(ភ្នំពេញ)៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀន រាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣នេះ បានផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀនប្រជាពលរដ្ឋដែលប្រេីប្រាស់មធ្យោបាយដឹកអ្នកដំណេីររបស់សាលារាជធានីភ្នំពេញទាំងអស់នឹងទទួលបានខិត្តបណ្ណផ្តល់ចំណេះដឹងពីផលប៉ះពាល់ និងគ្រោះថ្នាក់នៃគ្រឿងញៀន ជាការពញ្ញាក់អារម្មណ៍ដាស់តឿន និងបង្កេីនការចូលរួមឱ្យបានសកម្មក្នុងកាងារប្រយុទ្ធប្រឆាំងគ្រឿងញៀន។
គណៈកម្មាធិកាត្រួតពិនិត្យគ្រឿងញៀន រាជធានីភ្នំពេញ បានឱ្យដឹងថា ក្រុមការងាររបស់យេីងដែលបម្រេីការងារដឹកជញ្ជូនបងប្អូនពីរាជធានីភ្នំពេញ ទៅលេងស្រុកកំណេីតជួបជុំគ្រួសារនាឱកាសបុណ្យបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនេះ បានឆ្លៀតចូលរួមចែកនូវខិត្តបណ្ណប្រឆាំងគ្រឿងញៀន ជូនដល់ប្រជាពលរដ្ឋយេីងដេីម្បីទទួលបានចំណេះដឹងពីផលលំបាក និងបញ្ហាផ្សេងៗដែលពាក់ព័ន្ធនឹងគ្រឿងញៀន។
ថ្លែងក្នុងនាម នាយឧត្តមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការ, ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបន្ថែមថា អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សហការជាមួយគណកម្មាធីកាត្រួតពិនិត្យគ្រឿងញៀនរាជធានីភ្នំពេញ ផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀន ដល់ប្រជាពលរដ្ឋយេីងនៅពេលនេះ គឺដេីម្បីជាទុនបន្ថែមដល់បងប្អូនយេីងទាំងអស់ការពារខ្លួនឯង និងផ្សព្វផ្សាយបន្តដល់ក្រុមគ្រួសារ និងមនុស្សជាទីស្រឡាញ់កុំឱ្យទៅពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀនគ្រប់ប្រភេទនាំមហន្តរាយដល់ខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។
ក្នុងនាម នាយឧត្ដមសេនីយ៍ មាស វិរិទ្ធ ឧត្តមសេនីយ៍ឯក លឹម តុងហួត បានថ្លែងអំណរគុណដល់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបានផ្តល់គាំទ្រសកម្មភាពផ្សព្វផ្សាយនេះ, លោក សុខ វឿន ប្រធានអគ្គនាយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិល ស៊ី ដែលតែងតែសហការផលិតផ្តល់ខិត្តប័ណ្ណប្រឆាំងគ្រឿងញៀន ហើយអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបន្តគាំទ្រផ្តល់ជូនដល់លេខាធិការដ្ឋានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានី-ខេត្ត សម្រាប់ផ្សព្វផ្សាយក្នុងឱកាសបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ និងកម្មវិធីជួបជុំផ្សេងៗក្នុងមូលដ្ឋានរាជធានី-ខេត្ត៕