Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ស្នងការ​ខេត្តព្រះសីហនុ ទទួលអូប័រ​ ល្បឿនលឿន​ ១គ្រឿង ឧកញ៉ា ទៀ វិចិត្រ សម្រាប់​ថែរក្សា​សន្តិសុខ​ និង​ជួយ​ប្រជាជន​

11-07-2016 18:24

(ព្រះសីហនុ)៖ ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ នៅរសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦នេះ បានទទួលការឧបត្ថម្ភនូវ អូប័រល្បឿនលឿន១គ្រឿងឧកញ៉ា ទៀ វិចិត្រ ប្រធានក្រុមហ៊ុន G.T.V.C. Speed boat សម្រាប់ប្រើប្រាស់ ក្នុងកិច្ចប្រតិបត្តិការ ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងជាមធ្យោបាយ សម្រាប់ជួយសង្គ្រោះ ប្រជាពលរដ្ឋ ពេលមានគ្រោះអាសន្ន។

សម្រាប់ការចូលរួមឧបត្ថម្ភ នូវអូប័រមួយគ្រឿងនេះ លោកឧត្តមសេនីយ៍ស្នងការ បានថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅបំផុត ចំពោះលោកឧកញ៉ា ទៀ វិចិត្រ ដែលបានចូលរួម បរិច្ចាគថវិកាច្រើនសន្ធឹកសន្ធាប់ ទិញដ៏អូប័រមានតម្លៃនេះជូនដល់ នគរបាលរបស់លោក លើប្រតិបត្តិការរក្សាសន្តិសុខជូន ប្រជាពលរដ្ឋនៅតាមផ្លូវទឹក។

លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា សម្រាប់អូប័រនេះ លោកនឹងធ្វើការប្រគល់ ជូនកម្លាំងនគរបាល ប៉ុស្តិ៍រដ្ឋបាលសង្កាត់កោះរ៉ុង ដើម្បីប្រើប្រាស់បម្រើប្រជាពលរដ្ឋឲ្យចំគោលដៅ គឺទី១-ល្បាតការពារសន្តិសុខ សុវត្ថិភាព ជូន  ភ្ញៀវទេសចរណ៍ និងទី២-ជាមធ្យោបាយជួយសង្គ្រោះជនរងគ្រោះពេលមានគ្រោះថ្នាក់ផ្សេងៗ នៅលើផ្ទៃសមុទ្រ និងទី៣-សម្រាប់ដឹកជញ្ជូនអ្នកជម្ងឺ និងស្ត្រីត្រូវសំរាលកូន ដែលត្រូវការសង្គ្រោះបន្ទាន់ មកកាន់មន្ទីរពេទ្យបង្អែកខេត្ត៕