(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ទៅចូលរួមកិច្ចប្រជុំកំពូល អាស៊ី-អឺរ៉ុប លើកទី១១ ដែលរៀបចំធ្វើនៅទីក្រុង អ៊ូឡង់បាទ័រ ប្រទេសម៉ុងហ្គោលី នៅថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៦។
គណៈប្រតិភូអមដំណើរនាយករដ្ឋមន្រ្តី រួមមានលោក ប្រាក់ សុខុន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការ ព្រមទាំងសមាជិក រាជរដ្ឋាភិបាលកម្ពុជា ជាច្រើននាក់ទៀត។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការចុះផ្សាយថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦នេះ។ នៅក្នុងកិច្ចប្រជុំខាងលើនេះ សម្តេចតេជោ ហ៊ុន សែន នឹងថ្លែងសុន្ទរកថា នៅក្នុងសម័យប្រជុំពេញអង្ គរបស់កិច្ចប្រជុំកំពូល អាស៊ី-អឺរ៉ុប លើប្រធានបទ«ការតភ្ជាប់ផ្នែកទន់»។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការ បានបញ្ជាក់ទៀតថា កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១១ នឹងពិភាក្សាលើបញ្ហាសំខាន់ៗជាច្រើនរួមមាន ការវាយតម្លៃលើបទពិសោធន៍របស់ ASEM ក្នុងរយៈពេល២០ឆ្នាំកន្លងមកនេះ ការកសាងការតភ្ជាប់ផ្នែករឹង និងទន់រវាងអាស៊ី-អឺរ៉ុប ទិសដៅអនាគត របស់ ASEM បំរែបំរួលអាកាសធាតុ ការកាត់បន្ថយ និងការគ្រប់គ្រងហានិភ័យគ្រោះធម្មជាតិ សន្តិសុខថាមពល សន្តិសុខស្បៀង ការគ្រប់គ្រងទឹក ព្រមទាំងបញ្ហាតំបន់ និងអន្តរជាតិ។ កិច្ចប្រជុំខាងលើនេះ ក៏គ្រោងនឹងអនុម័ត លើឯកសារស្តីពីលទ្ធផលនៃកិច្ចប្រជុំខាងលើ សេចក្តីប្រកាសអ៊ូឡង់បាទ័រ និងសេចក្តីថ្លែងការណ៍របស់ប្រធានអង្គប្រជុំ។ ក្រៅពីកិច្ចប្រជុំ សម្តេចតេជោ ហ៊ុន សែន នឹងជួបទ្វេភាគីជាមួយ លោក លី ខឺឈាង នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាមានិតចិន លោក ស៊ឺន ហ្សូអាបេ នាយករដ្ឋមន្រ្តីជប៉ុន និងលោកស្រី ប៉ាក គឿនហេ ប្រធានាធិបតីសាធារណរដ្ឋកូរ៉េផងដែរ៕