(ភ្នំពេញ)៖ បន្ទាប់ពីចូលកាន់តំណែងជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ កាលពីខែមេសា ឆ្នាំ២០១៦កន្លងទៅនេះ លោក វេង សាខុន ក៏បានផ្តើមយុទ្ធនាការធ្វើកំណែទម្រង់របស់ខ្លួន ក្នុងនោះមន្រ្តីក្រសួងកសិកម្មជាច្រើនរូបចាប់ពីជាន់ទាប ដល់ជាន់ខ្ពស់ ក៏ត្រូវបានកែសម្រួលតួនាទីផងដែរ។ ការដាក់ចេញចំណាត់ការកែសម្រួលតួនាទីមន្រ្តីដើម្បីប្រសិទ្ធភាពការងារនេះ ធ្វើឲ្យមន្រ្តីចេញមក វាយប្រហារ និងរិះគន់លើចំណាត់ការរបស់លោក វេង សាខុន តាមបណ្តាញព័ត៌មាន ដោយចោទថា ការផ្លាស់ប្តូរបានធ្វើឡើង ដោយ មាននិន្នាការបក្ខពួកនិយម និង ក្រោមសំណូកផ្សេងជាដើម។
ប្រតិកម្មតបនឹងការលើកឡើងបែបនេះ លោករដ្ឋមន្រ្តី វេង សាខុន បានបញ្ជាក់ប្រាប់ Fresh News នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦ នេះថា ការធ្វើនយោបាយកំណែទម្រង់ ឲ្យបានល្អប្រសើរ និង ទទួលបានជោគជ័យ ទាមទារឲ្យមានការប្តូរឥរិយាបថ និង ផ្នត់គំនិតរបស់ មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ទាំងអស់ តាមរយៈការកែប្រែពីទម្លាប់ធម្មតា ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការជាក់ស្តែង នៃការរីកមច្រើន សង្គម និង សេដ្ឋកិច្ច។
ដើម្បីធ្វើឲ្យមានប្រសិទ្ធភាពលើកំណែទម្រង់ការងារនេះ ក៏ទាមទារឲ្យលុបបំបាត់ឲ្យខាងតែបាននូវភាពអសកម្មនានា ផ្តើមចេញពីចរិតការិ យាធិបតេយ្យ ភាពមិនប្រក្រតី នៃការអនុវត្តការងារ និងបង្កើតនូវអំពើឃុបឃិត កេងចំណេញសម្រាប់បុគ្គលខ្លួនឯង។ ជាពិសេសធ្វើឲ្យ មន្រ្តីគ្រប់រូបមានភាពសកម្ម និងមានភាពវៃឆ្លាតជាងមុនក្នុងការបំពេញភារកិច្ចរបស់ខ្លូន។
លោក វេង សុខុន បានបញ្ជាក់ថា «ការលើកឡើងមូលបង្កាច់បង្ខូចគ្មានការពិតមកក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ក្នុងចេតនា វាយប្រហារ បំផ្លាញកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ក្រសួង ដែលកំពុងខិតខំធ្វើកំណែទម្រង់រចនាសម្ព័ន្ធរបស់ក្រសួង ក៏ដូចជាលើកទឹក ចិត្តដល់មន្រ្តីរាជការនៅតាមអង្គភាពជំនាញនីមួយៗ។ និយាយរួមការដោះដូរនេះ គឺអនុវត្តចំពោះតែមន្រ្តីអសកម្មតែប៉ុណ្ណោះ។ ដូច្នេះសូម មន្រ្តីទាំងអស់រក្សាភាពស្ងប់ស្ងៀម»។
លោក វេង សាខុន បានឲ្យដឹងផងដែរថា លទ្ធផល នៃការធ្វើកំណែទម្រង់ក្នុងក្រសួង បានជះឥទ្ធិពលដល់មន្រ្តីអសកម្ម។ លោក វេង សា ខុន បានបន្តថា មន្រ្តីអាងអំណាចនៅពីក្រោយខ្នងជាបង្អែកទាំងនោះ បានកើតទុក្ខមិនសុខចិត្ត និង មិនទទួលស្គាល់កំហុសរបស់ខ្លួន បានខិតខំធ្វើព្យុះធ្វើភ្លៀងមិនចេះចប់មិនចេះហើយ ដែលជះឥទ្ធិពលអវិជ្ជមានដល់ការគ្រប់គ្រងរបស់ក្រសួង។ លើសពីនេះទៀត មន្រ្តី ដែលកើតទុក្ខមិនសុខចិត្តទាំងនោះ បានបង្កធ្វើឲ្យមានសតិអារម្មណ៍វឹកវរនៅស្រទាប់មន្រ្តីរាជការនៅក្នុងក្រសួងតាមរយៈបញ្ជូនសារថា ថ្ងៃ នេះដកមន្រ្តីនេះចេញ ដាក់មន្រ្តីនោះចូលជាដើមតាមរយៈការសូប៉ាន់ នៃការចូលកាន់តែំណែងក្នុងតម្លៃប៉ុណ្ណេះប៉ុណ្ណោះជាដើម៕