(ភ្នំពេញ)៖ អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា លោក គុណ ញឹម បានបញ្ជាក់ឲ្យដឹងថា ចំណូលពន្ធ និងអាករនៅក្នុង ឆមាសទី១ ឆ្នាំ២០១៦នេះ ប្រមូលបានជាង ៨៨៣លានដុល្លារអាមេរិក មានកំណើនលើសឆមាសទី១ ឆ្នាំ២០១៥ ចំនួន ១៩,៤ភាគរយ។ តែចំណូលនេះសម្រេចបានប្រមាណ ៥៥ភាគរយប៉ុណ្ណោះ នៃផែនការចំណូល ដែលបានកំណត់ក្នុងច្បាប់ហិរញ្ញវត្ថុឆ្នាំ២០១៦។
លោក គុណ ញឹម បានបញ្ជាក់ដូច្នេះ នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល ការងារគយ និងរដ្ឋាករប្រចាំឆមាសទី១ ឆ្នាំ២០១៦ នាព្រឹកថ្ងៃទី ១១ ខែកក្កដា ឆ្នាំ២០១៦នេះ។ កិច្ចប្រជុំបានធ្វើឡើង ក្រោមអធិបតីភាព លោកបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានការចូលរួមពីសំណាក់ថ្នាក់ ដឹកនាំក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ អគ្គនាយកដ្ឋានពន្ធដារ ព្រមទាំងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ នៃអគ្គនាយដ្ឋានគយ និង រដ្ឋាករកម្ពុជាផងដែរ។
លោក គុណ ញឹម បានបញ្ជាក់នៅក្នុងកិច្ចប្រជុំ នោះផងដែរថា ផែនការសកម្មភាពរបស់ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលបានរៀបចំឡើងដោយឈរលើ មូលដ្ឋានយុទ្ធសាស្ត្រ កៀរគរចំណូលរយៈពេលមធ្យម ២០១៤-២០១៨ របស់រាជរដ្ឋាភិបាល និងយុទ្ធសាស្ត្រកំណែទម្រង់ និងទំនើបកម្មរដ្ឋបាលគយកម្ពុជា២០១៤-២០១៨ ដែលក្នុងនោះ មានចង្កោមការងារគន្លឹះមួយចំនួនដូចជា៖ ពង្រឹងការគ្រប់គ្រងរដ្ឋបាល គយ អភិបាលកិច្ចល្អ និង វិន័យការងារ, កែលម្អការងារបច្ចេកទេសគយ និង គោលនយោបាយគយ, អនុវត្តវិធានការជំរុញអនុវត្តច្បាប់ (ទប់ស្កាត់និងបង្ក្រាបអំពើរត់គេចពន្ធ) និង កិច្ចសម្រួលពាណិជ្ជកម្ម កិច្ចការអន្តរជាតិ ការពិគ្រោះយោបល់ ជាមួយវិស័យឯកជន ការបណ្តុះបណ្តាលធនធានមនុស្ស និង ការអភិវឌ្ឍស្ថាប័ន។ល។
នាឱកាសនោះ លោកទេសរដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសំដែងអំណរ កោតសរសើរ និង វាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង ប្រកបដោយស្មារតី ទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំ និងមន្ត្រីគយ និង រដ្ឋាករគ្រប់រូប ដែលសម្រេចបានលទ្ធផលល្អប្រសើរកន្លងមក។
បន្ទាប់ពីបានជម្រាបជូនអំពីស្ថានភាពទូទៅ នៃសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចពិភពលោក លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីសារសំ ខាន់ នៃចំណូលពន្ធអាករ ដែលមានទំនាក់ទំនង ជាសារវន័្តជាមួយពាណិជ្ជកម្ម អន្តរជាតិ ព្រមទាំងបានទទួលស្គាល់ បញ្ហាប្រឈមនានា ដែលត្រូវពុះពារដោះស្រាយ ហើយដែលទាមទារឲ្យ មានការប្រឹងប្រែងបន្ថែមមទៀត ក្នុងការប្រមូលចំណូលឲ្យ កាន់តែប្រសើរជាងនេះ ស្របតាមសក្ដានុពលដែលមាន។
ជាមួយគ្នានេះ លោកទេសរដ្ឋមន្ត្រី ក៏បានបញ្ជាក់បន្ថែមពី ការយកចិត្តទុកដាក់ និងគាំទ្រពីសំណាក់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចំពោះអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែង ចូលរួមអនុវត្តយុទ្ធសាស្ត្រ គោលនយោបាយ និងកម្មវិធីកែទម្រង់ នានារបស់រាជរដ្ឋាភិបាល។
ដើម្បីបន្តជំរុញបន្ថែមទៀត ក្នុងការខិតខំកៀរគរចំណូលឲ្យ កាន់តែមានប្រសិទ្ធិភាព លោកទេសរដ្ឋមន្ត្រី ក៏បានក្រើនរំលឹក នូវប្រសាសន៍ ៥ ចំណុច ដែលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានណែនាំក្នុងពិធីបុណ្យ ខួបទី៦៥ នៃទិវាបង្កើតរដ្ឋបាលគយ និង រដ្ឋាករកម្ពុជាកាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦ កន្លងទៅថ្មីៗនេះ។
ដើម្បីជាការលើកទឹកចិត្ត ជូនដល់មន្រ្តីគយ និងរដ្ឋាករ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ច ដែលបានប្រគល់ ជូននាពេលកន្លងមក លោកទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានបំពាក់គ្រឿង ឥស្សរយយស លើកទឹកចិត្ត ដែលផ្តល់ដោយរាជរដ្ឋាភិបាល ជូនដល់មន្ត្រីគយមានស្នាដៃល្អ មួយចំនួនផងដែរ៕