(កណ្តាល)៖ ព្រះគ្រូធម្មបាលមុនី បៃ ភក្រ្តា នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ បានរៀបចំកម្មវិធីសង្ក្រាន្តក្រុងអរិយក្សត ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ដែលមានទីស្ថិតនៅ ព្រះចៅអធិកាវត្ត ខ្នោការ សង្កាត់បារុង ក្រុងអរិយក្សត្រ ខេត្តកណ្តាល។

សង្ក្រាន្តឆ្នាំថ្មីនេះ ដោយមានការអញ្ជើញចូលរួមពី ព្រះគ្រូអនុគណស្រុកល្វាឯម និងលោក ចាន់ តារ៉ា និងភរិយា អាជ្ញាធរក្រុង លោកនាយករដ្ឋបាលក្រុង មន្ត្រីរាជការ លោកចៅសង្កាត់ លោកមេភូមិ លោកគ្រូ អ្នកគ្រូ យុវជន ស.ស.យ.ក លោកតា លោកយាយ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

ព្រះចៅអធិកាវត្ត ខ្នោការព្រះគ្រូធម្មបាលមុនី បៃ ភក្រ្តា មានសង្ឃដីការប្រាប់បណ្ដាញ Fresh News យ៉ាងដូច្នេះថា នេះជាលើកទីមួយហើយដែលបានប្រារព្ធពិធីធំបែបនេះ រីឯរាល់ឆ្នាំបានធ្វើដែលតែតូចជាងនេះ ហើយប្រារព្ធនៅថ្ងៃចូលឆ្នាំតែម្តង។

ព្រះគ្រូចៅអធិការមានសង្ឃដីការបន្តថា សម្រាប់កម្មវិធីនេះ ធ្វើឡើងក្នុងគោលបំណងចង់ឲ្យញាតិញោមពុទ្ធិបរិសាធ ជនាញនុជន យុវជន ប្រុសស្រី ជាច្រើនពិសេសវ័យកណ្តាលឲ្យគាត់បានចូលរួមទស្សនានូវការសម្ដែងសិល្បៈរបាំត្រុដិ របាំបុរាណផ្សេងៗ សម្តែង គុណបុក្ខតោ ការលេងល្បែងប្រជាប្រិយជាតិ «ទាញព្រ័ត្រ បោះអង្គញ់ វាយក្អម ចោលឈូង លាក់កន្សែង ចាប់កូនខ្លែង ដណ្តើមស្លឹកឈើ និងល្បែងប្រជាប្រិយជាតិផ្សេងទៀត។ ក្រោមម្លប់សន្តិភាព ដែលមិនអាចកាត់ថ្លៃបាន ដែលបានសម្តេចតេជោនាយករដ្ឋមន្ត្រី បានយកជីវិតធ្វើជាដើមទុន ខិតខំតស៊ូគ្រប់បែបយ៉ាងរហូតឈានទៅ សម្រេចបានជោគជ័យទាំងស្រុងនូវការអនុវត្តនយោបាយ ឈ្នះ-ឈ្នះ និងកិច្ចអភិវឌ្ឍព្រះគ្រូចៅអធិការក៏ បានគោរពជូនពរសម្តេច តេជា ហ៊ុនសែនិងសម្តេចកិតិ្តព្រឹត្តបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមទទួលបានសុខភាពល្អបរិបូរណ៍ជានិច្ចដើម្បីអភិវឌ្ឍប្រទេសនៃមាតុភូមិនៃយើង។

សូមជម្រាបដែរថា ជាទូទៅមិនថានៅក្នុងទីវត្តអារាម ឬរមណីយដ្ឋាន និងទីសាធារណៈផ្សេងៗនោះទេ គេសង្កេតឃើញថា ពិធីនេះតែងតែត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំមិនថាទីក្រុង ទីប្រជុំជន ឬកន្លែងកំសាន្តនានាឡើយ៕