(ភ្នំពេញ)៖ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គបម) នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦នេះ បានចេញសេចក្ដីថ្លែង ការណ៍មួយ ជុំវិញការស្លាប់របស់លោក កែម ឡី ដោយបាន កោតសរសើរ នូវស្នាដៃដែលលោក បានបន្សល់ទុក ហើយចាត់ទុកលោក កែម ឡី ជាវីរជនសេរីភាព នៃការបញ្ចេញមតិម្នាក់ ក្នុងប្រទេសកម្ពុជា។
សេចក្ដីថ្លែងការណ៍របស់ គ.ប.ម បានបង្ហាញពីការជឿជាក់ថា «យើងជឿជាក់ថាការលះបង់របស់លោកបណ្ឌិត កែម ឡី នឹងជំរុញឱ្យប្រជាពលរដ្ឋទាំងអស់ ជាពិសេសយុវជន និងបញ្ញាវន្តហ៊ានចេញមុខបន្តសកម្មភាព ប្រកបដោយវីរភាពដូចនេះ ទៅមុខទៀតដោយក្ដីក្លាហាន។ លើសពីនេះ គ.ប.ម ក៏បានចាត់ទុកសេរីភាពនៃការបញ្ចេញមតិ ជាធាតុសំខាន់ដែលមិនអាចខ្វះបាន ក្នុងការកសាងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស»។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ របស់គណបក្សមួយនេះ ដែលអង្គភាព Fresh News ទទួលបាននៅល្ងាច ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦នេះ។
ក្នុងនាមអ្នកគាំទ្រ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានកោតសរសើរដល់ វីរភាពរបស់លោក កែម ឡី ដែលបានត្រួសត្រាយផ្លូវក្នុងការបញ្ចេញមតិ ប្រកបដោយក្ដីក្លាហាន ផងដែរ៕