មវិធីសិក្សាបន្ថែមធំៗចំនួន ៧ សម្រាប់ថ្នាក់ចំណេះទូទៅ និងភាសាអង់គ្លេសទូទៅ រួមមាន៖ ទី១.កម្មវិធីបង្កើន ចំណេះដឹងទូទៅ, ទី២.កម្មវិធីពង្រឹងស្មារតី, ទី៣.កម្មវិធីទស្សនកិច្ចសិក្សា, ទី៤.កម្មវិធិសិក្សាតាមទូរទស្សន៍, ទី៥.កម្មវិធីប្រឡងសំណេរ, ទី៦.កម្មវិធីប្រកួតប្រជែងគណិតវិទ្យា និងទី៧.កម្មវិធីប្រកួតប្រជែងទេពកោសល្យ ហើយកម្មវិធីប្រកួតប្រជែងនិយាយភាសាអង់គ្លេសនេះ ជាផ្នែកមួយនៅក្នុងកម្មវិធីពង្រឹងស្មារតី ដែលសាលាបានរៀបចំធ្វើក្នុង១ឆ្នាំ ២ដងនៅរៀងរាល់ខែមករា និងកក្កដា។
ការប្រកួតប្រជែងនិយាយភាសាអង់គ្លេសនេះ ធ្វើឡើងជា២ដំណាក់កាលគឺ៖
១. កម្រិតសាខា (Campus Level): ត្រូវរៀបចំការប្រកួតប្រជែង ចាប់ពី Level3 ដល់Level12 រួចបញ្ជូនបេក្ខជនជ័យលាភីលេខ១ មកចូលរួមប្រកួតប្រជែងក្នុងវគ្គផ្តាច់ព្រ័ត្រ ។
២. កម្រិតប៊ែលធី (BELTEI Level): គឺជាវគ្គផ្តាច់ព្រ័ត្រត្រូវប្រារព្ធធ្វើនៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ដើម្បីជ្រើសរើសជ័យលាភីពីលេខ១ ដល់លេខ៣ តាម Level នីមួយៗ។
ហើយរង្វាន់ដែលត្រូវទទួលបាន គឺៈ
-លេខ១: ទទួលបានមេដាយមាស១ លិខិតសរសើរ និងទឹកប្រាក់ 300$ ព្រមទាំងអាហារូបករណ៍សិក្សាថ្នាក់ភាសាអង់គ្លេសទូទៅ១០០% ចំនួន៣វគ្គ ដោយឡែក Level12 ត្រូវបាន១០០% សិក្សាថ្នាក់មហា វិទ្យាល័យ រយៈពេល ៤ឆ្នាំ នៅសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ
-លេខ២: ទទួលបានមេដាយប្រាក់១ លិខិតសរសើរ និងទឹកប្រាក់ 200$ ព្រមទាំងអាហារូបករណ៍សិក្សាថ្នាក់ភាសាអង់គ្លេសទូទៅ១០០% ចំនួន២វគ្គ ដោយឡែក Level12 ត្រូវបាន១០០% សិក្សាថ្នាក់មហា វិទ្យាល័យ រយៈពេល ២ឆ្នាំ នៅសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ
-លេខ៣: ទទួលបានមេដាយសំរិទ្ធ១ លិខិតសរសើរ និងទឹកប្រាក់ 100$ ព្រមទាំងអាហារូបករណ៍សិក្សាថ្នាក់ភាសាអង់គ្លេសទូទៅ១០០% ចំនួន១វគ្គ ដោយឡែក Level12 ត្រូវបាន១០០% សិក្សាថ្នាក់មហា វិទ្យាល័យ រយៈពេល ១ឆ្នាំ នៅសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ ហើយបេក្ខជនជ័យលាភីលេខ១ ដល់លេខ៣ Level3, 6, 9 & 12 ត្រូវបានទៅទស្សនានៅប្រាសាទអង្គរវត្ត រយៈពេល ៣ថ្ងៃ ២យប់ ។
ក្នុងឱកាសនោះផងដែរ លោក លី ឆេង បានកោតសរសើរដល់បេក្ខជនទាំងអស់ ជាពិសេសក្មួយៗជយលាភី ដែលបានខិតខំប្រឹងប្រែងប្រកួតប្រជែងតាំងពីសាខារបស់ខ្លួន រហូតដល់វគ្គផ្តាច់ព្រ័ត្រនាពេលនេះ។ លោកបានបន្ថែមទៀតថា កម្មវិធីនេះបង្កើតឡើងក្នុងគោលបំណងពង្រឹងគុណភាពផ្នែកភាសាអង់គ្លេសទូទៅ ឲ្យកាន់តែប្រសើរឡើងថែមទៀត និងដើម្បីឲ្យក្មួយៗទាំងអស់ទទួលបានចំណេះដឹងថ្មីដូចជា៖ ១.យល់ដឹងពីរបៀបនិយាយទៅកាន់ដៃគូសន្ទនា ២.បង្កើនទំលាប់និយាយ ៣.បង្កើនទំនុកចិត្ត ក្នុងការនិយាយនៅទីសាធារណៈ មិនខ្មាសអៀន ៤.ហ៊ានថា ហ៊ានធ្វើ និងហ៊ានទទួលខុសត្រូវ ៥.បង្កើនចំណេះដឹងទូទៅ និងការស្រាវជ្រាវ។
លោកក៏បានផ្តាំផ្ញើដល់ក្មួយៗទាំងអស់ ត្រូវខិតខំរៀនសូត្រ ដើម្បីបង្កើនចំណេះដឹងរបស់ខ្លួន ហើយនៅពេលបញ្ចប់ Level12 ផ្នែកភាសាអង់គ្លេស ត្រូវមានសមត្ថភាពគ្រប់គ្រាន់ទាំងការនិយាយ ការស្តាប់ ការអាន និងការសរសេរ ដើម្បីឈានទៅដល់ការប្រឡងតេស្តអន្តរជាតិ (TOEFL ឬ IELTS) ឲ្យបានពិន្ទុយ៉ាងតិច ៦.៥ឡើងទៅ សម្រាប់ដាក់ពាក្យសុំអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេស ដើម្បីក្លាយទៅជាអ្នកដឹកនាំល្អ និងជាទំពាំងស្នងឫស្សីដ៏ល្អក្នុងការអភិវឌ្ឍប្រទេសជាតិទៅថ្ងៃអនាគត។
ជាទីបញ្ចប់ លោក និងលោកស្រី ក៏បានប្រគល់មេដាយមាស មេដាយប្រាក់ មេដាយសំរិទ្ធ និងរង្វាន់លើកទឹកចិត្តជូនដល់សិស្សជយលាភី Level 3 Level 6 Level 9 និង Level 12 ចំនួន១២នាក់ផងដែរ ៕