(ភ្នំពេញ)៖ បុរសដ៏កំសត់ម្នាក់ដែល មានជីវភាពក្រីក្រតោកយាក ហើយជាអកុសលប្រពន្ធ គាត់ក៏ត្រូវស្លាប់ចោលទៀត និងបានរៀបចំ បុណ្យសពទាំងត្រតាបត្រដួស ប៉ុន្តែអ្វីដែលហួសចិត្ត ជាងនេះទៅទៀតនោះ ពេលយកសពប្រពន្ធទៅបូជានៅ វត្តគោកបញ្ជាន់ ស្ថិតក្នុងភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ស្រាប់តែតាអាចារ្យ និងភ្លុកខ្មោច បែរជាមិនអនុញ្ញាតឲ្យបុរសកំសត់នេះ ប្រមូលធាតុ (ឆ្អឹង) ប្រពន្ធរបស់ខ្លួនឡើយ ដោយសារគាត់គ្មានប្រាក់ ចំនួន ៣០ម៉ឺនរៀល សម្រាប់ឱ្យតាអាចារ្យគ្រប់ចំនួន។
ហេតុការណ៍ហួសចិត្តខាងលើនេះ បានកើតឡើងនៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦ រហូតដល់ធ្វើឲ្យបុរសជាប្ដីសម្រក់ទឹកភ្នែក យំលើកដៃសំពះអង្វរតាអាចារ្យ ព្រមទាំងស្នើដល់ញាតិមិត្តជិតខាង ដើម្បីបានប្រាក់ជួយឧបត្ថម្ភដល់រូបគាត់ យកទៅឲ្យតាអាចារ្យ យកធាតុមកតម្កល់ និងយកទៅបណ្តែតទឹកតាមទន្លេ។
ករណីដ៏កួរឱ្យអាណិតអាសូរនេះ ក៏បានលេចឮដល់លោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យទាំងថ្ងៃ ដោយលោកអធិការមានសណ្តានចិត្តសប្បុរសធម៌ ហើយលោកបានចេញមុខមកធានាអះអាងជាមួយតាអាចារ្យ ក្នុងការចេញលុយឲ្យ និងបានឲ្យបុរសនោះប្រមូលធាតុយកទៅរៀបចំទុកដាក់តាមប្រពៃណី។
ជាមួយគ្នានេះ លោក យឹម សារ៉ាន់ ក៏បានចុះទៅកាន់ទីនោះផ្ទាល់ និងបានជួយឧបត្ថម្ភថវិកាចំនួន៨០ម៉ឺនរៀល ជូនដល់បុរសជាប្ដី ដើម្បីចាត់ចែងទូទាត់ក្នុងការរៀបចំបុណ្យសព។
សូមរម្លឹកថា ស្ត្រីជាប្រពន្ធដែលបានស្លាប់នោះ ជាជនពិការជើងទាំង២ ដើរមិនរួច និងមានជំងឺលើសឈាមទៀត ក្រោយមកក៏បានស្លាប់ដែលស្ថិតក្នុងជីវភាពក្រខ្សត់ ប្ដីរបស់គាត់ក៏បានរៀបចំចាត់ចែងធ្វើបុណ្យតាមប្រពៃណី ដោយខ្វះមុខខ្វះក្រោយ សូម្បីតែការបូជា និងថ្លៃមឈូសក៏គ្មានប្រាក់បង់ឲ្យតាអាចារ្យ ទើបកើតទៅជារឿងបែបនេះ។
បន្ទាប់ពីទទួលបានការជួយឧបត្ថម្ភ រួចមក បុរសជាប្ដី និងញាតិជិតខាង បានសម្ដែងនូវការដឹងគុណចំពោះ ការជួយឧបត្ថម្ភពីលោកអធិការនគរបាល ខណ្ឌពោធិ៍សែនជ័យ ហើយជាចុងក្រោយ លោកអធិការសន្យាជួយផ្តល់ថវិកា ជូនដល់កូនស្រីរបស់សព ដែលជិតគ្រប់ខែឆ្លងទន្លេ នៅខែក្រោយទៀតផង៕